មកដឹង​ប្រវត្តិ និងការតស៊ូលើវិថីសិល្បៈរបស់ រឿន ណាត ទម្រាំជោគជ័យខ្លាំងដូចសព្វថ្ងៃ

ជាការពិតណាស់ បុគ្គលម្នាក់ៗរមែងហែលឆ្លងកាត់បទពិសោធន៍ និងឧបសគ្គជីវិតច្រើនរាប់មិនអស់ ទម្រាំអាចសាងបានកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញឱ្យគេឯងបានស្គាល់។ តួយ៉ាងដូចកញ្ញា រឿន ណាត ជាដើម ទម្រាំនាងបានក្លាយជាតារាជួរមុខដ៏មានប្រិយភាពក្នុងវិស័យសិល្បៈខ្មែរដូចបច្ចុប្បន្ន គឺមិនមែនជារឿងចៃដន្យឡើយ។ អត្ថបទមួយនេះ AMS នឹងធ្វើការបើកបង្ហាញឱ្យដឹងប្រវត្តិ និងការតស៊ូលើវិថីសិល្បៈរបស់ រឿន ណាត ទម្រាំនាងសាងបានភាពជោគជ័យខ្លាំងដូចសព្វថ្ងៃ។

កញ្ញា រឿន ណាត មានស្រុកកំណើតនៅត្រសងដងទន្លេមេគង្គលើទឹកដីខេត្តកំពង់ចាម នាងជាកូនស្រីពៅក្នុងគ្រួសារ ក្នុងចំណោមបងប្អូនបីនាក់ដែលសុទ្ធសឹងជាមនុស្សស្រី និងមានម្តាយតែម្នាក់ជាបង្គោលក្នុងគ្រួសារ។ នាងជាកូនស្រីពៅក្នុងគ្រួសារ ប៉ុន្តែចាប់តាំងពីដឹងក្តីមក នាងបានក្លាយជាអ្នករាប់រងបន្ទុកគ្រួសារ។ ក្នុងវ័យ១៣ឆ្នាំ រឿន ណាត បានវេចស្ពាយភាពយុវវ័យរបស់ខ្លួនឡើងមកទីក្រុងភ្នំពេញ ដើម្បីតាមចាប់ក្តីស្រមៃ។ 

ព្រោះជីវភាព យុវតី រឿន ណាត ត្រូវរៀនផងធ្វើការផង ធ្វើឱ្យនាងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់សិក្សាដូចគេឯងនោះទេ ដូច្នេះទើបនាងរៀនចប់ត្រឹមថ្នាក់ទី១២ តែប៉ុណ្ណោះ នៅវិទ្យាល័យទូលទំពូង។

ដំណើរជីវិតរសាត់អណ្តែតទៅរឿយៗ រុញច្រានឲ្យយុវតីរូបនេះមកដល់វិថីសិល្បៈ តាមរយៈការអូសទាញពីមិត្តភ័ក្តិ។ ព្រោះភាពអង់អាចក្លាហានរបស់នាង បានជំរុញឱ្យ រឿន ណាត បោះជំហានលើឆាកការប្រកួតសម្រស់ដ៏ធំលំដាប់ប្រទេស គឺកម្មវិធីកញ្ញាឯកច្រកវាលកម្ពុជានៅក្នុងឆ្នាំ២០១៨ (Miss Universe Cambodia 2018) ទាំងគ្មានការគាំទ្រពីសមាជិកគ្រួសារណាម្នាក់ឡើយ។

ឈរលើជំហរក្តីស្រមៃយ៉ាងរឹងមាំ រឿន ណាត បានជម្នះរាល់ការលើកឡើងរបស់ក្រុមគ្រួសារ ហើយឈ្មុលទៅរកគោលដៅ ដែលមានតាំងពីកុមារភាព គឺការក្លាយជាជយលាភីជាបវរកញ្ញាម្នាក់តំណាងឱ្យជាតិកម្ពុជាលើឆាកការប្រកួតអន្តរជាតិ។ ដោយភាពមុះមុតក្លាហានអង់អាច នាងក្រមុំរូបនេះ ពិតជាអាចធ្វើបាន ដោយដណ្តើមបានមកុដកញ្ញាឯកកម្ពុជា២០១៨ តាមក្តីស្រមៃប្រាកដមែន លុបបាត់ការលើកឡើងរបស់ក្រុមគ្រួសារដែលជាមន្ទិលក្នុងចិត្តតាំងពីយូរ។

រឿន ណាត បានសម្រេចជោគជ័យលើឆាកកម្រាលព្រំក្រហម ក្នុងថ្ងៃកំណើត គឺថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ហើយថ្ងៃនោះក៏ជាថ្ងៃដំបូងដែលអ្នកម្តាយរបស់នាងទទួលដំណឹងជយលាភីរបស់នាង បន្ទាប់ពីនាងបានបិទបាំងរឿងប្រកួតនេះអស់រយៈពេលជាយូរខែ។

ជាច្រើនខែក្រោយទទួលបានតំណែងជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ នាងត្រូវហាត់ពត់លុតដំខ្លួនពីបុគ្គលល្បីៗក្នុងវិស័យម៉ូដែលកាន់តែខ្លាំងឡើង រហូតពេលខ្លះដំណក់ទឹកភ្នែកនាងបានរមៀលស្រក់ចុះកាត់ផែនថ្ពាល់ មិនដឹងខ្លួនថែមទៀតផង។ ជាក្មេងស្រីម្នាក់ ដែលរៀនសូត្រមិនបានជ្រៅជ្រះក៏ពិតមែន ប៉ុន្តែកញ្ញាឯកច្រកវាល២០១៨ រឿន ណាត បាននាំយកទង់ជាតិព្រះរាជាណាចក្រកម្ពុជា ជាមួយឆន្ទៈដ៏អង់អាច ទៅកាន់ឆាកការប្រកួតអន្តរជាតិ ដែលមានប្រទេសជាច្រើនជុំវិញពិភពលោកចូលរួមប្រកួត។

រឿន ណាត មិនទទួលបានជយលាភីក្នុងការប្រកួតនោះទេ ប៉ុន្តែភាពអង់អាចរបស់នាងបានបើកគ្របមុខឱ្យប្រទេសជាច្រើនបានដឹងថា កម្ពុជា កំពុងមានវត្តមានលើឆាកអន្តរជាតិដូចគេឯង។ មិនតែប៉ុណ្ណោះ នាងបានវិចបទពិសោធន៍ពីឆាតអន្តរជាតិជាច្រើនមកមាតុប្រទេសវិញ ដើម្បីចែកជាបទពិសោធន៍ដល់កញ្ញាឯកជំនាន់ក្រោយទៀតផង។

ត្បិតមិនទទួលបានជោគជ័យក៏ពិតមែន តែក្រោយវិលត្រលប់ពីការប្រកួតនៅប្រទេសថៃ វិញ ទីផ្សារការងារសិល្បៈរបស់ រឿន ណាត ផ្ទុះឡើងខ្លាំងស្ទើររកពេលសម្រាកគ្មាន ពោលការងារនាងឡើងទ្វេគុណច្រើនដងនៃទំហំការងារចាស់ដែលធ្លាប់ទទួលបានមុនពេលចេញទៅប្រកួត។ នាងចាប់ផ្តើមលេចមុខក្នុងឧស្សាហកម្មភាពយន្តកម្ពុជា ជាលើកដំបូងអំឡុងឆ្នាំ២០១៩។ ស្នាដៃរឿងទី១របស់នាងចំណងជើងថា «រឹងមាំ» ជាភាពយន្តជីវិត ផលិតដោយ Sastra Film។ 

មិនខុសពីអ្នកសិល្បៈដ៏ទៃទៀត រឿន ណាត ក៏បានជំពប់លើរឿងស្នេហាផងដែរ ដោយបានបើកចំហរឱ្យដឹងទំនាក់ទំនងស្នេហារវាងនាង និងកម្លោះសង្ហាអ្នកសិល្បៈដូចគ្នា គឺលោក ជូអ៊ី ថែមទាំងបានសាងស្នាដៃសម្ដែងរួមគ្នាក្នុងរឿង «មនុស្សពិត» ទៀតផង។ ស្នេហារបស់ស្រីស្អាតរូបនេះមិនគង់វង្សយូរអង្វែងនោះទេ មិនយូរប៉ុន្មានអ្នកទាំងពីរក៏បានចែកផ្លូវដើររៀងខ្លួន បន្សល់ត្រឹមអនុស្សាវរីយ៍ល្អៗពីអតីតកាលប៉ុណ្ណោះ។

ព្រោះសមត្ថភាព ទេពកោសល្យ និងដុងសិល្បៈពីកំណើតរបស់នាង ធ្វើឱ្យ រឿន ណាត ក្តោបបានទីផ្សារសិល្បៈយ៉ាងឆាប់រហ័ស តាមរយៈថតម៉ូដសម្អាងការ ការថតភាពយន្ត និងការថតផ្សព្វផ្សាយផលិតផលជាច្រើនទៀត។ ដោយឡែក សម្រាប់ឆ្នាំ២០២២នេះ នាងត្រូវបានគេដឹងថា មានយីអ៊ុនខ្លាំងជាមួយហាងពេជ្រក្នុងស្រុក ដោយទទួលថតស៉្បត និងថតម៉ូដឱ្យហាងពេជ្រល្បីៗស្ទើរគ្រប់ហាងទៅហើយ។ តាមការទម្លាយឱ្យដឹងពីសាម៉ីខ្លួន តម្លៃខ្លួននាពេលបច្ចុប្បន្នរបស់នាង ពិតជាកើនឡើងច្រើនដងនៃតម្លៃចាស់ តែតួលេខជាក់ច្បាស់យ៉ាងណានោះនាងសុំមិនបញ្ជាក់ឡើយ។ 

រយៈពេលចុងក្រោយនេះ ជីវភាពឯកជនរបស់ រឿន ណាត មានការប្រែប្រួលខ្លាំង ដោយនាងកាន់តែធូរធារ និងបានទិញអចលនទ្រព្យជាផ្ទះ និងដីជាច្រើនកន្លែង។ គេនៅចាំបានថា កាលពីប៉ុន្មានឆ្នាំមុន នាងធ្លាប់បង្ហើបឱ្យដឹងពីគម្រោងដែលគ្រោងត្រឡប់ចូលប្រកួតកម្មវិធីសម្រស់ម្តងទៀត ធ្វើឱ្យហ្វេនៗសប្បាយចិត្តជាខ្លាំង តែរហូតមកទល់ពេលនេះគេនៅមិនទាន់ឃើញនាងត្រឡប់មកតាមអ្វីធ្លាប់ប្រាប់នោះទេ ប៉ុន្តែនាងបែរលេចមុខជាគណៈកម្មការឱ្យកម្មវិធីប្រកួតសម្រស់ធំៗជំនួសវិញ ធ្វើឱ្យគ្រប់គ្នាស្រពិចស្រពិលថា តើនាងអាចនឹងចូលប្រកួតជាថ្មីទៀត ឬយ៉ាងណា? ឬនាងនឹងបញ្ចប់ងារបវរកញ្ញាត្រឹមងារជា Miss Universe Cambodia 2018 នេះ។

បើនិយាយពីសម្រស់របស់នាងវិញ ត្រូវគេមើលឃើញថា កាន់តែស្រស់ស្អាតខ្លាំងឡើងពីមួយទៅមួយថ្ងៃ ពិសេសគ្រប់ពេលចេញកម្មវិធីគឺនាងរមែងតែងខ្លួនស្អាតៗ ឈ្នះដាច់គេឯងតែម្តង៕