ថ្មីៗនេះសមាជិកក្រុមតារាចម្រៀងនារី Red Velvet គឺ Irene ត្រូវបានគេរាយការណ៍ថាសម្រេចចិត្តបន្ដដំណើរជាមួយផលិតកម្ម SM ដោយនេះបានបញ្ជាក់ពីទំនាក់ទំនងយ៉ាងជ្រាលជ្រៅរវាងក្រុមហ៊ុន និងសិល្បករ។

នាងបានបង្ហើបពីមូលហេតុនាំឱ្យនាងសម្រេចបន្ដកុងត្រាគឺដោយសារតែមានការគាំទ្រពីបុគ្គលិកក្នុងក្រុមហ៊ុនដែលតែងតែនៅក្បែរនាងចាប់តាំងពីនាងបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាតារាខេប៉ុប។ ទន្ទឹមនឹងនេះ នាងក៏ថ្លែងអំណរគុណដល់ក្រុមហ៊ុនផងដែរដែលបានបណ្ដុះបណ្ដាលនាងឱ្យក្លាយជាតារាខេប៉ុបល្បីរហូតមកដល់សព្វថ្ងៃ។


ជាពិសេស Irene ក៏ចង់បង្ហាញសកម្មភាពផ្សេងៗច្រើនទៀតរបស់នាងជាមួយសមាជិក Red Velvet ទាំងអស់ព្រមទាំងការដឹងគុណដល់អ្នកគាំទ្រដែលតែងតែផ្ដល់ក្ដីស្រឡាញ់ និងការគាំទ្រដល់ពួកនាងតាំងពីថ្ងៃចាប់ផ្ដើមដំបូងផងដែរ។ ជាមួយគ្នានេះ ផលិតកម្ម SM បានសង្កត់ធ្ងន់ពួកគេនឹងប្ដេជ្ញាចិត្តដោយបន្ថែមទំនុកចិត្ត ជំនឿចិត្ត និងជំរុញការសហការគ្នាជាមួយសិល្បករផងដែរ។

ទន្ទឹមនឹងនេះដែរ Irene រួមជាមួយសមាជិក Red Velvet ត្រូវបានគេរាយការណ៍ថាគ្រោងនឹងចូលរួមការប្រគុំតន្រ្ដី SMTOWN LIVE 2024 SMCU PALACE @tokyo ដែលនឹងធ្វើឡើងនៅ Tokyo Dome ប្រទេសជប៉ុននៅថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ។
គួរបញ្ជាក់ផងដែរ ក្រោយបញ្ចប់ការប្រគំតន្រ្តីទេសចរណ៍ ‘R to V’ world tour ក្នុងឆ្នាំ ២០២៣ ហើយពេលនេះក្រុមតារាចម្រៀងនារី Red Velvet មិនទាន់បានប្រកាសពីការវិលត្រលប់ ឬមានសកម្មភាពថ្មីណាមួយនោះទេ។ ប៉ុន្តែសម្រាប់កុងត្រាផ្ទាល់ខ្លួនវិញគឺមានតែសមាជិក Red Velvet ២ នាក់ប៉ុណ្ណោះគឺ Seulgi និង Irene ដែលបានសម្រេចចិត្តបន្ដកុងត្រាជាមួយផលិតកម្ម SM ៕


























Account
Security
Favourite Content