តារាស្រីហ្វីលីពីនដ៏ល្បីឈ្មោះ Marian Rivera ត្រូវបានទស្សនិកជន ឬអ្នកគាំទ្រនៅប្រទេសកម្ពុជាស្គាល់តាមរយៈរឿងភាគជាច្រើនដូចជា មារីម៉ា និង នាងមច្ឆា Dyesabell ជាដើម។ Marian Rivera ជាតារាម៉ូឌែល តារាចម្រៀង និងសម្ដែងស្រីដ៏ឆ្នើមម្នាក់ប្រចាំប្រទេសហ្វីលីពីន ជាពិសេសត្រូវបានមហាជនសរសើរថាជាតារាស្រីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតខ្លាំងមើលពីជ្រុងណាក៏មិនចេះជិនណាយ។ តែប៉ុន្មានឆ្នាំចុងក្រោយ រូបនាងបែរជាលែងសូវបង្ហាញមុខក្នុងរឿងភាគ ដោយភាគច្រើនឃើញតែប្រើប្រាស់បណ្ដាញសង្គមផុសពីរឿងផ្ទាល់ខ្លួនប៉ុណ្ណោះ។
តោះសប្ដាហ៍នេះមកដឹងពីប្រវត្ដិខ្លះៗ របស់តារាស្រី Marian Rivera និងមូលហេតុដែលធ្វើឱ្យនាងសុខចិត្តចោលការងារសិល្បៈជាច្រើនឆ្នាំមិនទទួលព្រមទទួលសម្ដែងរឿង៖
Marian Rivera មានឈ្មោះពិតថា Marian Rivera Gracia នាងជាកូនកាត់ អេស្ប៉ាញ និងហ្វីលីពីន។ នាងកើតនៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ១៩៨៤ នៅទីក្រុង Madrid ប្រទេស អេស៉្បាញ។ ម្ដាយឪពុករបស់ Rivera បានលែងលះគ្នាតាំងពីនាងមានអាយុ ៣ ឆ្នាំម្ល៉េះ ដោយសារតែម្ដាយឪពុកជាប់រវល់ធ្វើការរកប្រាក់នាងត្រូវបញ្ជូនទៅរស់នៅជាមួយជីដូននៅខេត្ត Cavite ប្រទេស ហ្វីលីពីន។ នាងបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ De La Salle-Dasmariñas ផ្នែកចិត្តវិទ្យា។ បន្ទាប់ពីនោះ នាងបានធ្វើការនៅស្ថាប័នពិគ្រោះផ្នែកផ្លូវចិត្តមួយនៅទីក្រុង Mandaluyong ប្រទេស ហ្វីលីពីន។
នាងចាប់ផ្ដើមអាជីពជាអ្នកសិល្បៈដំបូងបំផុតក្នុងឆ្នាំ ២០០៤ តាមរយៈការដើរបង្ហាញម៉ូត។ ក្រោយមករូបនាងត្រូវបានក្រុមហ៊ុនល្បីៗ ជាច្រើនក្នុងប្រទេសទាក់ទងទៅថតផ្សព្វផ្សាយពាណិជ្ជកម្មដូចជា ការផ្សាយផលិតផល Skin White Lotion នំស្រួយ និងផលិតផលអាហារសម្រន់នានា។ នាងបានបង្ហាញខ្លួនក្នុងភាពយន្ដកុនដំបូងនៅឆ្នាំ ២០០៥ ជាតួរាយរងក្នុងរឿង “Okay Ka, Fairy Ko!”។ ក្នុងឆ្នាំ ២០០៦ នាងបានចុះកុងត្រាជាមួយផលិតកម្ម Regal Entertainment ដែលធ្វើឱ្យនាងមានឱកាសសម្ដែងក្នុងរឿងបែបរន្ធត់ “Pamahiin”។ ឆ្នាំ ២០០៧ ជាឆ្នាំលាភសំណាងរបស់តារាស្រី Rivera ព្រោះនាងបានសម្ដែងក្នុងរឿងភាគដ៏ល្បីចំនួន ៣ គឺរឿង MuLi, Super Twins និង ម៉ារីម៉ា។ ក្នុងចំណោមនោះ រឿង ម៉ារីម៉ា ធ្វើឱ្យមហាជនជាច្រើនកាន់តែស្គាល់នាងច្រើនឡើង និងមានភាពល្បីល្បាញខ្លាំង។

ជាបន្ដបន្ទាប់រូបនាងកាន់តែមានឈ្មោះល្បីល្បាញព្រមទាំងបានលេចមុខក្នុងរឿងភាគជាច្រើនដូចជា នាងមច្ឆា Dyesebel, Darna, Endless Love, Amaya និង Super Ma’am។ ក្រៅពីសម្ដែងនាងក៏ជាតារាចម្រៀងម្នាក់ផងដែរ បទចម្រៀង “Sabay Sabay Tayo” បានធ្វើឱ្យនាងឈ្នះពានរង្វាន់ធំ Gold Award និង Platinun Record Award។ បច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់នាងត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៥ លានដុល្លារសហរដ្ឋអាមេរិក។ បើយោងតាមគេហទំព័រ Celebrity Net Worth។
ក្រឡេកទៅមើលជីវិតអាពាហ៍ពិពាហ៍វិញ តារាស្រី Marian Rivera បានរៀបការនៅចុងឆ្នាំ ២០១៤ ជាមួយតារាសម្ដែងប្រុសលោក DingDong Dantes ដែលលោកជាដៃគូសម្ដែងដ៏ឆ្នើមរបស់នាងចាប់តាំងពីឆ្នាំ ២០០៧។ អ្នកទាំងពីរទទួលបានចំណងដៃកូនចំនួនពីរនាក់គឺស្រីមួយ ប្រុសមួយ។ រហូតដល់ឆ្នាំ ២០១៧ ជាពេលវេលាមួយដែលតារាស្រី Marian Rivera ចាប់ផ្ដើមចោលការងារសិល្បៈ និងលែងបង្ហាញមុខក្នុងរឿងនានារហូតដល់ដើមឆ្នាំ ២០២៣។ មកដឹងពីមូលហេតុមួយចំនួនដែលធ្វើឱ្យនាងលែងសូវចូលរួមសម្ដែងក្នុងរឿងដូចកាលពីមុន។
តារាស្រី Marian Rivera ធ្លាប់បានលើកឡើងក្នុងបទសម្ភាសន៍ថា៖ មូលហេតុចម្បងធំមួយដែលធ្វើឱ្យនាងខកខានសម្ដែងរឿង និងចោលការងារមួយចំនួនក្នុងសិល្បៈគឺគ្រួសារ។ ដោយសាររូបនាងមានកូនតូចៗ ដល់ទៅ ២ ខណៈពួកគេត្រូវការការមើលថែទាំយ៉ាងដិតដល់ពីឪពុកម្ដាយ ប្រសិនបើនាងទទួលការងារសម្ដែងរឿង នាងនឹងគ្មានពេលវេលាសម្រាប់នៅក្បែរមើលថែទាំពួកគេ។ នាងមិនចង់ឱ្យកូនរបស់ខ្លួនចំណាយពេលជាមួយប្រាក់ និងបច្ចេកវិទ្យាទំនើបគ្មានភាពកក់ក្ដៅឡើយ។
នាងបានបន្ថែមថា៖ នាងបានច្រានចោលឱកាសសម្ដែងជាច្រើនទាំងក្នុង និងក្រៅប្រទេស ដោយសារចង់ផ្ដោតលើគ្រួសារព្រមទាំងថែទាំពួកគេឱ្យបានល្អ។ ជាក់ស្ដែង Marian Rivera បានចោលឱកាសសម្ដែងនៅប្រទេសកូរ៉េខាងត្បូងដោយសារក្រុមការងារតម្រូវឱ្យនាងទៅរស់នៅទីនោះប្រមាណជា ៣ ខែ។
នាងបន្ដថា៖ សម្រាប់នាងទោះជាឱកាសមាស ឱកាសប្រាក់ប៉ុណ្ណា វាមិនស្មើនឹងកូនតូចជាទីស្រឡាញ់របស់នាង និងស្វាមីឡើយ។ មែនទែនទៅ ធ្វើជាម្ដាយម្នាក់មិនអាចព្រោះតែចង់បំពេញបំណងខ្លួនឯង ហើយទុកកូនចោលដោយមិនអើពើនោះទេ។ នាងចង់ចំណាយពេលវេលានៅក្បែរកូន និងមើលឃើញកូនៗ ធំធាត់ដោយផ្ទាល់ភ្នែករបស់ខ្លួន។ ម៉្យាងវិញទៀតដោយដោយសារនាងធំធាត់ក្នុងគ្រួសារមិនសូវពេញលេញទើបនាងចង់ឱ្យកូនៗ ទទួលបានការថែទាំយ៉ាងល្អមួយ។
សម្រាប់មូលហេតុមួយផ្សេងៗទៀតធ្វើឱ្យនាងចោលការងារគឺដោយសារការរីករាលដាលជម្ងឺកូវីដ ១៩ ធ្វើឱ្យនាងមិនចង់ទទួលការងារអ្វីឡើយ សូម្បីតែការងារតូចៗ។ នាងបានបញ្ជាក់ថា៖ ក្នុងផ្ទះនាងមានកូនតូចដល់ទៅ ២ វាពិតជាមានហានិភ័យខ្ពស់បើនាងចេញទៅធ្វើការហើយនាំជម្ងឺត្រឡប់ចូលមកផ្ទះវិញ។ កំឡុងពេលកូវីដ ១៩ នេះដែរ ធ្វើឱ្យនាងចំណាយពេលបានកាន់តែច្រើនជាមួយគ្រួសារនៅឯផ្ទះ។
រហូតដល់ចុងឆ្នាំ ២០២១ តារាស្រីវ័យ ៣៩ ឆ្នាំរូបនេះធ្លាប់បានទម្លាយពីអារម្មណ៍របស់ខ្លួនថា៖ នាងហាក់នឹកនាការសម្ដែង និងចង់វិលត្រឡប់ចូលមកសិល្បៈវិញទៅសម្ដែងរឿងនានា។ មិនតែប៉ុណ្ណោះនាងក៏បានលើកឡើងថា ប្រសិនបើអាចនាងចង់សហការជាមួយស្វាមីនាងម្ដងទៀត ឬតារាសម្ដែងនៅក្រៅប្រទេសដើម្បីដោះដូរបទពិសោធន៍គ្នាទៅវិញទៅមកផងដែរ។ តែយ៉ាងណាមិញ បើមានឱកាសហើយពេលវេលាមិនសមស្រប ឬនាងត្រូវនៅថែទាំកូនៗ និងគ្រួសារ នាងនៅតែសម្រេចចិត្តយកគ្រួសារជាសំខាន់ដដែល៕

























































Account
Security
Favourite Content