ភាពយន្តហូលីវូដដ៏ល្បីល្បាញលំដាប់ពិភពលោក រឿង “Avatar វិថីមហាសាគរ” បានកំពុងជិតចាក់បញ្ចាំងតាមរោងភាពយន្តទំនើបទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី ២២ ធ្នូ ២០២២ ខាងមុខនេះ។ ដោយសាររឿងនេះមានភាពល្បីល្បាញខ្លាំង កន្លងមកគេរមែងឃើញសិល្បករល្បីៗតុបតែងខ្លួនតាមតួអង្គក្នុងរឿងនោះ។ ថ្មីៗនេះសិល្បករខ្មែរ ២ រូប ហ៊ានលះបង់ចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួន ដើម្បីធ្វើរឿងបែបនេះណាស់។

តាមរយៈវីដេអូជាង ២នាទី រចនា រ៉ាវ៉ាឌី ឱ្យដឹងថា ការដែលតុបតែងខ្លួនតាមតួអង្គរឿងអាវតា ហើយមានរំលេចដោយក្បាច់គ្រឿងខ្មែរ គឺដោយសារកន្លងមក នាង និងព្រីន ធ្លាប់ស្រមៃថា ប្រសិនតួអង្គអាវតាស្លៀកសម្លៀកបំពាក់ខ្មែរ អភិរក្សគ្រឿងក្បាច់ខ្មែរក្នុងទម្រង់កែច្នៃមិនដឹងល្អប៉ុណ្ណាទេ ទើបសម្រេចចិត្តតុបតែងបែបនេះទៅ។


ការតុបតែងខ្លួនតាមតួអង្គក្នុងរឿង Avatar វិថីមហាសាគរ របស់ រចនា រ៉ាវ៉ាឌី និង ព្រីន ចំណាយរយៈពេលគូសជាង ៦ ម៉ោង ពីអ្នកផាត់មុខបែប Effect វ័យក្មេង វ៉ាត វ៉ាន់។ បន្ទាប់ពីគូស និងតុបតែងរួច អ្នកផាត់មុខវ័យក្មេងនេះហៅឈ្មោះឈុតនេះថា អាវតា Avatar ជា Version ខ្មែរបុរាណ (Avatar in Ancient Khmer Version)។

គេនៅចាំបានថា កាលពីអំឡុងឆ្នាំ ២០២១ អ្នកផាត់មុខបែប Effect វ័យក្មេង វ៉ាត វ៉ាន់ ធ្លាប់តុបតែងខ្លួនឱ្យ ប្រាសាទ ដាវីន តាមតួអង្គក្នុងរឿង Avatar ម្តងរួចមកហើយ និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីមហាជន។ ចំណែក លើកនេះក៏មិនខុសពីលើកមុន លោកទទួលការកោតសរសើរ និងការស្ងប់ស្ងែងយ៉ាងខ្លាំងពីមហាជនអ្នកប្រើប្រាស់លើបណ្តាញសង្គម ចំពោះស្នាដៃគូសនិងតុបតែងឱ្យតារាសម្តែងល្បីឈ្មោះទាំង ២ រូប៕

វ៉ាត វ៉ាន់ ជាអ្នកផាត់មុខដ៏មានទេពកោសល្យម្នាក់ ពិសេសការផាត់មុខបែប Effect ផ្សេងៗ។ លោកធ្លាប់បានចូលរួមរៀនវគ្គសិក្សារយៈពេលខ្លីជាមួយ អ្នកនាង ឌូ ពុធម៉ូលីតា ហៅ Apple Love ជាកូនខ្មែរម្នាក់ដែលកំពុងធ្វើការជាអ្នក Make up ក្នុងវិស័យភាពយន្តកម្រិត Hollywood ដើម្បីពង្រឹង និងពង្រីកជំនាញ Make up Effect នៅកម្ពុជា ជាក់ស្តែង ក្រោយពេលរៀនចប់ លោកបានយកចំណេះជំនាញនេះទៅប្រើប្រាស់ក្នុងវិស័យភាពយន្តខ្មែរ ធ្វើឱ្យតួអង្គមើលទៅកាន់តែរស់រវើក។ ជាញឹកញាប់លោករមែងតុបតែងខ្លួនប្លែកៗក្នុងកម្មវិធីផ្សេង បង្ហាញពីទេពកោសល្យ និងចំណេះជំនាញដែលលោកមាន៕






















































Account
Security
Favourite Content