ស្របពេលដែលរឿង Snow White ឬព្រះនាងព្រិលស ក្នុងទម្រង់មនុស្សសម្ដែងកាន់តែជិតដល់ថ្ងៃចាក់បញ្ចាំងនៅក្នុងរោងកុន តារាហូលីវូដ Rachel Zegler បានឆ្លើយតបទៅនឹងការរិះគន់របស់សាធារណជននៅពេលកន្លងមកថា នាងមិនអាចធ្វើអ្វីបាននោះទេ ក្រៅពីព្យាយាមកសាងស្នាដៃឱ្យអស់ពីសមត្ថភាព។

កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ទស្សនាវដ្តី Vogue Mexico បានចេញផ្សាយនូវអត្ថបទកិច្ចសម្ភាសន៍ផ្ដាច់មុខ ជាមួយនឹង Rachel Zegler ទាក់ទិននឹងមតិអវិជ្ជមានដែលមហាជនមានចំពោះតារាស្រីរូបនេះ ជាពិសេសគឺលើរឿង Snow White តែម្ដង។
សូមរំឭកពីដើមហេតុដំបូងថា ភាពយន្តរឿងព្រះនាងព្រិលស ទម្រង់មនុស្សសម្ដែងនេះ ទទួលរងមតិមិនពេញចិត្តច្រើនពីទស្សនិកជន ដោយហេតុថា ការជ្រើសរើសតួសម្ដែង ហាក់ប្រាសចាកពីទម្រង់ដើមច្រើនយ៉ាងគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង សាធារណជនបានបង្ហាញការខកចិត្ត ដែលផលិតកម្ម Disney បានជ្រើសរើស Rachel Zegler ឱ្យមកសម្ដែងជាតួអង្គសំខាន់មួយនេះ ដោយសារតែនាងជាមនុស្សដែលមានសម្បុរស្រអែម បែបឡាទីន ដែលខុសដាច់ពីតួព្រះនាងព្រិលស ដែលអ្នកនិពន្ធបានសរសេរបញ្ជាក់ច្បាស់ៗថា ព្រះនាងអង្គនេះមានសម្បុរសដូចទៅនឹងព្រិល។
ក៏ប៉ុន្តែ អ្វីដែលធ្វើឱ្យទស្សនិកកាន់តែមិនពេញចិត្តនឹង Rachel Zegler កាន់តែខ្លាំងនោះ ក៏ព្រោះតែ នាងបានបញ្ចេញមតិរិះគន់ទៅលើសាច់រឿងដើម ដែលផលិតតាំងតែពីឆ្នាំ ១៩៣៧ នាំឱ្យអ្នកគាំទ្រគំនូរជីវចលមួយនេះ ជាច្រើនរូបមានការខឹងសម្បា និងយល់ថានាងមិនផ្ដល់តម្លៃដល់ម្ចាស់ស្នាដៃដើម។ ជាក់ស្ដែង តារាស្រីវ័យ ២៣ឆ្នាំរូបនេះ បាននិយាយថា ភាពយន្តដើមជាភាពយន្តដែលមានសាច់រឿងចាស់គំរិល ឯតួព្រះអង្គវិញ ក៏ព្យាយាមតាមដានតួស្រីដូចមនុស្សចម្លែកដែរ។


ឆ្លើយតបតាមរយៈ Vogue Mexico តារាពហុជំនាញរូបនេះបានរៀបរាប់ថា៖ “ខ្ញុំយល់ឃើញថា ការរិះគន់របស់មហាជនទៅលើរឿងនេះ ដោយសារតែពួកគេមានក្ដីស្រឡាញ់ទៅលើវា។ អ៊ីចឹងហើយ វាជាកិត្តិយសណាស់ដែលបានក្លាយជាផ្នែកមួយ ក្នុងអ្វីដែលមហាជនស្រឡាញ់”។
ស្របពេលដែលមិនអាចកែប្រែអ្វីបាន Rachel Zegler បាននិយាយបន្តថា៖ “យើងមិនអាចនឹងមានអារម្មណ៍ដូចអ្នកជុំវិញខ្លួនរហូតទេ ហើយអ្វីដែលយើងអាចធ្វើបាន គឺធ្វើវាឱ្យល្អបំផុត”។

យ៉ាងណាមិញ ទាក់ទងនឹងបញ្ហាពណ៌សម្បុរដែលធ្លាប់កើតមានម្ដងហើយ កាលពីពេលដែលសិល្បករស្បែកខ្មៅ Halle Bailey សម្ដែងនៅក្នុងរឿង Little Mermaid កាលពីឆ្នាំ ២០២៣ Rachel Zegler បានប្រាប់ថា នាងយល់ពីរឿងនេះច្បាស់ និងយល់ឃើញថា វាជាបទពិសោធន៍ដ៏ល្អមួយសម្រាប់នាង នៅពេលដែលបានឃើញកុមារជនជាតិស្បែកខ្មៅ មើលរឿង Little Mermaid។
គួរបញ្ជាក់ផងដែរថា រឿង ព្រះនាងព្រិលស ឬ Snow White ក្នុងទម្រង់មនុស្សសម្ដែងមួយនេះ នឹងចូលរោងកុនក្នុងសហរដ្ឋអាមេរិក នៅថ្ងៃទី២១ ខែមីនាខាងមុខនេះ។ ក្រៅពី Rachel Zegler ដែលសម្ដែងជាតួព្រះនាងព្រិលស តួសំខាន់ផ្សេងទៀត ដូចជា តួម្ចាស់ក្សត្រី នឹងនាំសម្ដែងដោយ Gal Gadot ស្របពេលដែល Andrew Burnap និងសម្ដែងជាតួព្រះអង្គម្ចាស់៕

























Account
Security
Favourite Content