កាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ អង្គការសិល្បៈខ្មែរអមតៈ បានប្រារព្ធរៀបចំកម្មវិធីធំៗ ២ ក្នុងថ្ងៃតែមួយ រួមមាន សន្និសីទសារព័ត៌មានអំពី «មហោស្រព ៧ ពណ៌» និងការប្រកាស ជយលាភីអមតៈ ឆ្នាំ ២០២៣ នៅបរិវេណ Factory Phnom Penh ជាទីបណ្តុំដោយស្នាដៃសិល្បៈរបស់សិល្បករជាតិ-អន្តរជាតិ។

សន្និសីទសារព័ត៌មាន «មហោស្រព ៧ ពណ៌» ដែលរចនាកម្មវិធីដោយយុវជន ៤ រូបមានសាវតារផ្សេងៗគ្នា ដើម្បីតំណាងសំឡេងយុវជន ត្រូវបានរៀបចំឡើងនៅវេលាម៉ោង ២:៣០ ដល់ ៣:៣០ នាទីរសៀល។ នេះជាលើកទីមួយហើយ ដែលសិល្បៈខ្មែរអមតៈ បើកឱកាសឱ្យយុវជនដែលធ្លាប់ស្ម័គ្រចិត្តបម្រើការងារសង្គម និងពុំធ្លាប់មានបទពិសោធន៍ក្នុងសិល្បៈ អាចទទួលបានបទពិសោធដោយផ្ទាល់ដោយប្រើប្រាស់ភាពច្នៃប្រតិដ្ឋរបស់ខ្លួនក្នុងការរចនាកម្មវិធីមហោស្រពសិល្បៈមួយ ដែលរំលេចពីចំណង់ចំណូលចិត្ត និងចក្ខុវិស័យរបស់ពួកគេចំពោះសង្គម។
លោក សុង សេង អ្នកសម្របសម្រួលកម្មវិធីបានឲ្យដឹងថា «ខ្ញុំកត់សម្គាល់ឃើញថា អ្នករចនាមហោស្រពយើងបានរចនាកម្មវិធីដ៏គួរឱ្យចាប់ចិត្ត ព្រោះមានកម្មវិធីសិល្បៈដ៏សម្បូរបែបដែលរំលេចពីស្ថានភាពយុវជនបច្ចុប្បន្ន និងអ្វីដែលយុវជនសម្លឹងចង់ឃើញនាពេលអនាគត។ ខ្ញុំយល់ថា នេះជាមូលហេតុដែលធ្វើឱ្យមហោស្រពនេះមានលក្ខណៈសមស្របសម្រាប់យុវជន ក៏ដូចជាសារធារណៈជនមកចូលរួម ព្រោះពួកគេនឹងមិនត្រឹមតែទទួលបានការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឈ្វេងយល់អំពីវឌ្ឍនភាព និងទំនាក់ទំនងដែលមិនអាចខ្វះបានរវាងសិល្បៈ និងសង្គមផងដែរ»។ លោករំពឹងថា ពេលមហោស្រពមួយនេះបានបញ្ចប់ទៅ យុវជនដែលមកចូលរួមមហោស្រពអាចទទួលចំណេះដឹងបន្ថែមអំពីតួនាទីរបស់ខ្លួន ដើម្បីចូលរួមជ្រោមជ្រែងវិស័យសិល្បៈទៅតាមសក្តានុពលរបស់ខ្លួន។

លោក ឃឿន កំសត់ យុវជនហាត់ការមកពីខេត្តរតនៈគិរី បានលើកឡើងថា ការរចនាកម្មវិធីមហោស្រពសិល្បៈជាបទពិសោធន៍លើកទីមួយសម្រាប់លោក ហើយវាបានធ្វើឱ្យលោកមានភាពស្និទ្ធស្នាលជាមួយសិល្បៈជាច្រើនទម្រង់ ដូចជាបុរាណ សម័យ និងសហសម័យ ដែលលោកមិនធ្លាប់ស្គាល់ ឬឃើញពីមុនមក។
លោកលើកឡើងថា «ក្រុមហាត់ការយើងបានច្របាច់គំនិតផ្សេងៗបញ្ចូលគ្នា ដោយផ្អែកលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួនទាក់ទងនឹងបញ្ហាបរិស្ថាន សិទ្ធិមនុស្ស ផ្លូវចិត្តយុវជន ជនជាតិដើមភាគតិច និងរឿងផ្សេងៗទៀត រួចយើងជជែករកចំណុចស្នូលមួយ ដើម្បីបង្ហាញនូវផ្ទាំងទស្សនីយភាពសម្រាប់យុវជនផ្សេងទៀត ឱ្យងាកមកចាប់អារម្មណ៍ប្រើប្រាស់សិល្បៈដើម្បីភ្ជាប់ខ្លួនទៅនឹងសង្គមរបស់យើង។ ដូច្នេះ ខ្ញុំគិតថា យុវជនគួរចាប់យកឱកាសនេះដើម្បីពិសោធខ្លួនជាមួយសិល្បៈចម្រុះ និងក្រេបយកចំណេះដឹងពីសិក្ខាសាលា ក៏ដូចជារីករាយនឹងកម្មវិធីកម្សាន្តផ្សេងៗទៀតដែលមាននៅក្នុងមហោស្រព»។

បន្ថែមពីលើការលើកឡើងខាងលើ កញ្ញា អ៊ុក លីគួយយូ យុវជនហាត់ការម្នាក់ទៀតបានរំឭកឡើងថា នាងមានចំណាប់អារម្មណ៍ច្រើនជាងមុនទៅលើសិល្បៈ ជាពិសេសភាពយន្តឯកសារ និងទម្រង់សិល្បៈបុរាណ ក៏ដូចជាការគ្រប់គ្រងកម្មវិធី ដែលសុទ្ធតែជាបទពិសោធន៍ថ្មីសន្លាងសម្រាប់នាង។
គួយយូ បន្ថែមថា «នេះជាឱកាសដ៏ពិសេសមួយសម្រាប់យុវជនក្នុងការទទួលបានបទពិសោធន៍ថ្មី និងជាឱកាសដើម្បីឈ្វេងយល់អំពីស្នាដៃសិល្បៈដ៏រស់រវើករបស់សិល្បករកម្ពុជា តាមរយៈការទស្សនាការសម្តែងសិល្បៈចម្រុះ ការជួបជាមួយសិល្បករ និងតន្ត្រីករដ៏មានទេពកោសល្យ។ តាមរយៈការចូលរួមក្នុងមហោស្រពសិល្បៈ ខ្ញុំយល់ថាយុវជនអាចប្រើប្រាស់សិល្បៈ ដើម្បីបង្កើតការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសង្គម និងសហគមន៍ដែលពួកគេរស់នៅ ក៏ដូចជាប្រើប្រាស់សិល្បៈជាមធ្យោបាយផ្សះផ្សារផ្លូវចិត្តពួកគេផងដែរ»។

«មហោស្រព ៧ ពណ៌» ជាកន្លែងដ៏ពិសេសមួយសម្រាប់យុវជនចូលរួមក្នុងការផ្សព្វផ្សាយ និងលើកស្ទួយវិស័យសិល្បៈខ្លួន ថែមទាំងមានឱកាសប្រើសិទ្ធិសេរីភាព ដើម្បីបង្ហាញអំពីខ្លួនពួកគេដោយបើកចំហរ។ មហោស្រពនេះ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃ ៨ ដល់ ១០ ខែធ្នូ ឆ្នាំ ២០២៣ ដើម្បីផ្សារភ្ជាប់យុវជនទៅនឹងសង្គម តាមរយៈការបង្ហាញស្នាដៃសិល្បៈ កិច្ចពិភាក្សា ការចែករំលែកចំណេះដឹងនិងបទពិសោធន៍ទៅកាន់យុវជន ក្នុងគោលបំណងលើកកម្ពស់ភាពចម្រុះ និងបរិយាបន្នសង្គមប្រកបដោយភាពច្នៃប្រតិដ្ឋ។


ចំណែក «ជ័យលាភីអមតៈ ឆ្នាំ២០២៣» វិញនោះ ត្រូវបានរៀបចំឡើងចាប់ពីម៉ោង ៥:៣០ នាទី ដល់ ៨:០០ នាទីយប់ ប៉ុន្តែមុនកម្មវិធីនេះចាប់ផ្តើម សិល្បៈខ្មែរអមតៈក៏មានរៀបចំវេទិកាពិភាក្សាស្តីពី «បទពិសោធនៃដំណើរការរៀនសូត្រ និងការចែករំលែកលទ្ធផលរង្វាយតំលៃជាបឋមនៃមូលនិធិរុងរឿង» ដល់សហគមន៍សិល្បៈផងដែរ ហើយវាគ្មិននៃវេទិកានេះជាអ្នកទទួលបានមូលនិធិរុងរឿងពីសិល្បៈខ្មែរអមតៈ។
សម្រាប់ «ជ័យលាភីអមតៈ ឆ្នាំ ២០២៣» មាន ២២ រូប មានសាវតា និងប្រភពផ្សេងៗគ្នាដូចជា សិល្បករ អ្នករៀបចំកម្មវិធី និងសិស្សានុសិស្សកំពុងសិក្សាតាមទីតាំងផ្សេងៗគ្នា។ ក្នុងនោះ អ្នកហាត់ការការរចនាកម្មវិធីមហោស្រព (Festival Inters) ៤រូប , អ្នកទទួលបានមូលនិធិ «ជឿនលឿន» (Springboard Grantees) ២រូប , អ្នកទទួលបានមូលនិធិ «ដាំដុះ» សម្រាប់គម្រោង Dam Dos Project Grantees ៦រូប និង សិស្សអាហារូបការណ៍សិល្បៈអមតៈ អាន ចន ផន (Arn Chorn-Pond Living Arts Scholarship Students) ១០រូប។








សូមជម្រាបផងដែរថា អង្គការសិល្បៈខ្មែរអមតៈ បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៨ ដោយលោក អាន ចនផន ដែលជាតន្រ្តីកររស់រានពីសម័យខ្មែរក្រហម។ បច្ចុប្បន្នអង្គការនេះមានបេសកកម្ម ដើរតួជាកត្តាជំរុញនៅក្នុងវិស័យសិល្បៈដ៏រស់រវើក ញ៉ាំងចិត្តអ្នកជំនាន់ថ្មី។
បន្ទាប់ពីរយៈពេលជិតបីទសវត្សរ៍ ក្នុងការស្តារបានដោយជោគជ័យនូវទម្រង់សិល្បៈដែលស្ទើរតែបាត់បង់, ការកសាងនិរន្តរភាព, ការគាំទ្រមនុស្សវ័យក្មេងជំនាន់ក្រោយក្នុងវិស័យសិល្បៈ, ការបង្កើតឱកាសការងារ, ការចូលរួមផ្លាស់ប្រែប្រព័ន្ធតាមរយៈការតស៊ូមតិលើគោលនយោបាយវប្បធម៌ និងការកសាងទស្សនិកជនថ្មីសម្រាប់វិស័យសិល្បៈ, បច្ចុប្បន្នសិល្បៈខ្មែរអមតៈបានវិវត្ត ការងាររបស់ខ្លួនដោយផ្តោតលើការពង្រឹងភាពច្នៃប្រតិដ្ឋ និងអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធសិល្បៈមួយឱ្យមានភាពរឹងមាំតាមរយៈការផ្តល់មូលនិធិផ្សេងៗនិងការឧបត្ថម្ភដំឡើងស្នាដៃថ្មី។ តួយ៉ាង ឆ្នាំនេះជាខួប ២៥ ឆ្នាំ ដែលអង្គការសិល្បៈខ្មែរអមតៈ បានធ្វើការយ៉ាងសកម្មក្នុងវិស័យសិល្បៈវប្បធម៌។
កម្មវិធី «ជ័យលាភីអមតៈ ឆ្នាំ២០២៣» និងសន្និសីទសារព័ត៌មាន «មហោស្រព ៧ ពណ៌» អាចដំណើរការទៅបានដោយបានការគាំទ្រពីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ ស៊ុយអ៊ែត (SIDA) និង Eric & Debra៕




















































Account
Security
Favourite Content