គ្រាន់តែបានឃើញភ្លាមធ្វើឱ្យនឹកឃើញដល់អតីតកាលហូបបាយជួបជុំគ្នាកាលរៀនថ្នាក់បឋម ខណៈសាលាមួយក្នុងខេត្តសៀមរាបបានបានរៀបចំចម្អិនអាហារជូនសិស្សបរិភោគជាប្រចាំរាល់ថ្ងៃនៅក្នុងសាលា។
ដោយមានការចូលរួមពីសំណាក់អាណាព្យាបាលរបស់សិស្ស និងមានការរៀបចំគាំទ្រពីខាងសាលាដែលរួមមានលោកនាយកសាលា និងលោកគ្រូអ្នកគ្រូក៏ដូចជាអង្កមួយចំនួនផងដែរនោះ សាលាបឋមសិក្សាប្រាសាទគោល បានរៀបចំអាហារពេលព្រឹកជូនសិស្សានុសិស្សជាប្រចាំថ្ងៃដោយមានរួមបញ្ចូលអាហារបន្ថែមក្នុង១សប្ដាហ៍ម្ដងផងដែរ។ ការផ្ដល់អាហារូបត្ថម្ភប្រចាំថ្ងៃជូនកូនសិស្សតូចៗជាការចូលរួមដ៏ល្អបំផុតក្នុងការផ្ដល់នូវតុល្យភាពអាហារបង្ការបាននូវជំងឺដែលបណ្ដាលមកពីកត្តាកង្វះខាត ឬការហូបអាហារដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេ។ ជាក់ស្ដែងតាមរយៈការបង្ហោះនៅក្នុងផេកសាលាបានបង្ហាញពីទិដ្ឋភាពកុមារតូចៗជាច្រើននាក់ទទួលបានអាហារូបត្ថម្ភដែលខាងសាលាផ្ដល់ឱ្យជាមួយទឹកមុខសប្បាយរីករាយ។
ក្រោយបានឃើញសាលាបឋមសិក្សាប្រាសាទគោលបានរៀបចំក៏ដូចជាផ្ដល់តម្រូវការចំណីអាហារជូនដល់កុមារតូចក៏មានជាការខមិនលើកទឹកចិត្តដល់កិច្ចខំប្រឹងប្រែងក៏ដូចជាមានចូលរួមជាថវិកាបន្តិចបន្តួចដើម្បីកុមារតូចៗ បានហូបឆ្អែតគ្រប់គ្នាផងដែរ។
គួរបញ្ជាក់ដែរថាសាលាបឋមខាងលើមិនត្រឹមតែមានកម្មវិធីផ្ដល់ជូនអាហារជូនកូនសិស្សនោះទេប៉ុន្តែសាលាគំរូមួយនេះតែងរៀបចំកម្មវិធីជួយកូនសិស្សក្នុងការបំប៉នបន្ថែមលើការសិក្សាក៏ដូចជាបង្រៀនសិស្សពីការដាំដុះបន្លែដោយខ្លួនឯងផងដែរ។ សាលាបឋមសិក្សាប្រាសាទគោល មានទីតាំងស្ថិតនៅភូមិខ្វាវ ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប៕