កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ តារាម៉ូដែលល្បីឈ្មោះ Lee Hyun Yi បានបង្ហាញខ្លួននៅក្នុងកម្មវិធី Radio Star របស់ MBC ព្រមទាំងបង្ហើបថាខ្លួនបានជួបប្រទះបញ្ហាមួយធ្វើឱ្យសាច់ដុំមុខមិនប្រក្រតីអំឡុងពេលថតកម្មវិធី Kick A Goal កាលពីប៉ុន្មានខែមុនទៀតផង។



កាលនោះតារាម៉ូដែលរូបនេះបាននិយាយថាដំបូងឡើយនាងធ្វើមិនបានល្អនោះទេ ប៉ុន្តែក្រោយតាំងចិត្តហាត់សមយូរទៅសមត្ថភាពរបស់នាងក៏ចាប់ផ្ដើមប្រសើរជាងមុន។ ដោយសារនាងមានអាយុច្រើនព្រមទាំងមានកាលវិភាគមមាញឹកផង ដូចនេះហើយនាងអាចហ្វឹកហាត់បានត្រឹម ២ ដងក្នុងមួយថ្ងៃជាមួយក្រុម បន្ទាប់មកហាត់ដោយខ្លួនឯង។ ប៉ុន្តែប្រសិនបើនាងចង់បានកាន់តែល្អជាងនេះ នាងបានគិតថានឹងត្រូវហាត់ ៦ ម៉ោងក្នុងមួយថ្ងៃ។

តារាម៉ូដែល Lee Hyun Yi ក៏បានបន្ថែមថាអំឡុងពេលថតផ្ទៃមុខខាងស្ដាំរបស់នាងបានប៉ះទង្គិចជាមួយក្បាលកីឡាករផ្សេងទៀតបណ្ដាលឱ្យរងរបួស។ បីសប្ដាហ៍ក្រោយនាងមានអារម្មណ៍ថាសាច់ដុំមុខរបស់នាងចាប់ផ្ដើមមានបញ្ហា ទើបនាងសម្រេចចិត្តទៅមន្ទីរពេទ្យ។ ក្រោយពិនិត្យរួចរាល់ គ្រូពេទ្យក៏បានប្រាប់នាងថាមុខរបស់នាងមិនអីនោះទេដោយឆ្អឹងមុខមិនបានប៉ះពាល់ធ្ងន់ធ្ងរ ឬបាក់ឡើយ ពោលគឺនៅពេលដែលស្រកហើមនោះ មុខរបស់នាងនឹងវិលត្រលប់មកជាធម្មតាវិញហើយ។ កាលនោះបើទោះបីជាពេលនេះមុខរបស់នាងវិលមកធម្មតា និងប្រសើរឡើងវិញហើយ ក៏ពេលខ្លះមុខនាងមិនមានអារម្មណ៍អ្វីដែរ។ យ៉ាងណាមិញ កន្លែងដែលនាងធ្លាប់រងរបួសនោះក៏បន្សល់ទុកបញ្ហាបន្តិចបន្តួចផងដែរ។


គួរបញ្ជាក់ផងដែរថា Kick A Goal គឺជាកម្មវិធីកម្សាន្ដមួយរបស់ស្ថានីយទូរទស្សន៍ SBS ដែលអញ្ជើញតារាស្រីល្បីៗមកលេងបាល់ទាត់។ បច្ចុប្បន្នកម្មវិធីនេះបានក្លាយទៅជាកម្មវិធីដែលទទួលបានការគាំទ្រសន្ធឹកសន្ធាប់ក្នុងចំណោមកម្មវិធីជាច្រើនពីប្រជាជនកូរ៉េខាងត្បូង ជាពិសេសអាចទាក់ទាញចិត្តស្រីជនជាតិកូរ៉េឱ្យមកចាប់អារម្មណ៍លើកីឡាទាត់បាល់ផងដែរ ៕























Account
Security
Favourite Content