អ្នកស្នេហាវិស័យបវរកញ្ញាពិតជ្រាបច្បាស់ហើយថា ពេលនេះជាសមរភូមិដ៏ក្តៅគគុករបស់បេក្ខភាពផ្លូវការទាំង ២៥ រូប ឆ្ពោះទៅការដណ្តើមមកុដ Miss Grand Cambodia 2023 ដែលមានតម្លៃដល់ទៅ ២៧ ម៉ឺនដុល្លារ។ ជយលាភី Miss Grand Cambodia 2023 នឹងមកជំនួសតំណែង ពេជ្រ វត្តីសារ៉ាវឌ្ឍី ហើក៏មានភារៈកិច្ចតំណាងជាតិកម្ពុជាទៅប្រកួតកម្មវិធីMiss Grand International 2023 នៅវៀតណាម នាពេលខាងមុខនេះដែរ។

ខណៈការប្រកួតកំពុងដំណើរការយ៉ាងសស្រាក់សស្រាំ ស្រាប់តែអ្នកប្រើប្រាស់ Tik Tok ម្នាក់បានចោតជាសំនួរទៅកាន់ Miss Grand Cambodia 2022 ថា ឆ្នាំនេះ «queen គិតថានរណាអាចបន្តតំណែងពី queen?»
ភ្លាមៗនោះ វត្តី បានឆ្លើយតបថា ទាំង ២៥ នាក់ គឺអាចមានឱកាសទាំងអស់ ព្រោះមើលទៅបេក្ខភាពមានសមត្ថភាពដូចៗគ្នា ប៉ុន្តែអ្វីដែលសំខាន់គឺនៅថ្ងៃប្រកួត Preliminary និង final ថា នរណាដែលចេះធ្វើឱ្យខ្លួនឯងផ្ទុះខ្លាំង និងអាចទាក់ទាញចិត្តមនុស្សគ្រប់គ្នា។ Grand ពេលនេះគេត្រូវការអ្នកដែលបន្តការងារបាន អ្នកដែលមានអាជីពអាចបន្តឈ្មោះ និង license Grand ទៅមុនទៀតបាន នៅពេលដែលយើងចូលជាគ្រួសារគេ។ ជារួម គឺគេត្រូវមនុស្សដែលពូកែ entertain មនុស្សឱ្យគេសប្បាយ គេត្រូវការភាពសប្បាយពីធម្មជាតិរបស់យើង។

ការរៀបរាប់ខាងលើរបស់ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី អាចជាជំនួយបន្ថែមសម្រាប់បេក្ខភាពប្រកួតទាំង ២៥ រូប ដែលកំពុត្រៀមប្រកួតដណ្តើមមកុដ Miss Grand Cambodia 2023 នៅអំឡុងតែសីហាខាងមុខនេះ។

សូមជម្រាបថា បច្ចុប្បន្នបេក្ខភាពផ្លូវការទាំង ២៥ រូប កំពុងហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមជាមួយគ្រូជំនាញរៀបចំដោយស្ថាប័ន Miss Grand Cambodia 2023 របស់អ្នកស្រី អ៊ឹម សុគន្ធា។ ប្រាប់ចំពោះមុខអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកកាលពីពេលថ្មីៗនេះ អ្នកស្រី អ៊ឹម សុគន្ធា បានលើកឡើងថា ការចំណាយលើការប្រកួតឆ្នាំនេះពិតជាច្រើនមែនទែន ប្រសិនបើអ្នកស្រីរៀបចំឱ្យកាន់តែធំ ខ្ទង់ចំណាយអាចលោតឡើងដល់កន្លះលានដុល្លារក៏អាចថាបាន។ អ្នកស្រីហ៊ានអះអាងថា ការប្រកួត Miss Grand Cambodia 2023 មានរឿងភ្ញាក់ផ្អើលច្រើន តែសុំមិនទម្លាយឱ្យដឹងពេលនេះឡើយ ទុកឱ្យឃើញពេលប្រកួតតែម្តង។
អ្នកស្រីសុំមិនប្រៀបធៀបរវាង Miss Grand Cambodia ឆ្នាំមុន និងឆ្នាំនេះ តែប្រាប់បានថា ការរៀបចំឆ្នាំនេះគឺថ្មីប្លែកអស្ចារ្យ ធ្វើបែបណាឱ្យទាក់ចិត្តទាក់ភ្នែកទស្សនិកជន។ ម្ចាស់ស្ថាប័ន Miss Grand Cambodia 2023 សង្ឃឹមថា ពុកម៉ែបងប្អូននឹងរង់ចាំមើលភាពអស្ចារ្យនៃការប្រកួត Miss Grand Cambodia 2023 ទាំងអស់គ្នា ព្រោះកម្មវីធីមានរឿង surprise ច្រើនណាស់៕

























Account
Security
Favourite Content