កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចាកឆ្ងាយពីប្រទេសកម្ពុជាច្រើនខែមកហើយ ពោលគឺចាប់តាំងពីពេលដែលនាងចេញទៅប្រកួតកម្មវិធី Miss Grand International 2022 នៅប្រទេសឥណ្ឌូណេស៊ី កាលពីដើមខែតុលា ឆ្នាំ ២០២២ មកម៉្លេះ។ បន្ទាប់ពីជាប់តំណែងជយលាភី 5th Runner up Miss Grand International វត្តី បានបន្តដំណើរទៅប្រទេសថៃ ដើម្បីបំពេញភារកិច្ចផ្សេងៗជាមួយ Miss Grand International 2022 និងជយលាភីលំដាប់រងផ្សេងៗទៀតនៅទីនោះ។ នាងទទួលបានការកោតសរសើរយ៉ាងខ្លាំងក្លា ថែមទាំងមាន Fan Club ថៃ ចាំតាមដានគ្រប់សកម្មភាពរបស់នាងថែមទៀតផង។
ខណៈ ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងមានប្រជាប្រិយភាពនៅប្រទេសថៃ ហើយមិនទាន់វិលមកកម្ពុជាវិញ ធ្វើឱ្យអ្នកគាំទ្រកម្ពុជានឹករលឹកនាងជាពន់ពេក និងទន្ទឹងរង់ចាំមើលតែថ្ងៃដែលនាងប្រកាសវិលមកកម្ពុជាវិញ។
ថ្មីៗនេះទំព័រហ្វេសប៊ុកផ្លូវការរបស់តារាសម្តែង លីប៊ែរ សិល្បករជិតស្និទ្ធរបស់ វត្តី បានបង្ហោះឡើងថា «ក្ដៅៗហ៊ុយៗ… ទទួលបានដំណឹងថាចែតី នឹងវិលមកប្រទេសកម្ពុជាវិញជាលើកដំបូងបន្ទាប់ពីទទួលបានតំណែង នៅដើមខែមករា ឆ្នាំ 2023 នេះហើយ ត្រៀមៗ…… Welcome back Pich Votey Saravody Official» ចំណែក សាមីខ្លួនក៏បានចែករំលែកការបង្ហោះនោះ ដោយភ្ជាប់ជាមួយពាក្យថា «សូមស្គាល់មុខអ្នកមកទទួលតិចមក» បញ្ជាក់ឱ្យឃើញច្បាស់ៗថា ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងវិលមកកម្ពុជាវិញនៅដើមខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ។ បន្ថែមលើពីនេះកាន់តែច្បាស់នោះ គឺ ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ ពេជ្រ វត្តី បានប្រកាសថា ត្រឡប់មកកម្ពុជា នៅថ្ងៃទី ២ ខែមករា ឆ្នាំ២០២៣ ។ នៅវេលាម៉ោង6:25នាទីល្ងាច នាងនឹងធ្វើការហោះហើរចាកចេញពីទីក្រុងបាងកក អាកាសយាន្តដ្ឋានអន្តរជាតិសុវណ្ណភូមិ មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមកដល់វេលាម៉ោង 7:35នាទីយប់។
តាមការបង្ហើបពីប្រភពជិតដិតរបស់ វត្តី នាងនឹងមកបំពេញការងារជាច្រើននៅកម្ពុជា រួមទាំងការងារមួយចំនួនលើកិច្ចសន្យា និងកុងត្រាផ្សេងៗ ហើយក៏មានគម្រោងជួប អ្នកជំនួញធំៗមួយចំនួន ពិសេសជាងគេគឺនាងនឹងមកជួប លោកស្រី អ៊ឹម សុគន្ធា ដែលទើបនឹងទិញសិទ្ធិកម្មវិធី Miss Grand Cambodia 2023 បន្តពី លោកអុិន សុភិន ដើម្បីនិយាយការងារផ្សេងៗផងដែរ។
គេជឿជាក់ថា អ្នកគាំទ្រកម្ពុជាយ៉ាងច្រើនសន្ធឹកនឹងរង់ចាំទទួលដំណើរវិលត្រឡប់មកមាតុប្រទេសវិញរបស់ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅបរិវេណព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ យ៉ាងណាមិញ ពេលនេះគេនៅមិនទាន់ដឹងថាបវរកញ្ញារាងខ្ពស់ស្រឡះនេះនឹងវិលមកកម្ពុជានៅថ្ងៃណានោះទេ ព្រោះកាលបរិច្ឆេទជាក់លាក់នៅមិនទាន់ប្រកាសឡើងនៅឡើយ៕
























Account
Security
Favourite Content