បវរកញ្ញាដ៏មានភាពរស់រវើក ផន ស្រីពី ក៏កំពុងតែបញ្ចេញសកម្មភាពយ៉ាងច្រើន លើវេទិកា Miss Intercontinental 2024 នៅប្រទេសអេហ្សីប។ ស្រីពី ជាបវរកញ្ញាដែលមានភាពរួសរាយរាក់ទាក់ តែមានសមត្ថភាពពេញខ្លួន ធ្វើឲ្យនាងទទួលបានការស្រលាញ់ចូលចិត្តពីសំណាក់បេក្ខនារីដទៃ។
ក្រោយពេលចាកចេញពីកម្ពុជាឆ្ពោះទៅអេហ្សីប ផន ស្រីពី Miss Intercontinental Cambodia 2024 មានភាពមមាញឹកគ្រប់សកម្មភាពដែលកម្មវិធីតម្រូវឲ្យធ្វើ។ ស្រីពី បាន Update រាល់សកម្មភាពនៅអេហ្សីប ទាំងការបំពាក់ឆៀង ការញ៉ាំអាហារ និងការតុបតែងខ្លួនប្រចាំថ្ងៃ ពិសេសវីដេអូរាំលេងជាមួយបវរកញ្ញាដទៃយ៉ាងស្និទ្ធស្នាល។
ងាកទៅមើលសម្លៀកបំពាក់ដែល Miss Intercontinental Cambodia 2024 រូបនេះ ស្លៀកនៅក្នុងពេលតំណាងជាតិនៅអេហ្សីប ពិតជាស្រស់ស្អាតគ្រប់ឈុត និងទទួលបានការគាំទ្រជាច្រើនថាកញ្ញាត្បិតក្មេងពិត តែចេះរៀបចំខ្លួនបានយ៉ាងល្អស៊ីគ្នាជាមួយទម្រង់មុខពងក្រពើ សម្បុរសណ្ដែកបាយតែម្ដង។ មិនតែប៉ុណ្ណោះ style ថតរូបនីមួយៗមួយថ្ងៃប្លែកបន្តិចៗមិនឲ្យជាន់គ្នាឡើយ។
រយៈពេលជាង១០ ថ្ងៃមកនេះ ផន ស្រីពី បានខិតខំផ្សព្វផ្សាយពីប្រទេសកម្ពុជាលើឆាកអន្តរជាតិយ៉ាងយកចិត្តទុកដាក់ ហើយជានិច្ចកាលនាងបាននាំបវរកញ្ញាប្រទេសដទៃរាំច្រៀងបទខ្មែរទៀតផង។
បវរកញ្ញាអន្តរទ្វីបរៀបចាំធ្វើឡើងនៅទីក្រុង Sharm El Sheikh ប្រទេសអេហ្ស៊ីប ដែលកម្មវិធី Miss Intercontinental ធ្វើឡើងជាលើកទី៥១។ សម្រាប់ថ្ងៃផ្ដាច់ព្រ័ត្រនឹងធ្វើនៅថ្ងៃ៦ ធ្នូ ឆ្នាំ ២០២៤ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យជាមួយនឹង៥២ ប្រទេស៕
រូបភាព៖ FB Sreypi