កាលពីថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ សារព័ត៌មានកូរ៉េជាច្រើនបានចុះផ្សាយពីតារាសម្ដែងស្រីល្បី Park MinYoung កំពុងជាប់សង្ស័យធ្វើរឿងខុសច្បាប់ជាមួយអតីតមិត្ដប្រុសរបស់នាងដែលរឿងនេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជន និងក្រុមអ្នកគាំទ្រ។

យោងតាមប្រភពព័ត៌មាន News SBS បានឱ្យដឹងថា៖ តារាស្រីរូបនេះកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតពីក្រុមប៉ូលីស ដោយសារតែនាងជាប់សង្ស័យថាចូលរួមគំនិតជាមួយអតីតមិត្ដប្រុស Kang JongHyun ក្លែងបន្លំបោកបញ្ឆោតតម្លៃរូបិយប័ណ្ណគ្រីបតូ និងប្រាក់កម្ចីខុសច្បាប់ ខណៈនាងទទួលបានប្រាក់ចំណេញរាប់រយលានវ៉ុនទៀតផងពីការក្លែងបន្លំទាំងនេះ។
តែយ៉ាងណាមិញ តារាស្រី Park MinYoung បានបដិសេដថាខ្លួនមិនបានជាប់ពាក់ព័ន្ធធ្វើរឿងខុសច្បាប់ និងមិនបានដឹងពីរឿងទាំងអស់នោះឡើយ។ បច្ចុប្បន្ន តារាស្រី Park MinYoung ត្រូវបានហាមមិនឱ្យចេញទៅក្រៅប្រទេសឡើយ រហូតដល់ការស៊ើបអង្កេតបានបញ្ចប់ និងបញ្ជាក់ថានាងមិនពាក់ព័ន្ធទើបគ្រប់យ៉ាងត្រឡប់មកសភាពដើមវិញ។

គួរបញ្ជាក់ថា កាលពីចុងខែ កញ្ញា ឆ្នាំ ២០២២ កន្លងទៅ ក្រុមសារព័ត៌មាន Dispatch បានទម្លាយថាតារាស្រី Park MinYoung កំពុងមានទំនាក់ទំនងស្នេហាជាមួយអ្នកជំនួញមានមុខមាត់ម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូងគឺលោក Kang JongHyun។ ប៉ុន្ដែមិនបានប៉ុន្មានតារាស្រី Park MinYoung ក៏បានចេញបកស្រាយនាងបានចែកផ្លូវគ្នាពីមិត្ដប្រុសលោក Kang JongHyun ទៅហើយ៕


























































Account
Security
Favourite Content