ក្រុម OMG ដែលបច្ចុប្បន្នមានសមាជិក ៥ នាក់ បានលើកយកបទចម្រៀងថ្មីរបស់ពួកគេចំណងជើងថា «Hollly Girl» មកសម្តែងក្នុងការប្រគំតន្ត្រី K-Wave End Year Concert 2023 កាលពីចុងសប្តាហ៍កន្លងទៅ នៅសាលពហុបំណង CKCC ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ស្រីស្អាតធ្មេញច្រពើស ដាណែត មេក្រុម OMG បានឱ្យដឹងថា «Hollly Girl» ជាស្នាដៃចម្រៀងថ្មីរបស់ OMG ដែលត្រៀមទម្លាក់លើទីផ្សារនៅឆ្នាំ ២០២៤ ខាងមុខ ប៉ុន្តែមិនទាន់អាចកំណត់កាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ។
សមាជិក OMG ទាំង ៥រូប បានដាក់ចិត្តដាក់កាយខ្លាំង ក្នុងការផលិតបទចម្រៀង «Hollly Girl» នេះឡើង ដើម្បីបំពេញតម្រូវការទីផ្សារយុវវ័យសម័យថ្មី ដែលនិយមចូលចិត្តស្ទីល៍ថ្មីប្លែក អមដោយក្បាច់រាំដ៏រស់រវើក។ សម្រាប់ «Hollly Girl» នេះដែរ OMG បានផ្លាស់ប្តូរស្ទីល៍រៀបចំថ្មីប្លែកស្ទើរតែទាំងស្រុង សូម្បីតែការតុបតែងខ្លួនក៏មើលទៅបែបយុវវ័យ cute គួរឱ្យស្រលាញ់ផងដែរ ព្រោះបទថ្មីនេះ ជា vibe បែបសប្បាយៗ cute cute ស័ក្តិសមបំផុតសម្រាប់យុវវ័យក្នុងយុគសម័យឌីជីថលទំនើបតែម្តង។
ដាណែត ឱ្យដឹងបន្តថា អត្ថន័យនៃពាក្យថា «Hollly Girl» បានន័យថា Holiday Girls ដែលបង្ហាញពីសប្បាយរីករាយរបស់មនុស្សស្រីគ្រប់រូបលើសកលលោក។ ការសម្តែងបទ «Hollly Girl» ក្នុងការប្រគំតន្ត្រី K-Wave End Year Concert 2023ជាលើកដំបូង ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់យុវវ័យ និងទស្សនិកជនដែលមកទស្សនា concert ផ្ទាល់។ ចង្វាក់ភ្លេង និង vibe បែបសប្បាយៗរបស់បទនេះ ត្រូវចិត្តទស្សនិកជនជាខ្លាំង ពិសេសក្បាច់រាំរបស់ស្រីស្អាតទាំង ៥ រូប ញ៉ាំងឱ្យការសម្តែងនេះមានភាពទាក់ទាញថែមមួយកម្រិតទៀត៕