ប្ដីប្រពន្ធ Nick Jonas និង ​Priyanka ​ចូលរួម​ពិធី​មង្គលការមិត្តភ័ក្តិ​ជនជាតិ​ខ្មែរនៅ​អាមេរិក

ថ្មី​ៗ​លោក Nick Jonas តារា​ចម្រៀង​ល្បី​របស់​អាមេរិក និង​ភរិយា​ Priyanka Chopra បាន​ចូលរួម​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​នារី​ជន​ជាតិ​ខ្មែរ​ម្នាក់​ដោយ​បាន​បង្ហោះ​រូបថត​បី​សន្លឹក​ជាមួយ​នឹង​ពាក្យ​ជូនពរ​ដ៏​មាន​អត្ថន័យ។​

យោង​ទៅ​តាម​គណនេយ្យ​ហ្វេសប៊ុក​ជា​ផ្លូវ​ការ​របស់​លោក Nick Jonas បាន​បង្ហោះ​​ពាក្យ​ជូនពរ​ថា «Congrats to Connie and Jesse on a beautiful wedding! Thank you for letting us be a part of your day» ដែល​មាន​ន័យ​ថា «សូម​អបអរ​សាទរ​ដល់ Connie និងJesse ចំពោះ​ថ្ងៃ​មង្គល​ការ​ដ៏​អស្ចារ្យ​មួយ​នេះ! ពិតជា​អរគុណ​ខ្លាំង​ណាស់​ដែល​បាន​អញ្ជើញ​ពួក​យើង​ចូលរួម​ក្នុង​កម្មវិធី​មង្គល​ការ​របស់​អ្នក​ទាំងពីរ​»។ កូន​ក្រមុំ​ឈ្មោះ Connie Cheng បាន​ស្លៀក​ឈុត​ប្រពៃណី​ខ្មែរ​ពណ៌ទឹកប៊ិច ហើយ​កូន​កំលោះ​ដែល​ជា​ជនជាតិ​អាមេរិកក៏​ស្លៀក​ឈុត​បុរាណ​​​ពណ៌​ដូច​គ្នា ដែល​ពិធី​បាន​រៀបចំ​ឡើង​នៅរដ្ឋ Texas ហើយ​កូន​ក្រមុំ​គឺជា​មិត្តភ័ក្តិ​ប្ដី​ប្រពន្ធ​តារា​ហូលីវូដ​នោះ។

Connie Cheng ជា​ម្ចាស់​ហាង Bishop Arts’ Hip Asian និង​ជា​កូន​ខ្មែរ​មួយ​រូប​ដែល​ត្រូវ​បាន​ឪពុក​របស់​ខ្លួន​នាំ​រត់​​​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ​ក្នុង​អំឡុង​ពេល​របប​ប្រល័យពូជសាសន៍​ខ្មែរ​ក្រហម​ បន្ទាប់​មក​ពួកគេ​ក៏​ត្រូវ​បាន​ផ្លាស់​ទី​លំនៅ​ទៅ​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ ​១៩៨០។ ថ្មីៗនេះនាងបានរៀបការជាមួយនឹងជនជាតិអាមេរិកម្នាក់គឺលោក Jesse Powell ព្រមទាំងមានការអញ្ជើញចូលរួមពីតារាចម្រៀងកិត្តិយសដ៏ល្បីម្នាក់លោកNick Jonas និងភរិយា៕