Zhao Wei ជាតារាសម្ដែងស្រីជើងចាស់ម្នាក់ក្នុងប្រទេសចិន ភាគច្រើនគ្រប់គ្នាស្គាល់នាងតាមរយៈរឿងភាគល្បីមានចំណងជើងថា “ព្រះនាងយ៉េយ៉េ” ដោយសម្ដែងជាតួអង្គត្រចៀកកាំ។ ក្រៅពីអាជីពជាតារាសម្ដែង នាងក៏ជាអ្នកដឹកនាំរឿង ផលិតករ តារាចម្រៀង និងអ្នកជំនួញដ៏ប៉ិនប្រសប់ម្នាក់។ នាងក៏ធ្លាប់ជាតារាសម្ដែងស្រីម្នាក់ដែលមានប្រាក់ចំណូលខ្ពស់ខ្លាំងផងដែរក្នុងប្រទេសចិន។

បច្ចុប្បន្នរូបនាងមានវ័យ ៤៦ ឆ្នាំទៅហើយ បើក្រឡេកមកមើលអាជីពជាអ្នកសិល្បៈរបស់នាងមួយរយៈចុងក្រោយគឺហាក់មិនល្អឡើយ ដោយក្នុងឆ្នាំ ២០២១ រូបនាងស្រាប់តែបាត់មុខឈឹងចេញពីពិភពសិល្បៈ ខណៈឈ្មោះរបស់នាងស្រាប់តែត្រូវគេដកចេញពីរឿងភាគ និងភាពយន្ដកុននានាដែលធ្លាប់សម្ដែងទាំងអស់ រីឯរូបភាពផ្សព្វផ្សាយផលិតផលទាំងឡាយក៏ត្រូវបានលុបចោល និងដកចេញពីគ្រប់ផ្ទាំងផ្សព្វផ្សាយទាំងអស់ក្នុងប្រទេសចិន។ ស្របពេលជាមួយគ្នា មិនមានការបញ្ជាក់ជាផ្លូវការណាមួយឡើយពីមូលហេតុដែលរូបនាងស្រាប់តែបាត់ខ្លួនពីវិស័យសិល្បៈ។
តោះសប្ដាហ៍នេះមកដឹងពីប្រវត្ដិខ្លះៗ របស់នាង និងរឿងរ៉ាវមួយចំនួនដែលមហាជនសង្ស័យថាវាជាមូលហេតុធ្វើឱ្យរូបនាងបាត់ខ្លួនចេញពីពិភពសិល្បៈចិន និងជាប់ក្នុងបញ្ជីខ្មៅ៖

Zhao Wei មានឈ្មោះជាភាសាអង់គ្លេសថា Vicky Zhao។ នាងកើតនៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ ១៩៧៦ នៅទីក្រុង Wuhu ខេត្ដ Anhui ប្រទេសចិន។ ឳពុករបស់នាងជាវិស្វករ ម្ដាយរបស់នាងជាគ្រូបង្រៀនថ្នាក់បឋមសិក្សា។ កាលពីនៅវ័យជំទង់ដោយសារតែបានឃើញនូវការសម្ដែងដ៏អស្ចារ្យរបស់តារាស្រីជើងចាស់ Gong Li ធ្វើឱ្យនាងមានបំណងចង់ក្លាយជាតារាសម្ដែងដែរ។ Zhao Wei បង្ហាញខ្លួនដំបូងក្នុងភាពយន្ដកុនរឿង “East Palace, West Palace” នៅឆ្នាំ ១៩៩៦ ត្រឹមជាតួអង្គនាយរងប៉ុណ្ណោះ។ ក្រោយមកនាងបានក្ដោបក្ដាប់តំណែងជាតួឯកដំបូងបំផុតក្នុងរឿងភាគ “ព្រះនាងយ៉េយ៉េ” ក្នុងឆ្នាំ ១៩៩៨។ បន្ទាប់ពីបង្ហាញខ្លួនក្នុងរឿងនេះ ប្រជាប្រិយភាពរបស់នាងក៏ចាប់ផ្ដើមកើនឡើងស្រើតៗ ជាលំដាប់ និងទទួលបានតំណែងជាតួឯកបន្ដបន្ទាប់ក្នុងរឿងល្បីៗ ដូចជា DeJa-Vu, បាល់ទាត់សៅលីង, Chinese Odyssey, Painted Skin, Red Cliff, Mulan, An Epic Of a Woman និងផ្សេងៗទៀត។
ក្នុងអាជីពជាអ្នកសិល្បៈ Zhao Wei បានឈ្នះពានរង្វាន់ជាច្រើនសរុប ៧៨ ដោយក្នុងនោះមានដូចជា តារាសម្ដែងស្រីឆ្នើម តារាស្រីដែលគេស្រឡាញ់ពេញចិត្តខ្លាំង អ្នកដឹកនាំឆ្នើម តារាចម្រៀងស្រីឆ្នើម ជាដើម។ ភាគជោគជ័យ និងសម្មិតផលល្បីៗបានធ្វើឱ្យ Zhao Wei ក្លាយជាតារាស្រីចិនដំបូងគេបំផុតដែលបានដាក់ស្នាមបាតដៃ និងបាតជើងរបស់ខ្លួននៅ TCL Chinese Theatre នៅ Hollywood រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៥។
សម្រាប់ជីវិតឯកជនរបស់នាងវិញ Zhao Wei បានរៀបការជាមួយអ្នកជំនួញដ៏ល្បីម្នាក់គឺលោក Huang YouLong ក្នុងឆ្នាំ ២០០៨ និងទទួលបានចំណងដៃកូនស្រីមួយក្នុងឆ្នាំ ២០១០ ដោយកូនស្រីរបស់នាងមានឈ្មោះថា Huang Xing។ ទ្រព្យសម្បត្ដិរបស់ Zhao Wei ត្រូវបានគេប៉ាន់ប្រមាណថាមានប្រមាណជិត ១ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១ បើយោងតាមប្រភព Celebrity Net Worth។
មកដល់ខែ សីហា ឆ្នាំ ២០២១ ជាពេលវេលាមួយដែលមហាជនហាក់មានការភ្ញាក់ផ្អើលខ្លាំងក្រោយឈ្មោះរបស់នាងស្រាប់តែត្រូវគេដកចេញពីរឿងភាគ និងភាពយន្ដកុននានាដែលធ្លាប់សម្ដែងទាំងអស់។រីឯបណ្ដាញសង្គមនានារបស់នាងដូចជា Weibo ក៏លែងមានសកម្មភាពចាប់តាំងពីខែ កញ្ញា ឆ្នាំ ២០២១ ហើយសូម្បីតែខ្លួនរបស់នាងផ្ទាល់ក៏ស្រាប់តែបាត់ដំណឹងសូន្យឈឹងដែលធ្វើឱ្យគ្រប់គ្នាគិតថា នាងប្រហែលជាបានសាងកំហុសណាមួយជាក់ជាមិនខានទើបក្លាយជាបែបនេះ។
ជាមួយគ្នាដែរ មហាជនជាច្រើនបានជីកកកាយ និងលើកឡើងពីរឿងអាស្រូវធំៗ ដែលនាងធ្លាប់ជាប់ពាក់ព័ន្ធ ហើយរឿងទាំងអស់នេះធ្វើឱ្យគ្រប់គ្នាជឿថាជាមូលហេតុនាងត្រូវបានរដ្ឋាភិបាលចិនដាក់ចូលក្នុងបញ្ជីខ្មៅគ្រាន់តែមិនប្រកាសជាផ្លូវការ។

– ក្នុងឆ្នាំ ២០០១ Zhao Wei ត្រូវបានប្រជាជនចិនជាច្រើនធ្វើការវាយប្រហារយ៉ាងខ្លាំងក្រោយនាងបានស្លៀករ៉ូបដែលស្រដៀងទៅនឹងទង់ជាតិជប៉ុន (Rising Sun) ដែលប្រើប្រាស់ដោយយោធាជប៉ុនក្នុងអំឡុងសម័យសង្គ្រាមលោកលើកទី ២។ សម្រាប់ប្រជាជនចិនទង់ជាតិនេះ ជានិមិត្តសញ្ញានៃអំពើឃោរឃៅក្នុងសម័យសង្គ្រាមដ៏ព្រៃផ្សៃរបស់ប្រទេសជប៉ុនមកលើប្រជាជនចិន ដូច្នេះប្រសិនបើជាតិសាសន៍របស់ខ្លួនចាប់កាន់ ឬប៉ះពាល់វាត្រូវបានចាត់ទុកថាជាការប្រមាថដ៏ធំមួយ។
-ទំនាក់ទំនងស្អិតល្មួតជាមួយមហាសេដ្ឋី JackMa។ នៅក្នុងឆ្នាំ ២០១៤ តារាស្រី Zhao Wei និងស្វាមីរបស់នាង Huang Youlong ត្រូវបានគេរាយការណ៍ថាបានចំណាយប្រាក់ជិត ៤០០ លានដុល្លារអាមេរិកដើម្បីទិញភាគហ៊ុន ៩,១៨ ភាគរយនៅក្នុង Alibaba Pictures Group ដែលធ្វើឱ្យអ្នកទាំងពីរក្លាយជាម្ចាស់ភាគហ៊ុនធំទីពីររបស់ក្រុមហ៊ុន។ នៅឆ្នាំបន្ទាប់ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba Pictures បានកើនឡើងជាលំដាប់ធ្វើឱ្យ Zhao Wei និងស្វាមីទទួលបានប្រាក់ចំណេញមិនធ្លាប់មានចំនួនប្រមាណជាង ៥០០ លានដុល្លារអាមេរិក។ ប៉ុន្មានឆ្នាំក្រោយ អ្នកទាំងពីរក៏បានលក់ភាគហ៊ុនមួយចំនួនវិញរបស់ Alibaba Pictures ហើយទទួលបានប្រាក់ប្រមាណជិត ៣០០ លានដុល្លារអាមេរិក។
កាលពីឆ្នាំ ២០២០ Zhao Wei ត្រូវបានគេរាយការណ៍ថាបានប្រើឈ្មោះម្តាយរបស់នាងដើម្បីទិញភាគហ៊ុនមួយចំនួនដែលមានតម្លៃប្រមាណ ៧៦ លានដុល្លារអាមេរិកក្នុងក្រុមហ៊ុន Ant Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធសេវាកម្មហិរញ្ញវត្ថុរបស់ Alibaba Group។ ក្នុងឆ្នាំដដែល លោក Jack Ma បានថ្លែងសុន្ទរកថារិះគន់ចំៗ និងប្រឆាំងនឹងប្រព័ន្ធហិរញ្ញវត្ថុរបស់ចិនដែលធ្វើឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់វិធានការត្រួតពិនិត្យមើលយ៉ាងតឹងរ៉ឹងទៅលើក្រុមហ៊ុន Alibaba Group ក្រែងលោមានការក្លែងបន្លំខុសប្រក្រតីដែលផ្ទុយនឹងច្បាប់រដ្ឋជាដើម។ មនុស្សជាច្រើនជឿថាការបាត់មុខពីវិស័យសិល្បៈរបស់ Zhao Wei មានមួយផ្នែកដោយសារតែការពាក់ព័ន្ធជាមួយសុន្ទរកថារបស់មហាសេដ្ឋី JackMa នោះតែម្ដង។


-ក្នុងឆ្នាំ ២០១៧ Zhao Wei និងស្វាមី គឺលោក Huang Youlong ត្រូវបានហាមឃាត់ចេញ និងមិនឱ្យពាក់ព័ន្ធក្នុងទីផ្សារមូលបត្ររបស់ប្រទេសចិនរយៈពេល ៥ ឆ្នាំសម្រាប់ការរំលោភលើទីផ្សារ។ ដើមឡើយក្រុមហ៊ុន Longwei Cultture & Media របស់តារាស្រី Zhao Wei មានគម្រោងទិញភាគហ៊ុនរបសក្រុមហ៊ុន Zhejiang Wanjia Co ប្រមាណ ២៩,១ ភាគរយក្នុងឆ្នាំ ២០១៦ តែបរាជ័យ។ ក្រោយមកក្រុមហ៊ុនរបស់នាងក៏ត្រូវចោទប្រកាន់មានចេតនាប្រមូលផ្ដុំទិញភាគហ៊ុនទាំងដែលគ្មានធនធានគ្រប់គ្រាន់ និងគ្មានការគាំទ្រពីស្ថាប័នហិរញ្ញវត្ថុ។
-ក្នុងឆ្នាំ ២០២១ តារាសម្ដែងប្រុស Zhang ZheHan ដែលស្ថិតក្រោមផលិតកម្មគ្រប់គ្រងតារាស្រី Zhao Wei ត្រូវបានរដ្ឋាភិបាលចិនបានដាក់ចូលក្នុងបញ្ជីខ្មៅ ដោយសារតែលោកត្រូវបានគេចោទប្រកាន់ថាធ្លាប់បានចូលទៅកាន់ទីកន្លែងសក្ការៈបូជា Yasukuni ជាកន្លែងតម្កល់ធាតុរបស់មេដឹកនាំជប៉ុន និងកងទ័ពជប៉ុនប្រមាណជាង ១ ពាន់នាក់ដែលធ្លាប់ចូលឈ្លានពាន និងគ្រប់គ្រងក្នុងប្រទេសចិននៅសម័យសង្គ្រាមលោកលើកទី ២។ បើទោះជាតារាសម្ដែងប្រុស Zhang ZheHan ធ្លាប់ចេញមុខបដិសេដថាកន្លែងខ្លួនធ្លាប់បានទៅមិនមែនជាទីកន្លែងសក្ការៈបូជា Yasukuni ក៏ដោយតែលោកនៅតែចៀសមិនផុតពីការចោទប្រកាន់ និងត្រូវបង្ខំចិត្ដដកខ្លួនចេញពីសិល្បៈ។ ក្រៅពីតារាប្រុស Zhang ZheHan អ្នកដែលប៉ះពាល់ខ្លាំងបន្ទាប់គ្មាននរណាក្រៅពីតារាស្រី Zhao Wei ដែលជាម្ចាស់ផលិតកម្មគ្រប់គ្រងលោកឡើយ។
គួររំឮកថា ២០២១ ជាឆ្នាំមួយដែលសិល្បៈករចិន អ្នកដឹកនាំ ផលិតករ និងក្រុមហ៊ុនផលិតរឿងជាច្រើនហាក់មានសម្ពាធដោយសារតែ អគ្គនាយកដ្ឋានផ្សព្វផ្សាយ និងទូរទស្សន៍ជាតិនៃប្រទេសចិន (NRTA) បានបញ្ចេញច្បាប់ថ្មីរឹតបន្ដឹងជាច្រើនទាំងលើការសម្ដែង និងការផលិតរឿងនានាដែលវាពិតជាបង្កការលំបាកប្រសិនបើចង់ផលិតរឿងមួយ។ ជាពិសេសសូម្បីការតុបតែងខ្លួនក៏ត្រូវមានបម្រាមច្រើនដែលធ្វើឱ្យតារាសម្ដែង និងតារាចម្រៀងហាក់គ្មានសេរីភាពឡើយ។ ស្របពេលជាមួយគ្នាដែរ តារាចិនជាច្រើនត្រូវបានផ្ទុះរឿងអាស្រូវជាបន្ដបន្ទាប់ និងត្រូវជាប់បញ្ជីខ្មៅលែងបានលេចមុខក្នុងវិស័យសិល្បៈ ថ្វីបើមិនបានប្រកាសពីកំហុសរបស់តារាស្រី Zhao Wei ជាផ្លូវការ ប៉ុន្ដែគ្រប់គ្នាជឿថារឿងអាស្រូវទាំងប៉ុន្មានដែលនាងធ្លាប់ជាប់ពាក់ព័ន្ធជាមូលហេតុធ្វើឱ្យនាងបាត់ខ្លួនពីសិល្បៈ និងជាប់ក្នុងបញ្ជីខ្មៅ។
បន្ទាប់ពីបាត់ខ្លួនចេញពីពិភពសិល្បៈអស់រយៈពេលមួយឆ្នាំ Zhao Wei ត្រូវបានប្រទះឃើញបង្ហាញខ្លួនដើរជាសាធារណៈនៅអាកាសយានដ្ឋានទីក្រុងប៉េកាំង ប្រទេសចិន នៅដើមខែ សីហា ឆ្នាំ ២០២២ ដោយនាងតុបតែងខ្លួនបែបសាមញ្ញ និងមានពាក់ម៉ាស់ជាប់មុខជិត។ តែបើតាមសម្ដីមហាជនដែលបានជួបនាងផ្ទាល់ Zhao Wei ស្ថានភាពរបស់នាងមិនបានធ្លាក់ដុនដាបឡើយ នាងថែមទាំងបាននិយាយលេងជាមួយអ្នកគាំទ្រថែមទៀត គ្រាន់តែត្រូវគេបិទហាមមិនឱ្យបង្ហាញខ្លួនក្នុងវិថីសិល្បៈប៉ុណ្ណោះ៕























Account
Security
Favourite Content