តារាសម្ដែង និងជាតារាបង្ហាញម៉ូដល្បីឈ្មោះមីយ៉ាន់ម៉ា Paing Takhon ដែលអ្នកគាំទ្រកម្ពុជាជាច្រើនបានស្គាល់ថាជាតួឯកប្រុសរឿង “ប្រវត្តិស្នេហ៍នាងនាថ” បានប្រកាសតាមរយៈបណ្ដាញសង្គមថាលោកបានរៀបការជាផ្លូវការហើយ។

យោងតាមសារព័ត៌មាន News18 ភរិយារបស់តារាប្រុសវ័យ ២៨ឆ្នាំរូបនេះមានឈ្មោះថា Linn Mya Phu មានអាយុ ២៩ឆ្នាំ គឺជាកូនស្រីរបស់មហាសេដ្ឋីប្រេង San Linn ដែលជាប្រធានសមាគមអ្នកចែកចាយប្រេងសម្រាប់បរិភោគនៃប្រទេសមីយ៉ាន់ម៉ា។
តារាសម្ដែង Paing បានចែករំលែកព័ត៌មានរៀបការនេះកាលពីថ្ងៃអង្គារដោយបានបង្ហោះរូបថតជាច្រើននៅលើគណនី Facebook និង Instagram បង្ហាញថាលោកនិងអ្នកនាង Linn បានចុះហត្ថលេខាលើសំបុត្រអាពាហ៍ពិពាហ៍ពួកគេ ក៏ដូចជារូបថតជាមួយឪពុកម្តាយនិងសាច់ញាតិផងដែរ ដោយបានសរសេរក្នុង caption ថា៖ «ថ្ងៃនេះគូដណ្តឹងខ្ញុំក្លាយជាប្រពន្ធខ្ញុំហើយ»។






គួររំឭកថា គូស្នេហ៍មួយគូនេះបានលាតត្រដាងពីទំនាក់ទំនងរបស់ពួកគេជាលើកដំបូងនៅខែសីហា ឆ្នាំ ២០២៤ ហើយក្រោយមកក៏បានរៀបចំពិធីភ្ជាប់ពាក្យនៅចុងខែធ្នូឆ្នាំដដែល បន្ទាប់ពីសេពគប់គ្នាជាង៤ឆ្នាំ។
Paing Takhon បានចាប់ផ្តើមអាជីពជាតារាម៉ូដែលក្នុងឆ្នាំ ២០១៤ ហើយភ្លាមៗនោះក៏បានក្លាយជាទូតផ្សព្វផ្សាយរបស់ Oppo និង Sunkist ។ លោកបានចូលសម្ដែងជាលើកដំបូងនៅឆ្នាំ ២០១៧ ក្នុងខ្សែភាពយន្តមីយ៉ាន់ម៉ា “Midnight Traveler” ។ ក្នុងឆ្នាំ ២០១៩ លោកទទួលបានការចាប់អារម្មណ៍កាន់តែទូលំទូលាយជាមួយរហស្សនាម “ព្រះសង្ឃសង្ហាបំផុតរបស់មីយ៉ាន់ម៉ា” បន្ទាប់ពីរូបថតរបស់លោកក្នុងពេលបួសជាព្រះសង្ឃ ក្លាយជាល្បីផ្ទុះលើអ៊ិនធឺណិត។


នៅឆ្នាំដដែលនោះ Paing ត្រូវបានកាសែត Myanmar Times ទទួលស្គាល់ថាជាតារាសម្ដែងម្នាក់ក្នុងចំណោម “តារាសម្ដែងកំពូលទាំង ១០ របស់មីយ៉ាន់ម៉ា” និងបានជាប់ចំណាត់ថ្នាក់ក្នុងបញ្ជី “បុរសសង្ហាបំផុតលើពិភពលោក” របស់ស្ថាប័នអង់គ្លេស TC Candler ក្នុងឆ្នាំ ២០២១ ។
នៅឆ្នាំ ២០២១ លោកត្រូវបានចាប់ខ្លួនសម្រាប់ការតវ៉ាប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ក៏ប៉ុន្តែមួយឆ្នាំក្រោយមក លោកក៏ត្រូវបានដោះលែងវិញ បន្ទាប់ពីទទួលបានការលើកលែងទោសពីរដ្ឋាភិបាល ៕
























































Account
Security
Favourite Content