នៅថ្ងៃទី២១ ខែវិច្ឆិកានេះ កម្មវិធី Miss Universe លើកទី៧៤ បានរកឃើញម្ចាស់មកុដហើយ ដោយបវរកញ្ញាចក្កវាឡថ្មីប្រចាំឆ្នាំនេះបានធ្លាក់ទៅលើបវរកញ្ញា Fatima Bosch ពីប្រទេសម៉ិកស៊ិក។

អមដោយម្ចាស់មកុដ Miss Universe 2025 នាង Fatima Bosch តំណែងលំដាប់រងលេខ១ បានទៅលើបវកញ្ញា Praveenar Singh ពីប្រទេសថៃ ស្របពេលដែលលំដាប់រងលេខ២ បានទៅលើបវកញ្ញា Ahtisa Manalo ពីប្រទេសហ្វីលីពីន ខណៈលំដាប់រងលេខ៣ បានទៅលើបវកញ្ញា Stephany Abasali ពីប្រទេសវេណេស៊ុយអេឡា និងតំណែងលំដាប់រងលេខ៤ គឺបានទៅលើបវកញ្ញា Olivia Yace ពីប្រទេសកូតឌីវ័រ។
នៅក្នុងវគ្គឆ្លើយសំណួរចុងក្រោយដែលសួរថា “បើសិនជាអ្នកទទួលតំណែងជា Miss Universe ក្នុងរាត្រីនេះ តើអ្នកនឹងប្រើប្រាស់វេទិកានេះបែបណាដើម្បីកម្ពស់អំណាចដល់ស្រ្តីវ័យក្មេង?” បវរកញ្ញា Fatima Bosch ពីប្រទេសម៉ិកស៊ិកបានឆ្លើយតបក្នុងអត្ថន័យថា ខ្ញុំនឹងប្រាប់ទៅពួកគេថា ជឿជាក់លើការពុះពាររបស់អ្នក ជឿជាក់លើខ្លួនឯង កុំឱ្យនរណាម្នាក់មកកំណត់តម្លៃរបស់អ្នកបាន អ្នកមានតម្លៃណាស់ ហើយគេត្រូវតែបានឮសំឡេងរបស់អ្នក។

គួរឱ្យដឹងផងដែរថា Fatima Bosch បានចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រវិស័យបវរកញ្ញា ក្រោយពីលោក Nawat Itsaragrisil បានស្ដីបន្ទោសឱ្យនាងនៅក្នុងកម្មវិធីបំពាក់ឆៀង រហូតនាំឱ្យបវរកញ្ញាពីប្រទេសមួយចំនួនបានដើរចេញពីកម្មវិធីគ្រានោះរួមគ្នាជាមួយ Fatima Bosch។
តាមរយៈសកម្មភាពនេះ អ្នកគាំទ្រវិស័យបវរកញ្ញាបានយល់ថា បវរកញ្ញារូបនេះ គឺជាស្រ្តីម្នាក់ដែលស្គាល់តម្លៃរបស់ខ្លួនឯង និងប្រកាន់ជំហរលើភាពត្រឹមត្រូវ មិនចុះញ៉មជាមួយនឹងការកៀបសង្កត់របស់អ្នកដទៃ៕


























Account
Security
Favourite Content