ការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០២៣ នេះ Miss Universe នេប៉ាល់បានធ្វើឱ្យមហាជនព្រមទាំងបណ្ដាសារព័ត៌មានជាច្រើនផ្ទុះការចាប់អារម្មណ និងអបអរសាទរយ៉ាងខ្លាំងចំពោះភាពជឿជាក់ដែលនាងនាំមកជាមួយក្នុងពេលប្រកួតវគ្គ preliminarily (វិញ្ញាសាឈុតហែលទឹក និង evening gown)។

កាលពីខែកញ្ញា Jane Garrett បវរកញ្ញាចក្រវាលរបស់ប្រទេសនេប៉ាល់ឆ្នាំ ២០២៣ បានបង្កើតប្រវត្តិសាស្រ្តដំបូងនៅក្នុងប្រទេសដោយជាបវរកញ្ញាមានទំហំរូបរាងធំជាងគេហើយថែមទាំងក្លាយជាអ្នកតំណាងប្រទេសនេប៉ាល់ឈានជើងឡើងទៅដើរបង្ហាញលើឆាកអន្តរជាតិទៀតផង។
Miss Universe នេប៉ាល់វ័យ ២៣ ឆ្នាំរូបនេះធ្លាប់និយាយថានាងមកទីនេះក្នុងនាមជាមនុស្សស្រីម្នាក់ដើម្បីតំណាងឱ្យមនុស្សស្រីជាច្រើនដែលមិនមានភាពស្រស់ស្អាតត្រូវតាមស្ដង់ដា។ Jane ក៏បានបន្ដថានាងគិតថាគ្មានអ្វីមួយដែលកំណត់ពីភាពស្រស់ស្អាតរបស់មនុស្សស្រី ដូច្នេះមនុស្សស្រីគ្រប់រូបសុទ្ធតែមានភាពស្រស់ស្អាតរៀងៗខ្លួនទៅតាមធម្មជាតិរបស់ពួកនាង។


ក្នុងពេលប្រកួតបវរកញ្ញាចក្រវាលនេប៉ាល់ឆ្នាំ ២០២៣ នាងបានបើកចំហរពីរបៀបដែលនាងអាចយកឈ្នះលើភាពគ្មានទំនុកចិត្តដោយនាងបាននិយាយថាភាពជោគជ័យអាចប្រែប្រួលអាស្រ័យលើមនុស្សម្នាក់ៗ ហើយសម្រាប់នាងផ្ទាល់ការឡើងលើឆាកដើម្បីនិយាយការពិតពីខ្លួនឯងគឺជាអ្វីដែលសំខាន់បំផុតក្នុងបង្ហាញទៅមនុស្សគ្រប់គ្នា។

នៅក្នុងកិច្ចសម្ភាសមួយក្រោយបានក្លាយជាម្ចាស់មកុដ Miss Universe នេប៉ាល់រូបនេះក៏បានចែករំលែកដែរនាងមានក្ដីស្រមៃចង់ក្លាយជាបវរកញ្ញាចក្រវាលតាំងពីមានវ័យប្រហែល ១២-១៣ ឆ្នាំក្រោយបានមើលកម្មវិធី Miss Universe 2013។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមក នាងបានកើតជំងឺម្យ៉ាងដែលធ្វើឱ្យនាងមានបម្រែបម្រួលអរម៉ូនទើបបណ្ដាលឱ្យឡើងគីឡូហើយពិបាកក្នុងការសម្រក។


យ៉ាងណានេះក៏មិនមែនឧបសគ្គរារាំងសម្រាប់នាងឡើយដោយនាងបានបន្ដថានាងគ្រាន់ស្រឡាញ់ខ្លួនឯងជាខ្លួនឯង ហើយត្រូវតែបន្តឈោងចាប់ក្ដីស្រមៃ។ រហូតដល់មុនពេលដាក់ពាក្យប្រកួត Jane ក៏នៅតែមិនទាន់មានទំនុកចិត្តគ្រប់គ្រាន់ដោយគិតថានាងមានរូបរាងធាត់បែបនេះតើគេអាចទទួលនាងបានដែរ ឬទេ។ ប៉ុន្តែដោយមានការលើកទឹកចិត្តពីក្រុមគ្រួសារ និងមិត្តភក្ដិរបស់នាងគឺ Miss Universe ឆ្នាំ ២០២២ ដោយប្រាប់ថាសម្រស់មិនមែនស្ថិតនៅលើរូបរាងតែមួយមុខនោះទេ ដូច្នេះនាងតែទៅប្រកួត ទៅឈោងចាប់យកក្ដីស្រមៃរបស់នាង។



គួរបញ្ជាក់ផងដែរ Miss Universe នេប៉ាល់ឆ្នាំ ២០២៣ រូបនេះមានឈ្មោះពេញ Jane Dipika Garrett ជាគិលានុបដ្ឋាយិកា និងជាអ្នកអភិវឌ្ឍន៍អាជីវកម្ម។ ក្រោយពេលបង្ហាញក្នុងវគ្គ preliminarily មហាជន និងអ្នកលេងអ៊ីនធីណេតជាច្រើនបានលាន់មាត់សរសើរពីភាពជឿជាក់ ភាពក្លាហាន និងទំនុកចិត្តរបស់នាងផងដែរ ថែមបាននិយាយថានាងជាមនុស្សស្រីដែលហ៊ានតស៊ូជម្នះនឹងការគិតអវិជ្ជមានលើរាងកាយ និងសុខភាពផ្លូវចិត្តរបស់មនុស្សស្រីទៀតផង៕
























































Account
Security
Favourite Content