Lee DongWook ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ ហើយលោកចាប់ផ្ដើមទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងក្រោយបង្ហាញខ្លួនក្នុងរឿង Goblin កាលពីឆ្នាំ ២០១៦-២០១៧។ ជាបន្ដបន្ទាប់ លោកបានបង្ហាញខ្លួនក្នុងរឿងដូចជា Strangers From Hell, Tale of the Nine-Tailed, Bad and Crazy, A Shop Killer និង Touch Your Heart ជាដើម។
ក្រៅពីអាជីពសិល្បៈ មហាជន និងអ្នកគាំទ្រជាច្រើន ក៏បានចាប់អារម្មណ៍លើជីវិតស្នេហារបស់តារាប្រុសសម្រស់មិនព្រមចាស់រូបនេះផងដែរ ព្រោះ DongWook មានវ័យ ៤២ ឆ្នាំទៅហើយ តែមិនទាន់មានគូនឹងគេ។ លើសពីនេះ សូម្បីទំនាក់ទំនងស្នេហាក៏លោកស្ទើរតែមិនដែលប្រកាសប្រាប់ជាសាធារណៈ ស្របពេលដែលតារាសម្ដែងជាច្រើនមានវ័យដំណាលលោកបានរៀបការទៅហើយ។
ថ្មីៗនេះ Lee DongWook ក៏និយាយពីទំនាក់ទំនងស្នេហារបស់លោក ក្នុងកម្មវិធីរបស់តារាប្រុស Yoo JaeSuk។ នៅពេលនិយាយពីរឿងស្វែងរកដៃគូជីវិត និងបង្កើតគ្រួសារ តារាប្រុស Lee DongWook ក៏បានលើកឡើងថា លោកខ្ជិល។
តួឯកប្រុសក្នុងរឿង «Touch Your Heart» បន្ដថា លោកមិនអាចសេពគប់ជាមួយនរណាឡើយ លោកមានអារម្មណ៍ខ្ជិលយ៉ាងខ្លាំងក្នុងការបង្កើតទំនាក់ទំនងស្នេហា។ លោកលែងរាប់អានមនុស្ស លោកលែងមានចំណាប់អារម្មណ៍ធ្វើរឿងទាំងនេះ។ DongWook ថាចង់មានស្នេហាដែរ តែពិតជាខ្ជិលខ្លាំងក្នុងការស្វែងរកវា។
គួរបញ្ជាក់ថា តារាប្រុស Lee Dong Wook ធ្លាប់បានបញ្ជាក់កាលពីពេលកន្លងទៅ បច្ចុប្បន្នលោកចាប់ផ្ដើមទម្លាប់នឹងជីវិត Single និងមានអារម្មណ៍ស្រួលខ្លួនពេលនៅម្នាក់ឯង។ លោកមិនត្រូវបាននរណាម្នាក់គ្រប់គ្រង និងអាចធ្វើអ្វីដែលខ្លួនចង់ធ្វើ។ លោកជាមនុស្សដែលផ្ដោតខ្លាំងលើការងារ ពេលខ្លះលោកញ៉ាំអាហារថ្ងៃត្រង់នៅម៉ោង ៣ និងអាហារពេលល្ងាចនៅម៉ោង ៩ វាពិតជាទើសទាល់ប្រសិនបើមានមនុស្សម្នាក់មករង់ចាំញ៉ាំជាមួយគ្នា។ លោកមានអារម្មណ៍រីករាយជាងពេលដែលនៅម្នាក់ឯង ជាពិសេស លោកមិនទាន់ចាស់ទុំគ្រប់គ្រាន់ក្នុងការរៀបការ និងបង្កើតគ្រួសារ៕