យោងតាមសារព័ត៌មានកូរ៉េ New1 ចេញផ្សាយកាលពីថ្ងៃទី១៧ ខែមេសា បានឱ្យដឹងថាភាគីរបស់តារាសម្ដែងប្រុស Kim Soo Hyun ត្រូវបានបញ្ជាឱ្យកែតម្រូវទៅលើចំនួនទឹកប្រាក់សំណងនៅក្នុងបណ្ដឹងព្រមទាំងត្រូវបង់ថ្លៃសេវាតុលាការសម្រាប់បណ្ដឹងទាមទារការខូចខាតរបស់លោកពីភាគីគ្រួសារតារាស្រី Kim Sae Ron និងគណនីយូធូប HOVERLAB។

ចំពោះចំនួននៃទឹកប្រាក់សំណងវិញ កន្លងមកភាគីរបស់លោកបានអះអាងថានឹងប្ដឹងទាមទារចំនួន ១២ ពាន់លានវ៉ុនប្រមាណ ៨.៥ លានដុល្លារអាមេរិកពីខាងគ្រួសារតារាស្រី Kim Sae Ron និងគណនីយូធូប HOVERLAB សម្រាប់ការផ្សព្វផ្សាយព័ត៌មានដែលបំពានជីវិតឯកជនរបស់លោក។ ប៉ុន្តែទឹកប្រាក់ជាក់ស្ដែងដែលបានដាក់នៅក្នុងពាក្យបណ្ដឹងគឺមានចំនួនតែ ១១ ពាន់លានវ៉ុនតែប៉ុណ្ណោះ។
ជាការឆ្លើយតប យោងតាមផ្នែករដ្ឋប្បវេណីទី ១៤ នៃតុលាការទីក្រុងសេអ៊ូលកណ្ដាលបានបញ្ជាឱ្យភាគីរបស់តារាប្រុស Kim Soo Hyun កែតម្រូវចំនួនទឹកប្រាក់សំណងខូចខាតឡើងវិញ ព្រមទាំងណែនាំឱ្យភាគីរបស់លោកជាដើមបណ្ដឹងបង់ថ្លៃសេវាតុលាការដោយផ្អែកតាមចំនួនទឹកប្រាក់ ១២ ពាន់លានវ៉ុន មិនមែន ១១ ពាន់លានដុល្លារឡើយ។ ជាក់ស្ដែងនៅក្នុងសំណុំរឿងនេះ ថ្លៃវិវាទ និងសេវាតុលាការរបស់តារាប្រុស Kim Soo Hyun តែម្នាក់ឯងត្រូវបានគេប៉ាន់ប្រមាណថាប្រហែល ៣៨ លានវ៉ុន (២៧ ០០០ ដុល្លារអាមេរិក) សម្រាប់រឿងក្ដីដែលមានទំហំទឹកប្រាក់ ១២ ពាន់លានវ៉ុន។

តាមការចុះផ្សាយរបស់សារព័ត៌មានរបស់កូរ៉េបានឱ្យដឹងថាភាគីរបស់ដើមបណ្ដឹងបានស្នើសុំពន្យារពេលទូទាត់ថ្លៃសេវាតុលាការនៅដើមសប្ដាហ៍ត្រឹមថ្ងៃទី១៦ ខែមេសា ដែលមើលទៅហាក់ដូចជាមានភាពស្ទាក់ស្ទើរនៅក្នុងការបង់ប្រាក់ដើម្បីបន្ដបណ្ដឹង។ ក្នុងករណីនេះប្រសិនបើលោកមិនបានបង់ថ្លៃសេវាទាន់ពេលនោះទេ នោះពាក្យបណ្ដឹងទាមទារសំណងខូចខាតរបស់លោកក៏មិនត្រូវបានបញ្ជូនទៅកាន់សវនការឡើយដោយអាចឈានទៅដល់ការច្រានចោលទៀតផង។
យ៉ាងណាមិញនៅថ្ងៃទី១៧ ខែមេសានេះ តំណាងភាគីរបស់តារាប្រុស Kim Soo Hyun បានចេញមុខមកបដិសេធនូវការរាយការណ៍ខាងលើដោយបានលើកឡើងថាព័ត៌មានដែលថាខាងភាគីរបស់តារាប្រុសមិនបានទូទាត់ថ្លៃវិវាទ និងថ្លៃសេវាតុលាការគឺជារឿងពិតឡើយដោយថ្លៃសេវាទាំងអស់ត្រូវបានបង់រួចរាល់ហើយ។ ចំពោះការស្នើសុំពន្យាពេលគឺពាក់ព័ន្ធតែជាមួយនឹងការផ្លាស់ប្ដូរអាសយដ្ឋានតែប៉ុណ្ណោះ៕


























Account
Security
Favourite Content