ថ្មីៗ នេះ តារាស្រី Kim Soyeon ដែលជាតួស្រីក្នុងរឿងភាគកូរ៉េដ៏ល្បី Penthouse បានចូលរួមក្នុងកម្មវិធី “You Quiz on the Block”។ ក្នុងឱកាសចូលរួមកម្មវិធីនេះ តារាស្រី Kim Soyeon បានចែករំលែកពីទម្លាប់រស់នៅប្រចាំថ្ងៃរបស់ខ្លួនកាន់អ្នកមានវត្ដមាននៅទីនោះ និងមហាជន។
តារាស្រីរូបនេះបានលើកឡើងថា៖ រូបនាងជាមនុស្សដែលឆាប់ត្រជាក់ដូច្នេះរាល់ពេលរដូវត្រជាក់ចូលមកដល់នាងតែងតែចង់បើកម៉ាស៊ីនកម្ដៅក្នុងផ្ទះ។ ប៉ុន្ដែស្វាមីរបស់នាង តារាប្រុស Lee SangWoo មិនអនុញ្ញាតឡើយ។ លោកសម្រេចឱ្យបើកម៉ាស៊ីនផ្ដល់កម្ដៅក្នុងផ្ទះនៅថ្ងៃខួបកំណើតនាងប៉ុណ្ណោះគឺនៅថ្ងៃទី ២ ខែ វិច្ឆិកា។
រូបនាងបានលើកឡើងថា៖ កាលពីនៅក្មេងនាងមិនសូវខ្វាយខ្វល់ពីថ្ងៃខួបកំណើតរបស់ខ្លួនឡើយ ប៉ុន្ដែឆ្នាំមុន នាងពិតជាចង់ឱ្យដល់ថ្ងៃខួបកំណើតឆាប់ៗ ដើម្បីតែបើកម៉ាស៊ីនផ្ដល់កម្ដៅក្នុងផ្ទះ។
មែនទែនទៅ គ្រាន់តែមហាជនបានដឹងពីរឿងនេះភ្លាមគឺពិតជាមានការហួសចិត្ត និងថែមទាំងបារម្ភចំពោះតារាស្រី Kim Soyeon ខ្លាំង។ ដោយមនុស្សជាច្រើនបានលើកឡើងថា ប្រទេសកូរ៉េខាងត្បូងជាប្រទេសដែលត្រជាក់ ជាពិសេសរដូវរងាសម្រាប់អ្នកចាញ់ត្រជាក់ខ្លាំងបើគ្មានម៉ាស៊ីនផ្ដល់កម្ដៅអាចនឹងមានបញ្ហាចំពោះសុខភាព ឬគាំងបេះដូងជាដើម។
អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែមានការព្រួយបារម្ភ នេះមិនមែនជាលើកទី ១ ឡើយដែលរូបនាងបានលើកឡើងនិយាយពីរឿងរាងកាយដែលឆាប់ត្រជាក់របស់នាង និងលំបាកនៅពេលត្រជាក់ខ្លាំងម្ដងៗ។ លើសពីនេះ មនុស្សជាច្រើនបានបញ្ចេញមតិជាហូរហែរថា ស្វាមីរបស់នាងជាមនុស្សមានបញ្ហា និងគួរតែកុំនៅជិតល្អជាង ព្រោះស្វាមីឯណាសុខចិត្តមើលភរិយារងា ក៏មិនព្រមបើកម៉ាស៊ីនផ្ដល់កម្ដៅនៅរដូវត្រជាក់នោះ។
ក្រោយពីកម្មវិធីនោះចេញផ្សាយជាសាធារណៈមិនបាន តារាស្រី Kim Soyeon ក៏បានចេញមុខបកស្រាយថា៖ មូលហេតុដែលស្វាមីរបស់នាងធ្វើបែបនេះដើម្បីសុខភាពនាងប៉ុណ្ណោះ ដោយរូបលោកចង់ឱ្យនាងឧស្សាហ៍ហាត់ប្រាណឱ្យមានសុខភាពរឹងមាំ និងក្នុងខ្លួនមានកម្ដៅ។ ស្វាមីរបស់នាងមិនចង់ឱ្យនាងឆាប់បើកម៉ាស៊ីនផ្ដល់កម្ដៅពេក ចង់ឱ្យរាងកាយរបស់នាងស៊ាំជាមួយបរិយាកាសទើបមិនសូវឆាប់ត្រជាក់។ នាងពិតជាសុំទោសដែលធ្វើឱ្យគ្រប់គ្នាមានការព្រួយបារម្ភ។
ថ្វីបើតារាស្រី Kim Soyeon បានចេញបកស្រាយហើយក្ដី ប៉ុន្ដែមហាជនជាច្រើននៅតែមិនពេញចិត្តចំពោះទង្វើស្វាមីរបស់នាង ជាពិសេសគួរតែគិតពីសុវត្ថិភាពរបស់ភរិយារបស់ខ្លួនជាសំខាន់ មិនចាំបាច់តឹងរ៉ឹងពេកក៏បានដែរ៕