“Queen Of Tears” ជារឿងភាគកូរ៉េកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន អ្នកគាំទ្រ ទាំងក្នុងស្រុក និងក្រៅស្រុក។ រឿងនេះមានការចូលរួមសម្ដែងដោយតារាប្រុស Kim SooHyun និងតារាស្រី Kim JiWon។ មែនទែនទៅ ទើបបញ្ចេញបាន ៦ ភាគ រឿងនេះទទួលបាន rating យ៉ាងខ្ពស់ និងមានការគាំទ្រកាន់តែខ្លាំងឡើងៗ។ ដោយគិតត្រឹមភាពទី ៦ រឿង “Queen Of Tears” ទទួលបាន Rating ទូទាំងប្រទេសគឺ ១៤ ភាគរយ និងទទួលបានចំណាត់ថ្នាក់លេខ ១ ព្រមទាំងបំបែកកំណត់ត្រារឿងល្បី Crash Landing On You ដែលចេញក្នុងឆ្នាំ ២០១៩ សម្រាប់ភាគ ៦ អាចរកបាន ៩,២ ភាគរយ។

ក្រឡេកមកមើលតួឯកទាំងពីរវិញ តារាប្រុស Kim SooHyun និងតារាស្រី Kim JiWon គឺត្រូវបានមនុស្សជាច្រើនសរសើរអំពីទេពកោសល្យក្នុងការសម្ដែង ដែលធ្វើឲ្យអ្នកទស្សនាហើយស្រក់ទឹកភ្នែកតាមដោយមិនដឹងខ្លួន។ ជាពិសេស ថ្វីដៃកំពូលតារាឆ្នើមទាំងពីរដាក់ចូលគ្នាពិតជាសមគ្នា សឹងរកកន្លែងគ្មានទាស់។ សម្រាប់តារាស្រី Kim JiWon នាងធ្លាប់ត្រូវបានគេសរសើរថា ជាតារាស្រីមានថ្វីដៃពូកែសម្ដែង ហើយការបង្ហាញមុខក្នុងរឿងនេះ កាន់តែធ្វើឲ្យមហាជនជាច្រើនបានឃើញពីទេពកោសល្យរបស់នាង។

កាន់តែមានប្រជាប្រិយភាព និងក្លាយជាតារាស្រីត្រូវគេស្រឡាញ់យ៉ាងច្រើននៅដើមឆ្នាំ ២០២៤ Kim JiWon បានក្លាយជាអ្នកតំណាង និងម៉ូឌែល សម្រាប់ក្រុមហ៊ុនធានារ៉ាបរងល្បី Hanhwa General Insurance។ Kim JiWon ត្រូវបានគេរាយការណ៍ថា នឹងត្រៀមក្លាយជាអ្នកតំណាង និងម៉ូឌែល ថ្មីសម្រាប់ស្រាកូរ៉េល្បី SoJu Chum Churum ផងដែរ។ ទន្ទឹមនេះ JiWon ត្រូវបានគេរំពឹងថា នឹងទទួលបានការងារយ៉ាងច្រើនបន្ថែមទៀត ក្រោយរឿង “Queen Of Tears” កាន់តែទទួលបានជោគជ័យ។ ជាទំនៀមទម្លាប់ នៅពេលដែលតារាស្រីកូរ៉េទទួលបានការងារជាអ្នកតំណាងស្រា របស់ប្រទេសកូរ៉េ ធានារ៉ាប់រងជីវិត និងធនាគារ ត្រូវបានគេចាត់ទុកអាជីពសិល្បៈរបស់តារាស្រីរូបនោះគឺកំពុងរីកចម្រើនខ្លាំង។


គួរបញ្ជាក់ថា Kim JiWon ជាតារាស្រីម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង និងបានបង្ហាញខ្លួនក្នុងរឿងជាច្រើនដូចជា Descendants of The Sun, Fight for My Way, Arthdal Chronicles និង My Liberation Notes ជាដើម៕




















































Account
Security
Favourite Content