គេនៅចាំថា ក្នុងវគ្គ Live Show សប្ដាហ៍ទី១ នៃកម្មវិធី The Voice Cambodia រដូវកាលទី៣ កាលពេលកន្លងទៅ កូនក្រុមរបស់ ពេជ្រ សោភា គឺបេក្ខជន លឹម សេរីហាន់នីកា បានជ្រើសយកបទ «ក្តាមស្រែ» មកបកស្រាយឡើងវិញ។ ពិតជាគួរឱ្យភ្ញាក់ផ្អើល នីកា បានធ្វើឲ្យទស្សនិកជន និង Coach ទាំង ៤ រូប មានការភ្ញាក់ផ្អើលជាខ្លាំងជាមួយសមត្ថភាពថ្មីក្នុងការបកស្រាយចម្រៀង “ក្ដាមស្រែ” មួយបទ តែច្រើនរសជាតិផ្សេងគ្នា។

បន្ទាប់ពីធ្វើឱ្យកក្រើកវេទិកាប្រកួតនៅខ្មែរ សម្រែកចម្រៀងបទ «ក្តាមស្រែ» របស់ លឹម សេរីហាន់នីកា ពិតជាខ្លាំងអស្ចារ្យ រហូតត្រូវបានឆាណែលលំដាប់ពិភពលោក ឈ្មោះថា «Best Of The Voice» ដែលមានអ្នក Subscribers 3,96 M (គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣) បានជ្រើសយកបទ «ក្ដាមស្រែ» របស់ សេរីហាន់នីកា បញ្ចូលជាបទខ្លាំងប្រចាំសប្ដាហ៍របស់ខ្លួន (Best Of The Week) កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៣ រួមជាមួយបទ «Ring Of Fire» ច្រៀងដោយ Dan Daniels ក្នុងកម្មវិធី The Voice Australia 2023 វគ្គ The Blind Auditions និងបទ «Super Trouper» ច្រៀងដោយ Clara Hill vs Lucia Mundstock ក្នុងកម្មវិធី The Voice Uruguay 2023 វគ្គ Battles។


ទទួលដំណឹងនេះភ្លាម ពេជ្រ សោភា មិនបង្អង់យូរ ក៏បានបង្ហោះដំណឹងល្អនេះចែករំលែកឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមបានឃើញ ដោយនាងបានដាក់ Caption នោះថា «ក្តាមស្រែ លឹម សេរីហាន់នីកា ដល់ស្រុកគេដែលហើយ ជាបេក្ខនារីម្នាក់ដែលបានចូលក្នុងតារាង Best The Voice Best performances Proud of You Lim Serey HanNika»។




ទន្ទឹមការបង្ហោះខាងលើ សោភា ដែលជាគ្រូបង្វឹកផ្ទាល់ និងជាចុចប៊ូតុងយក លឹម សេរីហាន់នីកា ក្នុងវគ្គ Blind Auditions របស់កម្មវិធីThe Voice Cambodia រដូវកាលទី ៣ បានប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងថ្មីៗនេះថា នាងរំភើបហើយភ្ញាក់ផ្អើលខ្លាំងដែរ ព្រោះការសម្តែងរបស់កូនក្រុមនាងលោតចូលតារាងរបស់ឆានែលពិភពលោក។ គ្រូបង្វឹករូបនេះបន្តថា ដូចដែលបានដឹងហើយថា ឆានែល Best of The Voice មិនងាយទទួលស្គាល់នោះទេ ទាល់តែយើងធ្វើបាន The best តែម្តងទើបគេបញ្ចូល ហើយនាង និងលោកគ្រូភ្លេង សាន់ សុវណ្ណឌីនសប្បាយចិត្តណាស់ នឹងខិតខំប្រឹងប្រែងធ្វើឱ្យបានល្អថែមទៀត ដើម្បីឱ្យគេយកទៅបង្ហោះនៅឆានែលអន្តរជាតិបន្តទៀត។
សោភា ពន្យល់ឡើងថា The Voice ជាកម្មវិធីលំដាប់ពិភពលោក ដូច្នេះទាល់តែគេមើលឃើញ ហើយពេញចិត្ត Performance យើង ទើបគេយកទៅដាក់នៅឆានែលរបស់គេ មិនមែនយើងចង់ឱ្យបង្ហោះ គេនឹងបង្ហោះទេ ពោលគឺគេពិនិត្យថាស័ក្កសមទើបគេយកទៅបង្ហោះ ដែលសំខាន់យើងត្រូវតែធ្វើបាន Best of The Voice ទើបគេដាក់បញ្ចូល។


បើទោះបីជា ពេជ្រ សោភា ជាអ្នកសរសេរប៉ារ៉ូ បទ «ក្តាមស្រែ» ៤ រសជាតិ ដែល លឹម សេរីហាន់នីកា ច្រៀងនោះក៏ពិតមែន តែនាងនៅតែលើកសរសើរដល់លោកគ្រូភ្លេង សាន់ សុវណ្ណឌីន ព្រោះបើគ្មានលោកជួយទេ ក៏មិនអាចធ្វើការនេះចេញមកបានដោយរលូន រហូតត្រូវអន្តរជាតិចាប់អារម្មណ៍នោះទេ។ ឆ្លៀតឱកាសនេះ សោភា ក៏សូមលើកទឹកចិត្តកូនក្រុម លឹម សេរីហាន់នីកា ដែលនាងមិនដែលធ្វើឱ្យគ្រូបង្វឹកខកចិត្តម្តងណាឡើយ តាំងពីក្លាយជាកូនក្រុមរបស់ឈានដល់វគ្គ Live Show នេះ។ កុំភ្លេចរង់ចាំតាមដានការប្រកួតវគ្គបន្ទាប់របស់ លឹម សេរីហាន់នីកា ដើម្បីបានដឹងថា សមត្ថភាពរបស់អ្នកចម្រៀងវ័យក្មេងនេះវិវត្តន៍ទៅមុខខ្លាំងកម្រិតណា!
ទស្សនាវីដេអូ The best performances this week on The Voiceលើឆានែល Best of The Voiceខាងក្រោមនេះ៖

























Account
Security
Favourite Content