ប្រិយមិត្តភាគច្រើនប្រហែលដឹងហើយថា ប៉ុន្មានឆ្នាំមកនេះតារាចម្រៀងឯករាជ្យ កញ្ញា ចិត្ត កញ្ចនា និយមបកស្រាយតែប្រភេទបទចម្រៀងមនោសញ្ចេតនារៀបរាប់ទុក្ខសោកនៃរឿងស្នេហាប៉ុណ្ណោះ តែដោយឡែកសម្រាប់ឆ្នាំថ្មីនេះ កញ្ចនា បានប្រកាសឱ្យដឹងថា នាងបានផ្លាស់ប្តូរស្ទីលច្រៀងស្ទើរ៣៦០ដឺក្រេ ពីបទមនោសញ្ចេតនាមកជាបទញាក់កន្រ្តាក់អារម្មណ៍វិញម្តង ដែលអ្នកស្តាប់អាចរាំលេងកម្សាន្តតាមចង្វាក់ភ្លេងបានយ៉ាងសប្បាយរីករាយ។
ការផ្លាស់ប្តូរស្ទីលច្រៀងបែបនេះ គឺដើម្បីចំណីចក្ខុថ្មីប្លែក ព្រោះភាពដដែលៗជាសត្រូវរបស់សិល្បករ និងបុគ្គលអ្នកសិល្បៈ។ មួយវិញទៀត ប្រឡូកសិល្បៈយូរឆ្នាំ កញ្ញាក៏ចង់ពង្រឹងសមត្ថភាពបន្ថែម និងមិនចង់ឱ្យហ្វេននៅសោកសៅបន្តទៀតឡើយ។
ម្ចាស់បទ «ប្រាប់បានទេ» បង្ហើបឱ្យដឹងថា ឆ្នាំនេះនាងត្រៀមចម្រៀងលក្ខណៈអាល់ប៊ុមជូនហ្វេនតែម្តង ដោយក្នុងអាល់ប៊ុមនោះមានចម្រៀងចន្លោះ ៧-១០បទ សុទ្ធសឹងជាបទចង្វាក់ញាក់កន្ត្រាក់ទាំងអស់។ អ្វីដែលរក្សាដដែលគឺប៉ារ៉ូលចម្រៀងសេដ តែចង្វាក់ភ្លេងបែបថ្មីប្លែកអាចរាំកម្សាន្តបាន។ ក្រៅពីរសជាតិថ្មីហើយនោះ កញ្ចនា ក៏បានដាក់បញ្ចូលអត្ថន័យបង្កប់ជ្រាលជ្រៅឱ្យអ្នកស្តាប់ផងដែរ ដោយនាងចង់បង្រៀនឱ្យអ្នកស្តាប់មានភាពរឹងមាំជាងមុន និងផ្តោតខ្លាំងលើភាពឯករាជ្យជាមនុស្សស្រីផងដែរ។
ពេលនេះ អាល់ប៊ុមចម្រៀងថ្មីដែលមិនទាន់ទម្លាយចំណងជើងរបស់ កញ្ចនា ផលិតបាន ៦០-៧០% ហើយ។ ទោះមិនទាន់ដឹងថា អាចនឹងចប់១០០%នៅពេលណាក៏ពិតមែន តែនាងបានទម្លាក់បទថ្មីទាំងនោះលើទីផ្សារបណ្តើរៗហើយ ដោយបទទី១ ចំណងជើងថា «កុំទាន់» បានទម្លាក់លើ Channel YouTube Kanhchna Chet កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។
តាមគម្រោង កញ្ចនា ចង់រៀបចំ Mini Concert នៅឆ្នាំក្រោយ ដូច្នេះនាងមានគម្រោងទម្លាក់បទថ្មីឱ្យបានរៀងរាល់ខែ ដើម្បីឱ្យហ្វេនស្តាប់កម្សាន្ត ទម្រាំដល់ថ្ងៃប្រគំតន្ត្រីគ្រប់គ្នាអាចច្រៀងលេងបានទាំងអស់គ្នាតែម្តង៕





















































Account
Security
Favourite Content