សម្ដែងជាតួអង្គចិត្ដអាក្រក់ពិសពុល ពិតណាស់តារាសម្ដែងកូរ៉េមួយចំនួន ត្រូវបានមហាជនជាច្រើនសរសើរមិនដាច់ពីមាត់ ព្រោះសម្ដែងសមពេកស្ទើរបែងចែកមិនដាច់ថាជាការសម្ដែង។ ប៉ុន្ដែក្នុងចំណោមនោះមានតារាសម្ដែងចំនួន ៤ នាក់ត្រូវ មហាជនប្រៀបប្រដូច ដូចតួអង្គខ្លួនសម្ដែងក្រោយធ្លាយរឿងអាស្រូវ។
១.Song HaYoon



តារាស្រី Song HaYoon ទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយសម្ដែងក្នុងរឿងភាគ “Marry My Husband”។ សម្ដែងជាតួអង្គចិត្ដអាក្រក់ឈ្នានីសអ្នកដទៃ តារាស្រី Song HaYoon ត្រូវបានគេសរសើរមិនដាច់ពីមាត់ ដោយថ្វីដៃសម្ដែងរបស់នាងពិតជាលេចធ្លោ។ រូបនាងចាប់ផ្ដើមទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។ តែក្រោយមក នៅដើមខែ មេសា ឆ្នាំ ២០២៤ ប្រភពព័ត៌មាន JTBC បានទម្លាយឲ្យដឹងថា តារាស្រីរូបនេះជាប់ពាក់ព័ន្ធរឿងធ្វើបាបមិត្ដរួមសាលា កាលនៅរៀនវិទ្យាល័យ និងត្រូវគេបណ្ដេញចេញពីសាលាថែមទឿត។ នាងត្រូវបានរាយការណ៍ថា ជាបងធំក្នុងសាលា និងធ្លាប់ទះកំផ្លៀងមិត្ដរួមសាលារហូតដល់ ៩០ នាទី។ រឿងនេះពិតជាធ្វើឲ្យមនុស្សជាច្រើនហាក់មានការភ្ញាក់ផ្អើល។ ដើមឡើយ ផលិតកម្មគ្រប់គ្រងតារាស្រីរូបនេះបានចេញមុខបដិសេដ ប៉ុន្ដែក្រោយមកក៏បានទទួលស្គាល់ថា វាជាការពិតដែលនាងត្រូវបានផ្លាស់ប្ដូរសាលា ដោយសារបញ្ហាក្នុងសាលា តែនាងមិនបានទះកំផ្លៀងអ្នកដទៃអស់រយៈពេល ៩០ នាទីដូចបានចោទប្រកាន់នោះទេ។
២.Kim Hieora




សម្ដែងជាតួអង្គ Bully អ្នកដទៃ ក្នុងរឿង “The Glory” តារាស្រី Kim Hieora ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំង។ ការសម្ដែងដ៏ប៉ិនប្រសប់ បើទោះជាមិនមែនជាតួអង្គឯក តែ Kim Hieora ទទួលភាពល្បីល្បាញមិនធម្មតា ក្រោយរឿងចាក់ផ្សាយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ រូបនាងក៏ជាប់ពាក់ព័ន្ធរឿងអាស្រូវ Bully អ្នកដទៃក្នុងជីវិតពិត។ រូបនាងត្រូវបានគេចោទប្រកាន់ ថាធ្លាប់ស្ថិតក្នុងក្រុមបងធំ កាលនៅរៀនវិទ្យាល័យ និងចូលរួមសកម្មភាពដូចជាជំរិតទារប្រាក់ អ្នកក្នុងសាលា ព្រមទាំងធ្វើបាបអ្នកដទៃ។ តែទោះជាយ៉ាងណាមិនមានភស្ដុតាងច្បាស់លាស់ ១០០ ភាគរយ ឡើយថានាងពិតជាបានធ្វើរឿងទាំងអស់នោះពិតមែន ខណៈបច្ចុប្បន្ននៅតែមិនទាន់មានការបញ្ជាក់ណាមួយទាក់ទងរឿង Bully នេះ។ ស្របពេលមតិមួយចំនួននៅតែលើកឡើងថា មិនខុសពីក្នុងរឿង នាងក៏ជាបុគ្គលម្នាក់ដែលធ្វើបាបអ្នកដទៃ។
៣.Han SoHee



តារាស្រី Han SoHee ចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍ ក្រោយបង្ហាញខ្លួនក្នុងរឿង “The World of The Married”។ ជាបន្ដបន្ទាប់នាងបង្ហាញមុខក្នុងរឿងល្បីៗ ជាច្រើន ភាពល្បីល្បាញនាងកាន់តែឡើងស្រឺតៗ និងក្លាយជាតារាស្រីកូរ៉េមានតម្លៃខ្លួនខ្ពស់ម្នាក់។ ជីវិតសិល្បៈនាងចាប់ផ្ដើមត្រូវបានគេរិះគន់ ដោយសារនាងជាប់ជំពាក់រឿងអាស្រូវស្នេហាជាមួយតារាប្រុស Ryu JunYeol។ រូបនាងចាប់ផ្ដើមត្រូវបានគេលើកឡើងថា មិនខុសពីតួអង្គខ្លួនសម្ដែង ជាជនជ្រៀតជ្រែកស្នេហាអ្នកដទៃ។ បើទោះជាគ្មានភស្ដុតាងច្បាស់លាស់ ខណៈរូបនាងបានលើកឡើងថាខ្លួនបានសេពគប់ជាមួយតារាប្រុស Ryu JunYeol ក្រោយលោកបែកគ្នាជាមួយអតីតមិត្ដស្រី តែមតិរិះគន់រូបនាងនៅតែមានជាហូរហែរ។
៤.Jisoo



តារាសម្ដែងប្រុស Jisoo ចាប់ផ្ដើមមានភាពល្បីល្បាញ បន្ទាប់ពីសម្ដែងក្នុងរឿង “Scarlet Heart” និង “Strong Woman Do Bong Soon”។ លោកបានបង្ហាញថ្វីដៃសម្ដែងយ៉ាងល្អជាតួអង្គចិត្ដអាក្រក់ក្នុងរឿង “Bad Guys: Vile City”។ តែអាជីពសិល្បៈដែលលោកខំសាងមករាប់ឆ្នាំក៏ត្រូវរង្គោះរង្គើក្នុងឆ្នាំ ២០២១ ដោយសារលោកត្រូវបានគេចោទប្រកាន់ថា ជាមនុស្សមិនល្អធ្លាប់ធ្វើបាបអ្នកដទៃកាលនៅរៀន។ លោកត្រូវបានគេលើកឡើងថា ជាមនុស្សប្រើអំពើហិង្សា វាយធ្វើបាបមិត្ដរួមថ្នាក់ ព្រមទាំងស្ដោះទឹកមាត់ដាក់អ្នកដទៃទៀត។ រឿងរ៉ាវនេះធ្វើឲ្យលោកបាត់មុខពីសិល្បៈ និងត្រូវផលិតកម្មផ្ដាច់កុងត្រា។ កន្លងអស់ជាច្រើនឆ្នាំ អ្នកដែលត្រូវលោកធ្វើបាបបានទម្លាយឲ្យសារព័ត៌មានដឹងថា លោកបានជួបតារាប្រុស Jisoo និងផ្សះផ្សារ គ្នារួចហើយ។ បច្ចុប្បន្ន តារាប្រុស Jisoo នៅតែមិនទាន់លេចមុខក្នុងរឿងភាគណាឡើយ តែលោកបានបង្ហោះរូបក្នុងបណ្ដាញសង្គមទំនងជាតម្រុយចង់ជ្រៀតចូលមកសិល្បៈវិញ៕























































Account
Security
Favourite Content