តុលាការកាត់ក្ដីឱ្យចុងចោទ ប្រគល់ភាគហ៊ុនទាំងអស់ត្រឡប់ទៅឱ្យ Jungkook វិញ ក្រោយភាគីនេះបានទទួលទិញភាគហ៊ុនពីជនដៃដល់ដែលបានបន្លំអត្តសញ្ញាណ និងលួចយកភាគហ៊ុននៅ HYBE ពីតារាប្រុសរូបនេះ។

យោងតាមសារព័ត៌មាន BIZ Hankook ហេតុការខាងលើនេះបានកើតឡើងដំបូងនៅថ្ងៃទី៦ ខែមករា ឆ្នាំ ២០២៤ ដោយជនខិលខូចរូបនោះបានបង្កើតគណនីមូលបត្រថ្មីចំនួន៣ ក្រោមឈ្មោះ Jungkook ទាំងគ្មានការអនុញ្ញាត។ នៅគ្រានោះជនល្មើសរូបដដែលបានផ្ទេរភាគហ៊ុនរបស់តារាប្រុសវ័យ ២៧ឆ្នាំចំនួន ៣៣ ០០០ ភាគហ៊ុនដែលមានតម្លៃ ៨.៤ ពាន់លានវ៉ុន ឬប្រមាណ ៥.៧លានដុល្លារអាមេរិកចូលទៅក្នុងគណនីថ្មី និងបានលក់ចេញទៅឱ្យភាគីទី ៣ ចំនួន ៥០០ភាគហ៊ុន។
បន្ទាប់ពីបានដឹងពីឧក្រិដ្ឋកម្មនេះ នៅក្នុងខែមីនា ឆ្នាំដដែល Jungkook បានដាក់ពាក្យបណ្តឹងទៅភាគីទី៣ទាមទារឱ្យមានការប្រគល់នូវភាគហ៊ុនត្រឡប់មកវិញ។ ទន្ទឹមគ្នានឹង ក្រុមហ៊ុនបុត្រសម្ព័នរបស់ HYBE គឺ BigHit Music បានចេញវិធានការណ៍ដោះស្រាយទៅលើបញ្ហានេះ និងបង្កកគណនីរបស់តារាប្រុសរូបនេះភ្លាមៗ។
ជាលទ្ធផល នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ តុលាការទីក្រុងសេអ៊ូលភាគខាងលិច បានសម្រេចឱ្យដើមបណ្ដឹង ឬ សមាជិកBTS រូបនេះ ជាអ្នកឈ្នះ ជាមួយនឹងហេតុផលថា ការលក់-ដូរភាគហ៊ុននេះមិនមានកិច្ចព្រមព្រៀងផ្ទេរត្រឹមត្រូវនោះទេ ព្រោះដើមបណ្ដឹងក៏ជាជនរងគ្រោះពីការក្លែងបន្លំអត្តសញ្ញាណម្នាក់ដូចគ្នា។

ដើមឡើយ ចុងចោទដែលជាអ្នកទិញភាគហ៊ុននោះ បានបង្ហាញនូវការមិនពេញចិត្តនឹងការកាត់ក្ដីរបស់តុលាការ និងបានប្ដឹងបកទៅការតុលាការវិញ។ រហូតមកដល់ខែមីនានេះ ទើបមានការរាយការណ៍ថា បុគ្គលរូបនេះបានសម្រេចដកពាក្យបណ្ដឹងវិញទៅហើយ។
ទោះជាយ៉ាងណាក្ដី បច្ចុប្បនេះ អត្តសញ្ញាណរបស់ជនដៃដល់នៅមិនទាន់បានរកឃើញនៅឡើយនោះទេ ដោយមានត្រឹមការសន្និដ្ឋានថា ជនល្មើសអាចជាមនុស្សជិតស្និទ្ធរបស់ Jungkook ព្រោះគេអាចចូលប្រើប្រាស់គណនី ដឹងលេខកូដសម្ងាត់ និងព័ត៌មានសំខាន់ផ្សេងទៀតរបស់លោក ៕























Account
Security
Favourite Content