អ្នកនិយមទស្សនារឿងហុងកុងកាលពីជំនាន់ទសវត្សរ៍ឆ្នាំ ៨០ ប្រាកដជាស្គាល់តារាសម្ដែងស្រីដ៏ល្បី Joey Wong ជាមិនខាន ដោយសារតែនាងបានបង្ហាញខ្លួនក្នុងភាពយន្ដកុនល្បីៗ ជាច្រើន និងព្រមទាំងធ្លាប់ចាប់ដៃសម្ដែងជាមួយលោក ឈិន ឡុង, លី តាវហួរ និង Ng Mantat ជាដើម។
អ្វីដែលធ្វើឱ្យមហាជនហាក់មានការសោកស្ដាយនៅក្នុងឆ្នាំ ២០០៤ រូបនាងក៏សម្រេចបញ្ចប់អាជីពជាអ្នកសិល្បៈ និងផ្លាស់ទៅរស់នៅយ៉ាងស្ងប់ស្ងាត់នៅប្រទេស កាណាដា ហើយនាងចំណាយពេលវេលាស្ទើរទាំងអស់របស់ខ្លួននៅជាមួយធម្មជាតិ និងសុំសីលនៅក្នុងព្រះវិហារ។
មែនទែនទៅ ថ្វីបើមិនសម្ដែង មិនមានការងារជាអ្នកសិល្បៈតែទ្រព្យសម្បត្ដិរបស់តារាស្រី Joey Wong ត្រូវបានរាយការណ៍ថាមានចំនួនច្រើនខ្លាំងដែលធ្វើឱ្យនាងអាចរស់បានយ៉ាងស្រួលពេញមួយជីវិតដោយមិនចាំបាច់បារម្ភពីការខ្វះខាតប្រាក់។
ថ្មីៗ នេះ ប្រភពព័ត៌មានហុងកុង HK01 បានឱ្យដឹងថា ទ្រព្យសម្បត្ដិរបស់តារាស្រី Joey Wong មានរហូតដល់ទៅ ១ ពាន់លានដុល្លារអាមេរិកនៅពេលដែលនាងលាឈប់ពីសិល្បៈក្នុងឆ្នាំ ២០០៤ ហើយចំនួនទឹកប្រាក់ដ៏ច្រើនក្រាស់ក្រែលនេះអាចឱ្យរស់នៅពេញមួយជីវិតដោយសុខស្រួល ខណៈប្រភពទឹកប្រាក់ទាំងនេះបានមកពីការសម្ដែង និងជំនួញអចលនទ្រព្យរបស់នាង។
តាមប្រភពព័ត៌មានដដែលបានឱ្យដឹងថា នាងអាចរកបានប្រាក់ប្រមាណរហូតដល់ជាង ២ ម៉ឺនដុល្លារអាមេរិកតាំងពីមានអាយុ ១៩ ឆ្នាំម្ល៉េះ។ ហើយនៅអាយុត្រឹម ២០ ឆ្នាំ នាងមានទ្រព្យសម្បត្ដិប្រមាណជិត ១០ ម៉ឺនដុល្លារឯណោះ។ ក្នុងអាជីពសិល្បៈរបស់នាង តារាស្រីវ័យ ៥៥ ឆ្នាំរូបនេះបង្ហាញក្នុងភាពយន្ដកុនល្បីៗ ច្រើនជាង ៦០ រឿង។
ទន្ទឹមនេះ តារាស្រី Joey Wong ក៏ធ្លាប់និយាយដោយខ្លួនឯងផ្ទាល់ក្នុងបទសម្ភាសន៍ម្ដងថា៖ ប្រាក់ដែលនាងរកបានគឺពិតជាច្រើន ហើយឱ្យនាងចាយពេញមួយជីវិតក៏មិនអស់៕
























Account
Security
Favourite Content