ទទួលបានជយលាភីធីតាឯកសង្ក្រាន្ត រដូវកាលទី ៤ មិនយូរប៉ុន្មាន ស្រាប់តែតារាស្រីសម្បុរស្រអែមស្រស់ អ៊ិន ម៉ូលីកា លេចមុខក្នុងរឿងភាគប្រវត្តិសាស្ត្រខ្មែរដំបូងបង្អស់ «អប្សរាមហាអង្គរ» ជាស្នាដៃនិពន្ធ និងដឹកនាំដោយលោក ហ្វៃ សំអាង។
ទោះទើបប្រឡូកមែន តែ ម៉ូលីកា មិនមែនជាតួរាយរងក្នុងរឿងនេះទេ នាងក្តោបបានតំណែងធំទៀតផង គឺសម្តែងជាតួអង្គព្រះនាង ជ័យរាជទេវី ជាមហេសីព្រះបាទជ័យវរ្ម័នទី៧។ ក្នុងនោះ លោក រស់ សោភ័ណ្ឌ សម្តែងជាតួអង្គព្រះបាទជ័យវរ្ម័នទី៧ ហើយ លីវ ជីលី សម្តែងជាតួអង្គ ព្រះនាង ឥន្ទ្រទេវី ជាព្រះរាជអគ្គមហេសីមួយអង្គទៀតរបស់ព្រះបាទជ័យវរ្ម័នទី៧។
អ៊ិន ម៉ូលីកា បានឱ្យដឹងថា នេះជាលើកដំបូងបង្អស់របស់នាងដែលមានឱកាសបានចូលរួមសម្តែងរឿងភាគបុរាណខ្នាតធំបែបនេះ ព្រោះកន្លងមកនាងធ្លាប់តែសម្តែងរឿងសម័យ ដូច្នេះនាងរំភើបខ្លាំងនិយាយស្ទើរមិនចេញ ពេលដឹងថាខ្លួនត្រូវជ្រើសឱ្យចូលរួមសម្តែងរឿងបុរាណនៅពេលនេះ។ ធីតាឯកសង្ក្រាន្តរដូវកាលទី៤ រូបនេះ ប្តេជ្ញាសម្តែងឱ្យបានល្អអស់ពីសមត្ថភាព ឱ្យស័ក្តិសមតម្លៃដែលអ្នកដឹកនាំរឿង ផ្តល់ឱកាសឱ្យនាង។
សូមជម្រាបថា នេះជាសមិទ្ធផលធំមួយទៀតរបស់ កញ្ញា អ៊ិន ម៉ូលីកា បន្ទាប់ពីនាងបានទទួលជយលាភី ធីតាឯកសង្ក្រាន្ត រដូវកាលទី៤។ ឆាប់ៗនេះ តារាសម្តែងសម្បុរសណ្តែកបាយ ម៉ូលីកា នឹងត្រូវដើរតួជាទេវតាឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ នាពេលឆាប់ៗខាងមុខនេះ៕





















































Account
Security
Favourite Content