Ahreum ជាអតីតសមាជិកក្រុមចម្រៀងនារីល្បី T-ara រូបនាងទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយបង្ហាញខ្លួនជាសាធារណៈកំឡុងឆ្នាំ ២០១២។ មិនបានប៉ុន្មាន ក្រោយបង្ហាញខ្លួនជាមួយក្រុមចម្រៀង T-ara រូបនាងក៏បានប្រកាសចាកចេញពីក្រុមក្នុងឆ្នាំ ២០១៣ ដោយមូលហេតុគឺនាងចង់ផ្ដោតលើអាជីពជាតារាចម្រៀងទោលវិញ។



ក្នុងឆ្នាំ ២០១៩ រូបនាងក៏បានប្រកាសរៀបការជាមួយមិត្ដប្រុសក្រៅសិល្បៈម្នាក់ដែលជាអ្នកជំនួញ រូបនាង និងស្វាមីទទួលបានចំណងដៃកូនចំនួន ២ នាក់។ បើក្រឡេកមកមើលជីវិតសិល្បៈរូបនាងនៅតែបន្ដធ្វើជាអ្នកចម្រៀង។ ថ្មីៗនេះដែរ តារាស្រីវ័យ ២៩ ឆ្នាំរូបនេះបានទម្លាយប្រាប់មហាជនថា រូបនាងបានសម្រកគីឡូបានដល់ជាង ២៥ គីឡូក្នុងរយៈពេលត្រឹម ៨ ខែប៉ុណ្ណោះ បន្ទាប់ពីឡើងគីឡូខ្លាំងក្រោយសម្រាលកូន ជាហេតុធ្វើឱ្យមហាជនហាក់មានការភ្ញាក់ផ្អើលខ្លាំង។ មិនតែប៉ុណ្ណោះ មតិជាច្រើនបានលើកឡើងថា រូបនាងហាក់ស្រស់ស្អាត និងក្មេងជាងមុនបើទោះមានកូនតូចដល់ទៅពីរហើយក្ដី។


រូបនាងក៏បានបញ្ជាក់ប្រាប់ពីវិធីសម្រកគីឡូងាយស្រួលដែលធ្វើឱ្យនាងអាចស្គម និងទទួលបានរាងក្នុងក្ដីស្រមៃបានជោគជ័យ។ ដោយនាងបញ្ជាក់ថា៖ កុំដាក់សម្ពាធលើខ្លួនឯងទាក់ទិននឹងរឿងសម្រកគីឡូ ព្រោះបើសិនជាព្យាយាមដាក់កំហិតខ្លួនឯងពេកអាចនឹងពិបាកក្នុងការធ្វើ។ អ្វីដែលត្រូវធ្វើគឺគិតទុកថា តើរូបរាងបែបណាដែលអ្នកប្រាថ្នាចង់បាន នៅពេលដែលអ្នកមានអារម្មណ៍ស្រឡាញ់ពេញចិត្ត អ្នកនឹងធ្វើវាចេញពីចិត្តគ្មានការបង្ខំ។ មួយវិញទៀត មនុស្សម្នាក់ៗ មានរាងកាយខុសគ្នា ត្រូវមានអំណត់អត់ធន់ អ្នកខ្លះអាចនឹងងាយស្រកគីឡូ ប៉ុន្ដែអ្នកខ្លះទៀតអាចនឹងពិបាក។


រឿងដែលសំខាន់នោះ កុំបង្ខំត្រូវដឹងពីសមត្ថភាពរបស់ខ្លួន តើអ្នកអាចហាត់ប្រាណបានក្នុងកម្រិតណា តមអាហារបានក្នុងកម្រិតណា និងចាប់ផ្ដើមម្ដងបន្ដិច។ វាមិនមែនជារឿងល្អទេ បើរាងអ្នកស្អាតប៉ុន្ដែអ្នកបញ្ហាសុខភាព។ បើសម្រាប់នាងវិញគឺដឹងថា ខ្លួនឯងអាចធ្វើបានដល់កម្រិត នាងតែងតែហាត់ប្រាណជារៀងរាល់ថ្ងៃ និងតមអាហារចន្លោះពី ២០ ទៅ ២២ ម៉ោងក្នុងមួយថ្ងៃទើបទទួលទានម្ដង។



ជាចុងក្រោយ តារាស្រីរូបនេះក៏បានបញ្ជាក់បន្ថែមថា៖ នាងមិនណែនាំឱ្យមហាជនសម្រកគីឡូតាមវិធីនាងនោះឡើយ ព្រោះមនុស្សមានរាងកាយខុសៗ គ្នា ប៉ុន្ដែបើគ្រប់គ្នាអាចធ្វើបានដោយគ្មានការបង្ខិតបង្ខំវាពិតជារឿងល្អមួយ៕
























Account
Security
Favourite Content