កម្មវិធីទទួលពានរង្វាន់ AFA ឬ Asian Film Awards ធ្វើឡើងនៅទឹកដី ហុងកុង បានទាញយកចំណាប់អារម្មណ៍ជាច្រើនពីមហាជន ជាពិសេសប្រជុំសុទ្ធកំពូលតារាសម្ដែងល្បីៗ មកពីគ្រប់ទិសទី។ វត្ដមានរបស់តារាសម្ដែងស្រី ២ រូបគឺ Fan BingBing និង Lee Young Ae ឬ ចាំង គីម ពិតជាមិនអាចខ្វះបាន ដោយសារតែអ្នកទាំងពីរសុទ្ធសឹងតែជាតារាសម្ដែងរៀមច្បងជួរមុខ និងមានភាពល្បីល្បាញខ្លាំង។


នៅល្ងាចថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២៤ តារាស្រីចិន Fan Bing Bing ក៏បានបង្ហោះរូបជាច្រើនសន្លឹក ដើម្បីជាការអបអរសម្រាប់ការចូលរួមកម្មវិធី Asian Film Awards ឆ្នាំ ២០២៤។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រ និងមហាជន មានការចាប់អារម្មណ៍ខ្លាំង តារាស្រីរូបនេះក៏បានថតរូបជាមួយតារាស្រី Lee Young Ae ផងដែរ។



រាជិនីសម្រស់ ២ រូប ប្រចាំប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន ប៉ះគ្នា បានធ្វើឲ្យរូបភាពនោះក្លាយជាប្រធានបទត្រូវគេយកមកពិភាក្សាពាសពេញបណ្ដាញសង្គម មិនថាតែក្នុងស្រុក ឬក្រៅស្រុក។ ក្នុងឱកាសចូលរួមកម្មវិធី Asian Film Awards តារាស្រី Fan BingBing បានស្លៀករ៉ូបស លេងស្ទីលប្លែក និងផាត់មុខបែបកាច ស៊ិចស៊ី ស្របពេលដែលតារាស្រី Lee Young Ae ស្លៀករ៉ូបពណ៌ផ្កាឈូកស្រាល និងតុបតែងមុខបែបធម្មជាតិ ស្រទន់។ មតិជាច្រើន លើកឡើងថា អ្នកទាំងពីរពិតជាស្រស់ស្អាតខ្លាំង ដោយ Fan BingBing ស្អាតបែបនារីស៊ីវិល័យ ខណៈ Lee Young Ae ស្អាតបែបសុភាពរាបសា។



បច្ចុប្បន្ន តារាស្រី Fan BingBing មានវ័យ ៤២ ឆ្នាំ រីឯ Lee Young Ae មានវ័យ ៥៣ ឆ្នាំ។ ជារឿយៗ អ្នកទាំងពីរតែត្រូវ អ្នកគាំទ្រ និងមហាជនសរសើរពីការប៉ិនប្រសប់ក្នុងការថែទាំសម្រស់ ដែលធ្វើឲ្យរូបរាងអ្នកទាំងពីរពិតជាក្មេងជាងវ័យខ្លាំង។ ក្រឡេកមកមើលអាជីពសិល្បៈវិញ Fan BingBing រូបនាងផ្ដោតលើការចូលរួមកម្មវិធីធំៗ និងលេងស្ទីល Fashion ថតទស្សនាវដ្ដី ជាដើម។ ចំណែកតារាស្រី Lee Young Ae នឹងត្រៀមបង្ហាញខ្លួនក្នុងរឿងថ្មី “The Righteous Woman, Dae JangGeun”។ Lee Young Ae បានទម្លាយថា រូបនាងនឹងខិតខំប្រឹងប្រែង និងសង្ឃឹមអាចនាំយកតួអង្គដ៏ថ្មីអស្ចារ្យ មិនអាចបំភ្លេចបានជូនទស្សនិកជនសម្រាប់រឿងថ្មីរបស់ខ្លួន ៕




























Account
Security
Favourite Content