អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងកម្មវិធី Tik Tok ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ពេលឃើញវីដេអូមួយបង្ហាញពីបេក្ខភាព Miss Grand Cambodia មួយរូប កំពុងបណ្តើរម៉ូតូតាមដងផ្លូវមួយនាពេលរាត្រី ដែលមូលហេតុគឺដោយសារនាងគ្មានលុយចាក់សាំងម៉ូតូ។

បេក្ខភាពដែលមហាជនកំពុងផ្ទុះការចាប់អារម្មណ៍នេះ ជាបេក្ខភាព Miss Grand ស្ទឹងត្រែង កញ្ញា ម៉ូវ សុផាន់។ ក្រោយប្រទះឃើញវីដេអូនេះ អ្នកស្នេហាវិស័យបវរកញ្ញា និងម្ចាស់ហ្វេនផេកធំៗជាច្រើន បានយកវីដេអូនេះទៅបង្ហោះបន្តព្រោងព្រាត និងបានបង្ហាញក្តីអាណិតអាសូរដល់បេក្ខភាពរូបនេះជាពន់ពេក។ ទន្ទឹមគ្នានោះ ពួកគេក៏បានកោតសរសើរដល់ទឹកចិត្តក្លាហានរបស់បេក្ខភាពរូបនេះ ដែលតស៊ូជម្នះការលំបាកជាច្រើន ដើម្បីការប្រកួតដ៏អស្ចារ្យមួយនេះ។


តាមដែលដឹងមក នេះជាលើកដំបូងបង្អស់នៃការបោះជំហានចូលប្រកួតបវរកញ្ញារបស់ស្រីស្អាត ម៉ូវ សុផាន់។ នាងជាក្មេងស្រីម្នាក់ដែលមិនចេះសូម្បីតែពាក់ស្បែកជើងកែង និងធ្លាប់រងការ bully ជាច្រើនអំឡុងពេលប្រកួតប្រជែង រហូតស្រក់ទឹកភ្នែក ព្រោះពាក្យពេចន៍ទាំងនោះ។
ទោះជាយ៉ាងនេះក្តី Miss Grand ស្ទឹងត្រែង មិនបោះបង់ក្តីស្រមៃដាច់ខាត តែផ្ទុយទៅវិញ នាងបែរជាប្រឹងពង្រឹងសមត្ថភាពខ្លួនឯងឱ្យកាន់តែខ្លាំង ទាំងការដើរបង្ហាញខ្លួន ការរៀបចំខ្លួន ថែមទាំងធ្វើបានល្អក្នុងវគ្គ Close Door Interview ទៀតផង។ ក្នុងការប្រកួតឈុតហែលទឹក បេក្ខភាពរូបនេះ ធ្វើបានល្អខ្លាំងមែនទែន រហូតឆក់ចិត្តហ្វេនផេក និងមហាជនឱ្យចោលក្រសែភ្នែកមើលនាងគ្រប់ៗគ្នា។ តាមការកត់សម្គាល់ ការវិវត្តន៍សមត្ថភាពយ៉ាងឆាប់រហ័សនេះ គឺក្រោយពីនាងទទួលបានការបណ្តុះបណ្តាលពីស្ថាប័នមួយរយៈពីស្ថាប័នរៀបចំ Miss Grand Cambodia 2023 របស់ អ្នកស្រី អ៊ឹម សុគន្ធា។



ដោយមើលឃើញពីទឹកចិត្តតស៊ូ អត់ធ្មត់ជម្នះឧបសគ្គដើម្បីការប្រកួតនេះ ហ្វេនផេកល្បីៗបាននាំគ្នាបង្ហោះផ្សព្វផ្សាយស្វែងរកជំនួយឱ្យបេក្ខភាពរូបនេះ ហើយបច្ចុប្បន្នមហាជនជាច្រើនបានចូលរួមឧបត្ថម្ភថវិកាដល់ សុផាន់ ចំណែកខ្លះទៀតក៏បង្ហាញឆន្ទៈចង់ឧបត្ថម្ភឈុតសម្លៀកបំពាក់សម្រាប់ការប្រកួតក៏រូបនេះ។
ក្រឡេកទៅមើលសាមីខ្លួនវិញ បានចេញមកថ្លែងអំណរគុណដល់ហ្វេនផេកដែលបានចុះផ្សព្វផ្សាយពីនាង និងបានថ្លែងអំណរគុណដល់មហាជនដែលបានលើកទឹកចិត្ត និងជួយឧបត្ថម្ភដល់រូបនាងនៅពេលនេះ។ កញ្ញា ម៉ូវ សុផាន់ បានបង្ហោះឡើងថា «ខ្ញុំខំប្រឹង ខ្ញុំតស៊ូតាមលទ្ធភាព សមត្ថភាពរបស់ខ្ញុំ ខ្ញុំមិនដែលចង់ឈ្នះអ្នកណាទេ តែខ្ញុំចង់ឈ្នះខ្លួនឯង»៕


























Account
Security
Favourite Content