លោក Eric Tsang ជាតារាសម្ដែងជើងចាស់ហុងកុងដ៏ល្បីម្នាក់។ បើទោះជាមានវ័យ ៦៩ ឆ្នាំហើយក្ដីក៏រូបលោកមិនបោះបង់ការងារសិល្បៈចោលឡើយ បើទោះជាមិនសូវបានលេចមុខក្នុងភាពយន្ដកុនដូចកាលពីមុន ប៉ុន្ដែរូបលោកនៅបន្ដធ្វើជា ផលិតករ, អ្នកដឹកនាំរឿង និងពិធីករ ជាដើម។

ថ្មីៗនេះ អ្នកដែលធ្លាប់បានរួមការងារជាមួយ Eric Tsang បានទម្លាយពីទម្លាប់ធ្វើការរបស់លោក ដែលធ្វើឱ្យមហាជនជាច្រើនភ្ញាក់ផ្អើលខ្លាំងក្រោយពីបានដឹង។ នេះបើយោងតាមប្រភពព័ត៌មានហុងកុង HK01 បានចុះផ្សាយ។
ពួកគេបានលើកឡើងថា ជាទម្លាប់តារាប្រុសជើងចាស់រូបនេះភ្ញាក់ពីព្រលឹមដើម្បីលេងកីឡាវាយកូនហ្គោល។ បន្ទាប់មក លោកក៏ទៅចូលរួមធ្វើការដូចជាពិធីករក្នុងកម្មវិធី និងថតពាណិជ្ជកម្មនានា ព្រមទាំង live stream រហូតដល់យប់ជ្រៅ ហើយលោកពិតជាសកម្មណាស់ គ្មានបញ្ចេញកាយវិការថាហត់នឿយអ្វីឡើយ។ បន្ទាប់មក លោកក៏បង្ហើយកិច្ចការងារផ្សេងៗ រហូដល់ម៉ោង ៣ ភ្លឺ ទើបបានសម្រាក។ អ្វីដែលអស្ចារ្យ លោកនៅមានកម្លាំងអាចងើបពីព្រលឹមមកលេងកីឡាវាយកូនហ្គោលនៅព្រឹកបន្ទាប់ទៀត។

ពួកគេបន្ដថា Eric ជាមនុស្សដែលស្រឡាញ់ការងារ និងម៉ត់ចត់ខ្លាំង ហើយសឹងតែមិនជឿលោកអាចទ្រាំទ្ររួច ព្រោះជារឿយៗ លោកតែងតែធ្វើការងាររបស់ខ្លួនបែបនេះ និងមិនសូវបានសម្រាកគ្រប់គ្រាន់ឡើយ។
ក្រោយដឹងដូច្នេះ អ្នកគាំទ្រជាច្រើនសម្ដែងការព្រួយបារម្ភព្រោះវ័យរបស់លោក ជាវ័យដែលគួរសម្រាកឱ្យបានគ្រប់គ្រាន់ និងរស់នៅឱ្យស្រណុកសុខស្រួលខ្លួន។ ខណៈអ្នកគាំទ្រស្នើរឱ្យលោកយកចិត្តទុកដាក់ចំពោះសុខភាពខ្លួន និងកុំផ្ដោតលើការងារពេក៕


























Account
Security
Favourite Content