ក្រោយជាប់ជយលាភី 2nd Runner Up Little Miss ពីការប្រកួតអន្តរជាតិ យុវតីរូបស្រស់កូនកាត់ខ្មែរ-រស្ស៊ី ឌៀប សុហ្វៀរ៉ា ចាប់ផ្តើមមានទីផ្សារខ្ពស់ ដោយនាងទទួលបានការងារសិល្បៈច្រើនជាហូរហែ ក្នុងនោះមានទាំងការថតផលិតផល ថតប៉្រូម៉ូត ថតសម្អាងការ ហើយថ្មីៗនេះនាងទើបក្តោបបានតំណែងតួឯកស្រីក្នុងរឿងខ្នាតធំមួយរបស់ផលិតកម្ម LD Entertainment ចំណងជើង «រូបថតចម្លង» ជាប្រភេទរឿងបែបរន្ធត់ ដែលបច្ចុប្បន្នរឿងនេះកំពុងដំណើរការថតយ៉ាងសស្រាក់សស្រាំ ព្រោះត្រូវត្រៀមចាក់បញ្ចាំងនាពេលឆាប់ៗខាងមុខ។
យុវតីវ័យ ១២ ឆ្នាំនេះឱ្យដឹងថា តំណែងតួឯកលើកដំបូងក្នុងរឿងខ្នាតធំបែបនេះ ជាបទពិសោធន៍ថ្មីប្លែកសម្រាប់នាង ព្រោះកន្លងមកនាងធ្លាប់តែថតរឿងភាគទូរទស្សន៍។ បើនិយាយពីផលលំបាកវិញគឺតែងតែមាន តែដោយសារមានបទពិសោធន៏ពីការថតរឿងភាគមកខ្លះហើយ ដូច្នេះផលលំបាកទាំងនោះមិនមែនជាបញ្ហាទេ។ ដ្បិតជាការគ្រងតំណែងតួឯកលើកដំបូងពិតមែន តែ ឌៀប សុហ្វៀរ៉ា មានក្តីរំពឹងខ្ពស់លើស្នាដៃរបស់ខ្លួនឯង តែនាងនៅតែត្រូវការកម្លាំងចិត្ត និងការគាំទ្របន្ថែមពីពុកម៉ែបងប្អូន។
ក្រៅពីទទួលថតរឿងខ្នាតធំ «រូបថតចម្លង» សុហ្វៀរ៉ា មិនទាន់មានគម្រោងថតរឿងថ្មីផ្សេងទៀតទេ ដោយសារនាងចង់ទុកពេលខ្លះផ្តោតលើការសិក្សា ដែលសព្វថ្ងៃនាងជាសិស្សរៀនថ្នាក់ទី៧ នៅសាលាប៊ែលធី សាខាកាំកូ។ តែយ៉ាងណា ពន្លកតារាសម្តែងថ្មីនេះនៅតែឆ្លៀតពេលខ្លះថតសម្អាងឱ្យគេផងដែរ ព្រោះពេលនេះនាងហាក់ត្រូវប៉ាន់ខ្លាំងលើការថតសម្អាងសម្រាប់រដូវកាលថ្មី ថតប្រូម៉ូត និងផ្សព្វផ្សាយផលិតផលជាដើម។
យុវតីវ័យ ១២ ឆ្នាំនេះ ទទួលស្គាល់រវាងការរៀន និងការងារសិល្បៈវាពិតជាប្រទាញប្រទង់មែន តែនាងអាចបែកចែកពេលវេលាបាន ម៉្យាងក្រុមការងារក៏យោគយល់ឱ្យទុកពេលឱ្យនាងរៀនខ្លះ ដូច្នេះមិនជាបញ្ហាទេ។
ជយលាភី 2nd Runner Up Little Miss មិនទាន់មានគម្រោងចូលប្រកួតប្រជែងកម្មវិធីសម្រស់ជាថ្មីនោះទេ ដោយនាងចង់ទុកពេលផ្តោតលើការសិក្សា និងប្រឹងពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំងជាងនេះបន្តិចសិន ទើបសម្លឹងមើលការប្រកួតថ្មីនៅពេលក្រោយ។ ប៉ុន្តែ ពេលនាងនាងសូមឱ្យពុកម៉ែបងប្អូនជួយគាំទ្រលើស្នាដៃរឿងខ្នាតធំថ្មី «រូបថតចម្លង» របស់ផលិតកម្ម LD Entertainment ដែលនាងសម្តែងជាតួឯកស្រី ជាមួយកម្លោះសង្ហា ម៉េងឃុន៕





















































Account
Security
Favourite Content