ជាដំណឹងដ៏សោកស្តាយសម្រាប់អ្នកស្នេហាវិស័យប្រកួតប្រជែងសម្រស់នៅកម្ពុជា ដោយមុននេះបន្តិច ក្រុមហ៊ុន Cambodia International Models (CIM) ជាស្ថាប័នទទួលបន្ទុករៀបចំកម្មវិធីប្រកួតបវរកញ្ញាចក្កវាឡកម្ពុជា បានប្រកាសឱ្យដឹងថា ឆ្នាំនេះ កម្ពុជាមិនអាចរៀបចំការប្រកួតបវរកញ្ញាចក្កវាឡកម្ពុជា ២០២៣ តាមការគ្រោងទុកនោះទេ ដោយសារតែស្ថាប័ន Miss Universe មិនអនុម័តអាជ្ញាប័ណ្ណរបស់កម្ពុជា ដែលបញ្ជូនទៅក្រោមឈ្មោះក្រុមហ៊ុន Cambodia International Models (CIM)។
លោក ម៉ែន និមលរតន៍ នាយកប្រត្តិបត្តិក្រុមហ៊ុន CIM ប្រាប់ឱ្យ AMS ដឹងយ៉ាងខ្លីថា ឆ្នាំនេះយើងដាក់ពាក្យស្នើរសុំតាមទម្រង់បែបបទដូចរាល់ឆ្នាំ ស្រាប់តែស្ថាប័ន Miss Universe ឆ្លើយតបមកថា មិនផ្តល់សិទ្ធិឱ្យកម្ពុជាយើងធ្វើ ដូច្នេះ ក្រុមហ៊ុនមានតែភាពសោកស្តាយ និងប្រកាសឱ្យអ្នកគាំទ្រដឹងតាមដំណើររឿងដូច្នោះដែរ។
នេះចាត់ទុកជាដំណឹងដ៏គួរឱ្យសោកស្តាយសម្រាប់អ្នកស្នេហាវិស័យប្រកួតប្រជែងសម្រស់នៅកម្ពុជា ពិសេសអ្នកគាំទ្រការប្រកួតបវរកញ្ញាចក្កវាឡកម្ពុជា។ ឆ្លៀតឱកាសនេះ CIM ក៏បានថ្លែងអំណរគុណដល់ដៃគូសហការ អ្នកសហការឧបត្ថម្ភស្ថាប័នពាក់ព័ន្ធ អ្នកគាំទ្រ និងបេក្ខភាពគ្រប់រូបដែលតែងតែជំរុញគាំទ្រលើកទឹកចិត្តដល់ការប្រកួតបវរកញ្ញាចក្កវាឡកម្ពុជារយៈពេល៦ ឆ្នាំកន្លងមកនេះ។
ក្រុមហ៊ុន CIM នឹងនៅតែបន្តរៀបចំកម្មវិធីប្រកួតប្រជែងផ្សេងៗ និងផ្តល់ឱ្យស្រ្តីកម្ពុជានូវវេទិកាប្រកួតដ៏ស័ក្តិសម ដែលគ្រប់គ្នាអាចបញ្ចេញមតិតស៊ូរបស់ខ្លួនឯងបាន ក៏ដូចជាអាចបង្ហាញពីវប្បធម៌ អរិយធម៌ និងអត្តសញ្ញាណរបស់ជាតិខ្មែរដ៏ល្អផូរផង់៕
























Account
Security
Favourite Content