ឧស្សាហកម្មរឿងភាគខ្លីៗរបស់ប្រទេសចិន កំពុងមានប្រជាប្រិយភាពប្រជែងជាមួយភាពយន្តខ្នាតធំ ហើយភាពជោគជ័យនេះបាននាំមកនូវឱកាសការងារដល់និស្សិតបញ្ចប់ការសិក្សាថ្មី និងអ្នកអត់ការងារធ្វើ។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post នៅក្នុងខែកុម្ភៈ។

ជារៀងរាល់ឆ្នាំ មាននិស្សិតជាង ១០ លាននាក់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនានាក្នុងប្រទេសចិន ដែលធ្វើឱ្យទីផ្សារការងារដែលមានភាពចង្អៀតស្រាប់ កាន់តែមានសម្ពាធខ្លាំងឡើង។ ទោះជាយ៉ាងណាក៏ដោយ ឧស្សាហកម្ម «រឿងភាគខ្នាតខ្លី» (Micro drama) កំពុងតែក្លាយជាទីពឹងដ៏សំខាន់សម្រាប់អ្នកស្វែងរកការងារវ័យក្មេងរាប់សែននាក់ ដោយផ្តល់ឱកាសក្នុងការប្រែក្លាយភាពច្នៃប្រតិដ្ឋ ឱ្យទៅជាប្រាក់ចំណូលដ៏មានស្ថិរភាព។
រឿងភាគខ្នាតខ្លី ឬ Micro drama គឺជារឿងភាគមានរយៈពេលត្រឹមតែប៉ុន្មាននាទីក្នុងមួយភាគ និទានសាច់រឿងបែបលឿនៗកាត់ៗ មានឈុតឆាកបត់បែនញឹកញាប់ដើម្បីទាក់ទាញអ្នកទស្សនា។ ស្របពេលដែលការចូលប្រឡូកក្នុងឧស្សហកម្មនេះមានភាពងាយស្រួល តែវាគឺជាឱកាសដែលមានស្ថេរភាពមួយ និងជារឿងល្អក្នុងស្ថានភាពដែលអត្រាអ្នកអត់ការងារធ្វើក្នុងចំណោមយុវជនមានកម្រិតខ្ពស់។
យោងតាមរបាយការណ៍ពីសាលាអភិវឌ្ឍន៍ជាតិ នៃសាកលវិទ្យាល័យប៉េកាំង បានឱ្យដឹងថា វិស័យនេះបានបង្កើតការងារដោយផ្ទាល់ប្រហែល ៦៩ម៉ឺនកន្លែងក្នុងឆ្នាំ ២០២៥ ដែលភាគច្រើនសម្រាប់យុវជន ហើយបើគិតបញ្ចូលសរុបទាំងអស់ វិស័យនេះបានបង្កើតការងារលើសពី ២ លានកន្លែង។
ការវិវត្តពីក្រុមតូចៗ ទៅជាផលិតកម្មខ្នាតស្តង់ដារ

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានបង្ហាញទិន្នន័យថា ក្នុងមួយខែមានរឿងភាគខ្លីថ្មីប្រមាណ ៣ ០០០រឿងចេញផ្សាយទូទាំងប្រទេសចិន។ ជាមួយសន្ទុះខាងលើ ការងារក្នុងឧស្សាហកម្មនេះក៏មានការបែងចែកតួនាទីដែលមានលក្ខណៈស្ដង់ដាជាងមុនផងដែរ។
ក្នុងគ្រាចាប់ផ្ដើមដំបូង ការផលិតរឿង ១ ត្រូវការក្រុមការងារដែលមានថ្លៃឈ្នួលទាបប្រមាណ ១២នាក់ ប៉ុន្តែបច្ចុប្បន្នក្រុមការងាររឿងភាគខ្នាតខ្លីមានចន្លោះពី ៦០ ទៅ ៩០ នាក់ គ្រប់ដណ្ដប់ទៅលើផ្នែកផ្សេងៗមិនថា ដឹកនាំរឿង រៀបចំប្លង់ថត ពន្លឺ សម្លៀកបំពាក់ សម្ភារៈ និងគ្រប់គ្រងទូទៅនោះទេ។

ស្របពេលដែលរឿងនីមួយៗចំណាយពេលថតត្រឹមតែ ៥ ទៅ ១០ ថ្ងៃ ឧស្សាហកម្មនេះបានជំរុញឱ្យមានការផលិតកម្រិតខ្ពស់ និងមានស្តង់ដា ដែលជួយទ្រទ្រង់ឱកាសការងារឱ្យកាន់តែមានស្ថិរភាព។ កត្តានេះបានទាក់ទាញនិស្សិតបញ្ចប់ការសិក្សាដែលអត់ការងាររយៈពេលយូរ និងអ្នកដែលមិនទាន់មានការងារច្បាស់លាស់ឱ្យចូលមកក្នុងវិស័យនេះ រួមទាំងនិស្សិតដែលបញ្ចប់ការសិក្សាពីបរទេសផងដែរ។
កញ្ញា Shutian Yu និស្សិតបញ្ចប់ថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យ Sussex ក្នុងវ័យ ៣០ ឆ្នាំ មិនធ្លាប់មានអាជីពច្បាស់លាស់ឡើយ រហូតដល់នាងចាប់ផ្តើមសម្តែងក្នុងរឿងភាគខ្នាតខ្លីក្នុងឆ្នាំ ២០២៤។ នាងបានបង្ហោះលើបណ្តាញសង្គមកាលពីឆ្នាំមុនថា នាងអាចរកចំណូលបានរហូតដល់ ១៥ ០០០ យ៉ន់ ឬប្រហែល ២ ១៦០ ដុល្លារអាមេរិកក្នុងមួយខែ ហើយថែមទាំងបានវិនិយោគប្រាក់សន្សំផ្ទាល់ខ្លួនចំនួន ៧០ ០០០ យ៉ន់ ដើម្បីផលិតរឿងភាគខ្នាតខ្លីដោយជួលមិត្តភក្តិមួយចំនួនឱ្យមកធ្វើការជាមួយទៀតផង។
សន្ទុះទីផ្សារ ដែលជួយឱ្យសំណង់ជាប់គាំងមានជីវិតឡើងវិញ

សមាគមឧស្សាហកម្មផលិតកម្មភាពយន្តទូរទស្សន៍ចិន បានបង្ហាញថា ទីផ្សាររឿងភាគខ្នាតខ្លីបានហក់ឡើងលើសពី ៥០.៥ ប៊ីលានយ៉ន់ ឬ ៧.១ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤ ដែលចំនួនបានវ៉ាដាច់ចំណូលពីការលក់សំបុត្ររបស់ភាពយន្តចាក់ផ្សាយក្នុងរោងកុនទូទាំងប្រទេស ហើយអាចនឹងឈានដល់ ៨៥.៦ ប៊ីលានយ៉ន់ ឬ ១២.០៣ ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ ២០២៧។
ក្រៅពីការបង្កើតការងារសម្រាប់យុវជន ការផ្ទុះឡើងនៃរឿងភាគខ្នាតខ្លីក៏បានជះផលល្អដល់សំណង់អចលនាទ្រព្យដែលជាប់គាំង តាមរយៈការយកអាគារពាណិជ្ជកម្ម និងលំនៅឋានដែលលែងមានដំណើរការមកកែច្នៃធ្វើជាទីតាំងថតកុនផងដែរ។

ជាក់ស្ដែង ផ្សារទំនើបដែលទំនេរមួយត្រូវនៅស្រុក Xinzheng ខេត្ត Henan ត្រូវបានកែប្រែទៅជាមូលដ្ឋានថតកុន ដែលជាទីតាំងថតរឿងភាគខ្នាតខ្លីប្រហែល ៧០០ រឿងក្នុងរយៈពេលមិនដល់មួយឆ្នាំ និងមានក្រុមការងារថតពី ៨ ទៅ ៩ ក្រុមជារៀងរាល់ថ្ងៃ។
ឆ្លើយតបនឹងនិន្នាការថ្មីនេះ លោក Guan Zhi ផលិតករភាពយន្តឯករាជ្យម្នាក់បានលើកឡើងថា៖ “ឧស្សាហកម្មភាពយន្ត និងទូរទស្សន៍បែបប្រពៃណី កាន់តែមានការលំបាកក្នុងការទាក់ទាញយុវជនជំនាន់ថ្មីដែលមានជំនាញ។ ផ្ទុយទៅវិញ រឿងភាគខ្នាតខ្លីបានផ្ទុះប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយអាចទាក់ទាញទស្សនិកជនបានយ៉ាងឆាប់រហ័ស ព្រមទាំងបង្កើតការវិនិយោគ និងឱកាសអាជីពថ្មីៗផងដែរ”៕

























Account
Security
Favourite Content