ក្រោយចំណាយពេលផលិតអស់រយៈពេលជាង១ឆ្នាំ ទីបំផុត ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» បានដាក់សម្ពោធជាផ្លូវការហើយកាលពីថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ សិល្បករ-សិល្បការនីយ៉ាងច្រើនកុះករ។
ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» ជាស្នាដៃនិពន្ធទំនុកច្រៀងក្រោមស្នាដៃដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ភាពយន្តចម្រៀងនេះ រៀបរាប់ពីជីវិតពិតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងរបបយង់ឃ្នង ប៉ុល ពត ខណៈសម្តេចតេជោ បានសម្រេចចិត្តចាកចេញភរិយាទាំងកំពុងពពោះកូនក្នុងផ្ទៃ។
ក្នុងនោះ សិល្បករដែលបានចូលរួមសម្តែងក្នុងភាពយន្តចម្រៀងនេះមានដូចជា លោក ប៉ាន់ ខែមម៉ានូ សម្តែងជាតួអង្គសម្ដេចតេជោ ហ៊ុន សែន កញ្ញា ឈិន មុន្នីនាថ សម្ដែងជាតួអង្គសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
ប្រាប់ឱ្យអ្នកសារព័ត៌មានដឹងក្នុងថ្ងៃសម្ពោធជាផ្លូវការភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» តួឯកស្រី ឈិន មុន្នីនាថ ថានាងរំភើបហួសថ្លែងដែលមានឱកាសបានសម្តែងក្នុងភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់»។ នាងទទួលបានច្រើនណាស់ពីការថតភាពយន្តចម្រៀងនេះ ដោយនាងត្រូវបត់បែនអារម្មណ៍ខ្លួនឯងឱ្យចូលក្នុងសម័យនោះ ហើយត្រូវរៀនសូត្រពីអ្នកដឹកនាំក្នុងឈុតស្រ្តីមានផ្ទៃពោះថែមទៀត។
ដោយសារខ្លឹមសារបទចម្រៀងនេះបង្ហាញពីស្ត្រីពពោះទាំងគ្មានស្វាមីនៅក្បែរ ហើយត្រូវរត់ជម្លៀសរហូតដើម្បីមានជីវិតរស់នៅបន្ត ធ្វើឱ្យតារាស្រីវ័យក្មេងរូបនេះយល់ច្បាស់ពីអារម្មណ៍ជាម្តាយ។ តួយ៉ាង អំឡុងពេលថតតួឯកស្រីរូបនេះមានអារម្មណ៍ស្រណោះខ្លាំងណាស់ ដោយនាងគិតថា នាងថតលំបាកប៉ុណ្ណេះហើយ ចុះទម្រាំកាលជំនាន់នោះទៀតតើលំបាកប៉ុណ្ណាទៅ។
ក្រៅពី តួឯកប្រុសស្រី លោក ប៉ាន់ ខែមម៉ានូ កញ្ញា ឈិន មុន្នីនាថ ក៏មានតារាប្រុសស្រីល្បីៗជាច្រើនរូបទៀត រួមមាន លោក អ៊ុន សិទ្ធា, ណាខុន, ឃឹម ហ្សានីត, លឹម រដ្ឋា, ប៉ែន ចំរ៉ុង, ជា លាងឈែ, ជា សុវណ្ណនរាហ៍, កញ្ញា យ៉ែម ស្រីពេជ្រ , ស្វែង សុជាតា , លី ច័ន្ទសីហា និង ញឹម ចាន់ថន ជាដើម ក៏បានចូលរួមសម្តែងក្នុងភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» ផងដែរ៕





















































Account
Security
Favourite Content