បន្ទាប់ពី Netflix បានបញ្ចេញរឿងភាគកូរ៉េថ្មី “When The Phone Ring” កាលពីថ្ងៃទី២២ ខែវិច្ឆិកា តួឯកស្រី Chae Soo Bin កំពុងត្រូវអ្នកទស្សនារិះគន់ដូចព្យុះ ក្រោយគេសង្កេតឃើញថានាងហាក់ដូចជាមិនស័ក្ដិសមជាមួយនឹងតួអង្គក្នុងខ្សែភាពយន្ដមួយនេះ។

យោងតាមព័ត៌មាន KBIZoom ពេលនេះសមត្ថភាពសម្ដែងរបស់តារាស្រីរូបនេះរយៈពេល ១២ ឆ្នាំក៏កំពុងត្រូវគេវាយតម្លៃជាបន្ដបន្ទាប់ដោយសារតែភាគច្រើននាងសម្ដែងជាតួអង្គមានចរិតលក្ខណៈដដែលៗ។ ជាពិសេសក្នុងរឿង “When The Phone Ring” តម្រូវឱ្យតារាស្រីChae Soo Bin ដើរតួជា Hong Hee Joo កូនស្រីទីពីររបស់ម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយធំ Cheongun Ilbo ជាងគេក្នុងប្រទេស។ ប៉ុន្តែដោយសារតែមានឧបទ្ទវហេតុកាលពីក្មេងបានធ្វើនាងបាត់បង់ភាពក្លាហានក្នុងការនិយាយដោយតម្រូវឱ្យប្រើប្រាស់ភាសាកាយវិការ។
ហេតុនេះហើយទើបតួអង្គមួយនេះតម្រូវឱ្យបានប្រើប្រាស់អារម្មណ៍ក្នុងការសម្ដែងខ្លាំងជាការដើរតួធម្មតា ប៉ុន្តែអ្នកទស្សនាសង្កេតឃើញថាតារាស្រីរូបនេះហាក់ដូចជាធ្វើមិនបានល្អ ការបញ្ចេញអារម្មណ៍របស់នាងនៅមានភាពឆ្គងច្រើន។ ជាពិសេសនៅត្រង់ឈុតចាប់ជំរិតដែលជាវគ្គរន្ថើនអារម្មណ៍អ្នកមើល នាងគ្រាន់តែប្រើកែវភ្នែកបែបភ័យខ្លាចតែមើលទៅមិនសូវបញ្ចេញអារម្មណ៍ឱ្យសមស្របតាមស្ថានភាពឡើយ។



មិនត្រឹមតែប៉ុណ្ណេះ នៅក្នុងសាច់រឿងបន្ទាប់ពីរៀបការហើយតួឯកស្រី Hong Hee Joo ក៏ទទួលបានសម្ពាធជីវិតថែមមួយទៀតដោយសារតែការមើលស្រាលរបស់ម្ដាយនាង និងភាពព្រងើយកន្ដើយរបស់ស្វាមីដែលធ្វើឱ្យនាងកាន់តែក្លាយជាមនុស្សក្រៀមក្រំថែមទាំងមានសម្ពាធផ្លូវអារម្មណ៍ទៀតផង។ ត្រង់នេះហើយដែលជាចំណុចបន្ថែមមួយទៀតនាំឱ្យអ្នកទស្សនារិះគន់នាង ដោយសារតែមើលទៅវាហាក់ដូចជាលំបាកខ្លាំងសម្រាប់តារាស្រីរូបនេះក្នុងការបញ្ចូលអារម្មណ៍ និងបង្ហាញតាមរយៈទឹកមុខ។
បន្ថែមលើនេះ សូម្បីតែឈុតជាមួយតួឯកប្រុសសម្ដែងដោយតារាប្រុស Yoo Yeon Seok ក៏ត្រូវគេវាយតម្លៃទាបដែរដោយសារតែអ្នកទាំងពីរមើលទៅហាក់ដូចជាមិនមានភាពស្និទ្ធស្នាលគ្នា ឬអាចនិយាយបានមិនសូវស៊ីគ្នាជាដើម។

គួររំឭកផងដែរថាការរិះគន់លើកនេះមិនមែនជាលើកទីមួយសម្រាប់នាងឡើយ ពោលគឺកាលពីឆ្នាំ ២០២២ តារាស្រីរូបនេះក៏ធ្លាប់ត្រូវបានគេរិះគន់ខ្លាំងម្ដងរួចមកហើយ កំលុងពេលសម្ដែងរឿង “The Fabulous” ដោយអ្នកទស្សនាបានសម្ដែងការមិនពេញចិត្តក្រោយនាងសម្ដែងជាតួអង្គដដែល មិនមានអ្វីថ្មីជូនអ្នកគាំទ្រ។ ជាពិសេសនាងត្រូវបានសន្និដ្ឋានថាជាតារាស្រីខ្វះភាពប៉ិនប្រសប់ ហើយមិនហ៊ានដើរចេញពីតំបន់សុវត្ថិភាពរបស់ខ្លួនឡើយទើបសមត្ថភាពត្រូវអន់ថយបែបនេះ។
កន្លងមកតារាស្រី Chae Soo Bin បានបង្ហាញក្នុងការសម្ដែងរឿងភាគផ្សេងៗដែលមិនមានការរិះគន់គួរឱ្យកត់សម្គាល់ខ្លាំងឡើយដូចជា “Rookie Cops”, “A Piece of Your Mind”, “I’m Not a Robot” និង “My Catman”។ ប៉ុន្តែជាមួយនឹងការសម្ដែងលើកនេះ នាងហាក់បីដូចជាមិនទាន់អាចឆក់យកចំណាប់អារម្មណ៍របស់ទស្សនិកជនបាននៅឡើយនោះទេ ៕
























Account
Security
Favourite Content