តារាប្រុស Byeon Woo-Seok ឬតួឯកប្រុសក្នុងរឿងភាគកូរ៉េ “Lovely Runner” បច្ចុប្បន្ន កំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីមហាជន និងអ្នកគាំទ្រជាច្រើន។ “Lovely Runner” ត្រូវបានគេចាត់ទុកជារឿងភាគកូរ៉េដែលជោគជ័យខ្លាំងនឹកស្មានមិនដល់មួយ នៅដើមឆ្នាំ ២០២៤។



ក្នុងឱកាសចូលរួមកម្មវិធី “You Quiz on the Block” តារាប្រុស Byeon Woo-Seok បាននិយាយពីអាជីពសិល្បៈរបស់ខ្លួន។ លោកបានលើកឡើងថា៖ លោកចាប់ផ្ដើមអាជីពសិល្បៈជាតារាម៉ូឌែល ដូច្នេះលោកមិនសូវមានបញ្ហាសម្រាប់ការងារនេះទេ។ តែក្រឡេកមកមើលអាជីពជាអ្នកសម្ដែង លោកតែងត្រូវបានគេរិះគន់ច្រើន។ ពាក្យរិះគន់ទាំងអស់ ប្រៀបដូចជាកាំបិតហោះតម្រង់មកលើរូបលោក ធ្វើឲ្យលោកចាប់ផ្ដើមភ័យខ្លាចជាមួយកាម៉េរា។
Byeon Woo-Seok បានបន្ដថា៖ អ្នកខ្លះបាននិយាយប្រាប់ថា លោកនឹងមានអាចទទួលការចាប់អារម្មណ៍ ឬមានឈ្មោះល្បីត្រឹមរយៈពេល ៤ ឬ ៥ ឆ្នាំឡើយ។ លោកចាប់ផ្ដើមដាក់ពាក្យសម្ដែងក្នុងរឿងជាច្រើន និងយល់ព្រមសម្ដែង បើទោះជាតួអង្គនោះមិនសូវលេចមុខច្រើនក៏ដោយ។ លោកធ្លាប់មានអារម្មណ៍ខ្មាស់ចំពោះខ្លួនឯង និងតែងចោទសួរ៖ តើលោកពិតជាមិនទាន់ល្អគ្រប់គ្រាន់ ឬ? ទើបពេលខ្លះ លោកមិនត្រូវបានគេជ្រើសរើស ឬដកចេញពីរឿង។


លោកបានបន្ដទៀតថា៖ លោកបានខិតខំប្រឹងប្រែងមិនឈប់ អស់រយៈពេលប្រហែល ៨ ទៅ ៩ ឆ្នាំ។ លោកមិននឹកស្មាន មានឱកាសទទួលបានការស្រឡាញ់យ៉ាងច្រើនពីអ្នកគាំទ្រទាល់តែសោះ។ ភាពជោគជ័យពីរឿងភាគ “Lovely Runner” ធ្វើឲ្យលោកទទួលបានសំណើស្នើសុំឲ្យថតរឿងជាច្រើនពីចន្លោះ ១០ ទៅ ២០ ដង បើប្រៀបធៀបនឹងកាលពីមុន។ រឿងទាំងនេះ កើតឡើងលឿនត្រឹមរយៈពេលជាង ១ ខែ ប៉ុណ្ណោះ។
ក្រៅពីការស្នើថតរឿងថ្មីៗ តារាប្រុស Byeon Woo-Seok ក៏មានឱកាសបានឡើងនូវកម្មវិធីល្បីៗ ជាច្រើន រួមទាំងកម្មវិធី Running Man។



គួរបញ្ជាក់ តារាប្រុស Byeon Woo-Seok ទទួលបានតំណែងតួឯកក្នុងរឿងខ្លីដំបូងក្នុងឆ្នាំ ២០១៦ ជាបន្ដបន្ទាប់លោក បានសម្ដែងជាតួនាយរង។ រហូតដល់ឆ្នាំ ២០២០ លោកទទួលបានការចាប់អារម្មណ៍គួរសម ក្រោយសម្ដែងក្នុងរឿង “20th Century Girl”។ ក្នុងឆ្នាំ ២០២៣ លោកបានបង្ហាញថ្វីដៃ សម្ដែងជាតួចិត្ដអាក្រក់ក្នុងរឿង Strong Girl Nam-Soon។ រហូតដល់ឆ្នាំ ២០២៤ អាជីពសិល្បៈរបស់លោកផ្លាស់ប្ដូរ ១៨០ ដឺក្រេ ក្រោយសម្ដែងរឿង “Lovely Runner”៕























Account
Security
Favourite Content