កាលពីថ្ងៃទី១០ ខែមិថុនា កន្លងទៅជាថ្ងៃដែលអ្នកគាំទ្រក្រុម BTS ទន្ទឹងរង់ចាំដោយសមាជិក ២ រូបគឺ RM និង V បានបញ្ចប់កាតព្វកិច្ចយោធាដោយជោគជ័យ។ ស្របពេលនោះក៏មានក្រុមអ្នកគាំទ្រប្រហែល ១៥០០ នាក់ឈររងចាំស្វាគមន៍ការវិលត្រឡប់មកវិញនៅមុខក្រុមហ៊ុន HYBE ផងដែរ។

មិនមែនមានតែអ្នកគាំទ្រតែម្ខាងនោះទេ សូម្បីតែសាមីខ្លួនផ្ទាល់ក៏បាន live ផ្ទាល់តាមរយៈ Weverse ភ្លាមៗក្នុងថ្ងៃដដែលដោយ V បានចំណាយពេលប្រហែល ១០ នាទី ដើម្បីជជែកលេងជាមួយអ្នកគាំទ្រ ខណៈ RM ចំណាយពេលច្រើនជាងនេះនិយាយលេងជាមួយអ្នកគាំទ្រដូចគ្នា។
ក្នុងនោះ RM បានបើកចំហឱ្យហ្វេនបានដឹងពីការតស៊ូដែលលោកបានជួបប្រទះក្នុងពេលកន្លងមកកំលុងពេលបំពេញកាតព្វកិច្ចយោធាដោយជាដំបូងលោកបានឱ្យដឹងថាអ្នកដឹកនាំបានផ្ដាំផ្ញើឱ្យលោកជួយមើល V ដោយសារតែគាត់ជាមនុស្សមានភាពពិសេស និងគួរឱ្យស្រឡាញ់។
RM បានបន្ដឱ្យដឹងទៀតថា៖ Taehyung អាចសម្របខ្លួនបានល្អជាងខ្ញុំ បើទោះបីជាគាត់នៅក្នុងអង្គភាពដែលពិបាកជាងខ្ញុំក៏ដោយ។ និយាយឱ្យត្រង់ទៅ ជីវិតជាយោធាគឺជាពិតជាលើសលប់សម្រាប់ខ្ញុំ។ ជាការពិតណាស់លោកទទួលស្គាល់ថាការចំណាយពេល ១ ឆ្នាំកន្លះនៅក្នុងជួរយោធាក៏ជាបន្ទុកមួយសម្រាប់មនុស្សគ្រប់គ្នាផងដែរ។ សម្រាប់ខ្លួនលោកផ្ទាល់វិញឧបសគ្គលំបាកដ៏ធំបំផុតគឺការគេង ដោយនេះជាលើកដំបូងហើយដែលលោកត្រូវតស៊ូខ្លាំងជាមួយនឹងការគេង។


មេក្រុមរូបនេះបានបន្ដចែករំលែកថាលោកបានជួបប្រទះនឹងបញ្ហានៃការគេងតាំងពីមុនពេលដែលត្រូវចូលជួរយោធាទៅទៀត ពោលគឺមុនពេលបញ្ចេញអាល់ប៊ុម Right People, Wrong Place ដោយសារតែរឿងផ្សេងៗរួមទាំងបញ្ហាដែលបានកើតឡើងនៅ HYBE កំលុងខែមេសា និងខែឧសភាផងដែរ។
លោកបានរៀបរាប់បន្ដថា៖ ខ្ញុំមានបញ្ហាគេងមិនលក់ ប៉ុន្តែនៅពេលដែលត្រូវគេងរួមបន្ទប់ជាមួយទាហាន ២០ នាក់ផ្សេងទៀតបានគេង សំឡេងស្រមុករបស់ពួកគេគឹរឹតតែពិបាកសម្រាប់ខ្ញុំ។ ធ្លាប់មានម្ដងនោះខ្ញុំមិនបានគេងដល់ទៅ ២ យប់ពេញក្នុងពេលជាង ៧០ ម៉ោង ធ្វើឱ្យខ្ញុំគិតថាខ្ញុំនឹងស្លាប់ហើយ។ ខ្ញុំងងុយគេង តែគេងមិនលក់ គិតច្រើនទោះហត់ប៉ុណ្ណាក៏គេងមិនលក់។
មិនត្រឹមប៉ុណ្ណេះលោកបានបន្ថែមថាលោកតែងតែភ្ញាក់រៀងរាល់មួយម៉ោងម្ដងរហូតដល់ម៉ោងត្រូវហ្វឹកហាត់ ហើយលោកក៏មិនយល់ដូចគ្នាថាហេតុអ្វីបានជាខ្លួនឯងខ្សោយបែបនេះទាំងដែលធ្លាប់ឆ្លងកាត់ពេលវេលាលំបាកជាច្រើនរួចមកហើយ សកម្មភាពបែបនេះត្រូវបានបន្ដទៅជារឿយៗដែលធ្វើឱ្យលោកកាន់តែពិបាក ទើបចាប់ផ្ដើមប្រើប្រាស់ថ្នាំពេទ្យ។ ហេតុនេះហើយទើបលោកបានទៅពិភាក្សាជាមួយគ្រូពេទ្យសរសៃប្រសាទ ដើម្បីពិគ្រោះជំងឺ និងទទួលវេជ្ជបញ្ជា។

ផ្អែកតាមសារព័ត៌មាន Koreaboo បានឱ្យដឹងថាមូលហេតុដែលស្ថានភាពសុខភាពរបស់ RM វិវឌ្ឍទៅជាអាក្រក់ទៅៗបែបនេះទំនងជាបណ្ដាលមកពីសម្ពាធយោធាបូករួមជាមួយនឹងរឿងរ៉ាវជាច្រើនដែលបានកើតឡើងនៅ HYBE ក្នុងមួយរយៈពេលចុងក្រោយនេះផងដែរ។ យ៉ាងណាមិញបច្ចុប្បន្ននេះ RM បានធានានៅចំពោះមុខអ្នកគាំទ្ររាប់លាននាក់ថាពេលនេះលោកបានរកឃើញថ្នាំដែលស័ក្តសមនឹងលោកហើយ ហើយក៏លោកនៅតែបន្ដប្រើប្រាស់វាដដែល ប៉ុន្តែសម្រាប់ស្ថានភាពលោកនៅពេលនេះវិញគឺបានប្រសើរឡើងច្រើនដូចគ្នា ដូច្នេះ RM បានប្រាប់អ្នកគាំទ្រមិនឱ្យបារម្ភច្រើនឡើយ៕
























































Account
Security
Favourite Content