យោងតាមប្រភពព័ត៌មាន TMZ បានឱ្យដឹងថា តារាចម្រៀងស្រីបរទេសដ៏ល្បី Britney Spears និងស្វាមីវ័យក្មេងលោក Sam Asghari បានកំពុងស្ថិតក្នុងដំណាក់កាលដាក់ពាក្យបណ្ដឹងលែងលះគ្នា។ ចំពោះមូលហេតុត្រូវបានលើកឡើងថា Britney Spears និងស្វាមីមានជម្លោះខ្លាំងទាក់ទិនរឿងផិតក្បត់ស្នេហា និងការប្រើប្រាស់អំពើហិង្សា។

ប្រភពដដែលបានឱ្យដឹងថា កាលពីសប្ដាហ៍មុនលោក Sam Asghari បានស្នើសុំទៅកាន់ភរិយាតារាស្រី Britney Spears ពីរឿងចែកផ្លូវគ្នា ក្រោយលោកដឹងថាភរិយាលួចមានអ្នកថ្មី។ លោកថែមទាំងបានរើចេញពីផ្ទះដែលអ្នកទាំងពីរស្នាក់នៅរួមគ្នាទៀតផង។ ជាមួយគ្នាដែរ ទំនាក់ទំនងរបស់អ្នកទាំងពីរមិនមែនទើបតែរង្គោះរង្គើនោះទេគឺអ្នកទាំងពីរតែងតែឈ្លោះទាស់ទែងគ្នាអស់រយៈពេលជាច្រើនខែមកហើយ។ អ្វីដែលសំខាន់តារាស្រី Britney Spears តែងតែប្រើអំពើហិង្សា ខឹងវាយតប់ស្វាមីរាល់មានជម្លោះ ព្រមទាំងស្រែកខ្លាំងៗទៀតផង។

តែទោះជាយ៉ាងណាក្ដី ស្វាមីភរិយាមួយគូនោះមិនទាន់បានចេញមុខបកស្រាយថារឿងពិតវាទៅយ៉ាងណានោះឡើយ។ ស្របពេលវាក៏មិនមែនជាលើកទីមួយដែលអ្នកទាំងពីរមានព័ត៌មានឈ្លោះទាស់ទែងបែកបាក់គ្នា កាលពីខែ ឧសភា ឆ្នាំ ២០២៣ កន្លងទៅក៏ធ្លាប់លេចពាក្យចចាមអារ៉ាមម្ដងរួចទៅហើយថាអ្នកទាំងពីរកំពុងចង់លែងលះគ្នា។
គួរបញ្ជាក់ថា Britney Spears និងស្វាមី បានស្គាល់គ្នាកាលពីឆ្នាំ ២០១៦ កំឡុងពេលថតចម្រៀងរបស់ Britney Spears។ អ្នកទាំងពីរបានសម្រេចរៀបការជាមួយគ្នានៅខែ មិថុនា ឆ្នាំ ២០២២។ អ្នកទាំងពីរជាគូស្នេហ៍ដែលមានវ័យខុសគ្នារហូតដល់ទៅ ១២ ឆ្នាំ៕



























Account
Security
Favourite Content