កាលពីពាក់កណ្ដាលខែ វិច្ឆិកា ឆ្នាំ ២០២៣ តារាសម្ដែងប្រុសហុងកុងល្បី Benjamin Yeun បានប្រកាសដំណឹងល្អក្លាយជាឳពុករបស់គេ ដោយលោក និងភរិយា Bowie Cheung ទទួលបានចំណងដៃកូនប្រុសម្នាក់។
ថ្មីៗ នេះដែរ វាក៏ជាគម្រប់ខួបអាពាហ៍ពិពាហ៍រយៈពេល ៣ ឆ្នាំរបស់លោក និងភរិយា។ បើទោះជារវល់ក្នុងការថតរឿងភាគថ្មីរបស់ខ្លួន តារាប្រុសរូបនេះក៏នៅតែឆ្លៀតធ្វើដំណើរពីទីក្រុង ShenZhen មកកាន់ ហុងកុង វិញដើម្បីចំណាយពេលវេលាជាមួយភរិយា និងកូនតូច។
ទន្ទឹមនេះ តារាប្រុស Benjamin Yeun និងភរិយាក៏បានបង្ហោះរូបភាពជួបជុំគ្រួសារជាមួយស្នាមញញឹមយ៉ាងរីករាយ ព្រមទាំងបង្ហាញឲ្យឃើញរូបភាពកូនតូចទើបនឹងកើតនាពេលថ្មីៗ នេះផងដែរ។ ក្រៅពីនេះ ក៏បានភ្ជាប់ជាមួយពាក្យពេចន៍អបអរដល់គម្រប់ខួបអាពាហ៍ពិពាហ៍រយៈពេល ៣ ឆ្នាំ។ ភរិយារបស់លោកក៏បានលើកឡើងថា៖ អ្នកទាំងពីរប្រឹងជាមួយគ្នា ម្នាក់កំពុងប្រឹងធ្វើការ ម្នាក់កំពុងមើលថែទាំកូន។
ជាមួយគ្នាដែរ ភរិយារបស់លោកគឺ Bowie Cheung ត្រូវបានគេរាយការណ៍ថាជាកូនស្រីអ្នកមានស្ដុកស្ដម្ភម្នាក់នៅ ហុងកុង និងមានទ្រព្យសម្បត្ដិរាប់សិបលានដុល្លារក្នុងដៃ។ ជារឿយៗ តារាប្រុស រូបនេះតែងត្រូវគេរិះគន់ថា ពឹងផ្អែកលើទ្រព្យសម្បត្ដិភរិយា និងគ្មានការងារត្រឹមត្រូវ។ តែទោះជាយ៉ាងណា លោកបានបង្ហាញដល់មហាជនគ្រប់គ្នាថា លោកខិតខំប្រឹងប្រែងធ្វើការ និងសម្ដែងរឿងជាបន្ដបន្ទាប់ដើម្បីរកចំណូលយកមើលទាំងមើលថែភរិយា និងកូនតូច ដោយមិនពឹងផ្អែកលើទ្រព្យនរណាម្នាក់ឡើយ។
គួរបញ្ជាក់ថា តារាប្រុស Benjamin Yeun និងភរិយា Bowie Cheung បានរៀបការជាមួយគ្នាក្នុងឆ្នាំ ២០២០ ក្រោយពីសេពគប់គ្នាបានរយៈពេល ៣ ឆ្នាំ។ មង្គលការរបស់អ្នកទាំងពីរត្រូវបានរាយការណ៍ថា មានការចូលរួមតែពីក្រុមគ្រួសារ និងមិត្ដភក្ដិជិតស្និទ្ធប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ អ្នកទាំងពីរទទួលបានចំណងដៃកូនប្រុសម្នាក់៕