កាន់តែផ្ហែម! ជិតដល់ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ Baifern បង្ហោះរូបស្និទ្ធស្នាលជាមួយ Nine បង្ហាញពីទំនាក់ទំនងកាន់តែច្បាស់លាស់

នៅយប់ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២៣ តួឯកស្រីក្នុងរឿង “Friendzone” តារាស្រី Baifern បានធ្វើឱ្យអ្នកមហាជន និងអ្នកគាំទ្រលើសជាតិស្ករតែម្ដងដោយសារតែរូបនាងបានបង្ហោះរូបភាពជាមួយដៃគូសម្ដែងរបស់ខ្លួនតារាប្រុស Nine Napat ជាច្រើនសន្លឹក​សម្រាប់អបអរថ្ងៃបុណ្យក្ដីស្រឡាញ់ដែលមកដល់ឆាប់ៗខាងមុខ។

ក្នុងរូបភាពនោះបង្ហាញឱ្យឃើញនូវតារាប្រុសស្រីមួយគូនេះណាត់គ្នាទទួលទានអាហារពេលល្ងាចដ៏រ៉ូមែនទិក ថែមមាននូវបាច់ផ្កាដ៏ធំ​ពីរ និងមានប្រអប់កាដូទៀតផង។ នាងថែមទាំងភ្ជាប់ពាក្យពេចន៍បន្ថែមលើរូបភាពថា “My Valentine” ខណៈក្រោយបង្ហោះរូបនេះហើយភ្លាមក្រុមអ្នកគាំទ្របានចូលទៅបញ្ចេញមតិអបអរដល់ទំនាក់ទំនងតារាប្រុសស្រីទាំងពីរដែលផ្ដើមពីមិត្តក្លាយជាគូស្នេហ៍។

គួរបញ្ជាក់ថា កាលពីខែ វិចិ្ឆកា ឆ្នាំ ២០២២ តារាសម្ដែងប្រុស Nine Napat បានទម្លាយពីអារម្មណ៍របស់ខ្លួនថាស្រឡាញ់ចូលចិត្ដតារាស្រី Baifern ដែលជាដៃគូសម្ដែងរបស់ខ្លួន។ ក្រោយមកមិនបានប៉ុន្មាន Baifern ក៏បានបង្ហើបក្នុងបទសម្ភាសន៍ថាខ្លួនកំពុងមើលចិត្តថ្លើមគ្នា។

កាលពីមួយរយៈមុននេះដែរ រូបភាពដែលអ្នកទាំងពីរបានធ្វើដំណើរកម្សាន្ដទៅប្រទេសអង់គ្លេសជាមួយគ្នាក៏ត្រូវបានបង្ហោះជាសាធារណៈ និងបង្ហាញពីភាពផ្អែមល្ហែមធ្វើឱ្យអ្នកគាំទ្រច្រណែនគ្រប់ៗគ្នា៕