រយៈពេល ៦ខែបន្ទាប់ពីតារាចម្រៀង Ariana Grande ដាក់ពាក្យប្ដឹងលែងលះជាមួយស្វាមី Dalton Gomez នៅពេលនេះដំណើរការលែងលះរបស់ពួកគេបានបញ្ចប់ដាច់ស្រេចហើយ ដោយតុលាការបានតម្រូវឱ្យ Ariana បង់ប្រាក់ឱ្យអតីតស្វាមីរាប់លានដុល្លារឱ្យខាងស្វាមី ព្រមទាំងរ៉ាប់រងថ្លៃមេធាវី។


សាលក្រមបញ្ចប់អាពាហ៍ពិពាហ៍របស់អ្នកទាំងពីរត្រូវបានតុលាការកំពូលនៅទីក្រុង Los Angeles ប្រកាសផ្លូវការកាលពីថ្ងៃទី១៩ ខែមីនា ដោយយោងតាមឯកសារតុលាការបង្ហាញថាអ្នកទាំងពីរបានបែកគ្នាជាងមួយឆ្នាំមកហើយ។ ដោយសារពួកគេមានកិច្ចព្រមព្រៀងមុនរៀបការ គ្មានកូន និងមិនមានជម្លោះផ្លូវច្បាប់ផ្សេងៗទើបធ្វើឱ្យដំណើរការលែងលះអាចបញ្ចប់បានលឿន និងស្អាតស្អំតាមប្រព័ន្ធតុលាការ។
ក្រោមកិច្ចព្រមព្រៀង Ariana Grande នឹងបង់ប្រាក់តែមួយលើកចំនួន ១,២៥ លានដុល្លារទៅឱ្យ Dalton Gomez ដោយគ្មានប្រាក់ឧបត្ថម្ភនាពេលអនាគតឡើយ ហើយនឹងបែងចែកប្រាក់ចំណូលពីការលក់ផ្ទះនៅ Los Angeles របស់ពួកគេចំនួនពាក់កណ្ដាលឱ្យ Gomez ព្រមទាំងបង់ប្រាក់ ២៥០០០ ដុល្លារទៀតសម្រាប់ថ្លៃមេធាវី។ ដូចជាការលែងលះរបស់តារាភាគច្រើនដែរ បណ្ដឹងលែងលះរបស់ Grande បានលើកឡើងពីភាពខុសគ្នាមិនអាចផ្សះផ្សាគ្នាបានថាជាហេតុផលសម្រាប់ការចែកផ្លូវ។
តារាចម្រៀងស្រីវ័យ ៣០ឆ្នាំ និង Dalton Gomez ដែលជាអ្នកជំនួញអចលនទ្រព្យវ័យ ២៨ឆ្នាំបានចាប់ផ្ដើមមានទំនាក់ទំនងស្នេហានៅខែមករា ឆ្នាំ ២០២០ និងបានប្រកាសពីការភ្ជាប់ពាក្យរបស់ពួកគេនៅក្នុងខែធ្នូឆ្នាំនោះ។ ពួកគេបានរៀបការនៅក្នុងពិធីឯកជនតូចមួយនៅផ្ទះរបស់នាងក្នុងរដ្ឋ California នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១។
គួរបញ្ជាក់ដែរថា បន្ទាប់ពីព័ត៌មានចែកផ្លូវរបស់អ្នកទាំងពីរបែកធ្លាយ Ariana ក៏បានលុបរូបភាពទាំងអស់របស់ Dalton ចេញពីគណនី Instagram របស់ពួកគេ និងមានព័ត៌មានចុះផ្សាយផងដែរថានាងកំពុងសាងទំនាក់ទំនងស្នេហាថ្មីជាមួយតារាសម្ដែង Ethan Slater ដែលបានរួមការងារជាមួយនាងក្នុងភាពយន្ត “Wicked” ដែលត្រៀមចេញបញ្ចាំងនៅខែវិច្ឆិកាខាងមុខ ៕

























Account
Security
Favourite Content