តារាស្រីហុងកុង Aimee Chan និងស្វាមីលោក Moses Chan ត្រូវបានគេចាត់ទុកជាគូស្នេហ៍ផ្អែមល្ហែមមួយក្នុងវិស័យសិល្បៈហុងកុង។ ក្រោយរៀបការជិត ១០ ឆ្នាំអ្នកទាំងពីរនៅតែថែរក្សាចំណងអាពាហ៍ពិពាហ៍បានយ៉ាងល្អប្រសើរ និងថែមទាំងបង្ហាញភាពផ្អែមល្ហែមជាហូរហែផងដែរ។



មែនទែនទៅ ចាប់តាំងពីគូស្វាមីភរិយាមួយគូនេះចាប់ដៃគ្នាសាងគ្រួសារ តារាស្រី Aimee Chan ក៏បានផ្អាកការងារជាអ្នកសិល្បៈ ដោយនៅថែទាំគ្រួសារ និងកូនតូច។ ២០២៣ ជាឆ្នាំដែលនាងចាប់ផ្ដើមឈានជើងត្រឡប់ចូលមកកាន់វិថីសិល្បៈវិញ និងបង្ហាញមុខក្នុងរឿងភាគ “Romeo and His Butterfly Lover”។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ការត្រឡប់មកវិញលើកនេះតួឯកប្រុសដែលនាងចាប់ដៃសម្ដែងរួមគ្នាគឺជាស្វាមីរបស់នាងលោក Moses Chan តែម្ដង។
ក្នុងឱកាសត្រឡប់មកកាន់សិល្បៈវិញ តារាស្រី Aimee Chan ក៏បានទម្លាយពីអារម្មណ៍របស់ខ្លួនក្នុងបទសម្ភាសន៍ថា៖ នាងពិតជាប្រឈមនឹងបញ្ហាលំបាកមួយចំនួនកំលុងពេលសម្ដែង ដោយសារតែនាងត្រូវផ្ដោតលើគ្រួសារផង និងការសម្ដែងផង។ មួយវិញទៀត តួអង្គដែលនាងសម្ដែងលើកនេះពិតជាស្មុគស្មាញខ្លាំងជាងតួអង្គនាងធ្លាប់សម្ដែងកាលពីមុន។ ម៉្យាងទៀត តួអង្គមួយនេះគឺមានអត្ដចរិតមិនដូចនាងសូម្បីតែបន្ដិច វាជារឿងលំបាកមួយក្នុងការបត់បែនសម្ដែង។


ជាមួយគ្នាដែរ នាងក៏ឆ្លៀតអរគុណដល់ស្វាមីរបស់ខ្លួនលោក Moses Chan ដោយសារតែលោកពិតជាជួយរំលែកការងារនាងច្រើនខ្លាំង។ ក្រៅពីការថតវគ្គរបស់ខ្លួន ស្វាមីរបស់នាងបានជួយការងារផ្ទះ និងមើលកូនជំនួសនាង វាពិតជាសម្រួលច្រើនខ្លាំងដល់នាងក្នុងការថតរឿង និងធ្វើឲ្យនាងអាចផ្ដោតអារម្មណ៍បានល្អក្នុងការសម្ដែង។


នាងក៏បានរំឮកដល់កាលពីពេលដែលនាង និងស្វាមី មិនទាន់សេពគប់គ្នាជាសង្សារ មនុស្សជាច្រើនតែងតែនិយាយសរសើរពី Moses Chan នៅចំពោះមុខនាង។ គ្រប់គ្នាបានលើកឡើង លោកគឺជាមនុស្សងាយស្រួលចុះសម្រុង និងចេះយល់ទុក្ខធុរៈអ្នកដទៃ។ លើសពីនេះ សូម្បីតែអ្នកកាសែតនានាក៏តែងសរសើរពីអត្ដចរិតដ៏ល្អរបស់លោក។ នៅពេលនោះ ទោះមិនទាន់មានទំនាក់ទំនងស្និទ្ធស្នាល ប៉ុន្ដែនាងចាប់ផ្ដើមចាប់អារម្មណ៍លើស្វាមីរបស់ខ្លួន និងចង់ដឹងពីលោកផងដែរ។ ក្រោយមក អ្នកទាំងពីរមានឱកាសធ្វើការរួមគ្នា ទើបនាងដឹងថាលោកពិតជាមនុស្សល្អ និងគួរឲ្យចង់រាប់អានពិតមែន ជាពិសេស អ្នកទាំងពីរមានអត្ដចរិតស្រដៀងៗ គ្នា។ នេះហើយជាការចាប់ផ្ដើមនូវចំណងស្នេហ៍របស់អ្នកទាំងពីរ រហូតដល់បានចាប់ដៃគ្នាសាងគ្រួសារមកដល់បច្ចុប្បន្ន៕


























Account
Security
Favourite Content