The Voice Cambodia រដូវកាលទី៣ ដែលទើបបញ្ចប់នោះ បានរកឃើញម្ចាស់ពានហើយ គឺ លឹម សេរីហាន់នីកា។ មុនឈានមកដល់ជ័យជម្នះ កាលពី ៤ ឆ្នាំមុន ក្មេងស្រីរូបនេះក៏ធ្លាប់បរាជ័យកម្មវិធីលំដាប់ពិភពលោកមួយ ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ហង្សមាសដូចគ្នាដែរ។


៤ ឆ្នាំមុន សេរីហាន់នីកា បានចូលរួមប្រកួតនោះ គឺកម្មវិធី Cambodian idol junior ដែលគ្រានោះនាងបានធ្លាក់ត្រឹមវគ្គ semi final។ នីកា ចូលកាលប្រកួត Cambodian idol junior ទើបតែមានវ័យ ១១ ឆ្នាំតែប៉ុណ្ណោះ ដោយនោះជារដូវកាលទី១ ហើយវគ្គ Judge Audition សប្ដាហ៍ទី ៤ នាងបានលើកយកចម្រៀងបទ “ហត់ទេ ស្រលាញ់គេម្នាក់ឯង” មកច្រៀង ដែលគណៈកម្មការពេលនោះមាន ៣ រូប គឺកំពូលតារាចម្រៀង ព្រាប សុវត្ថិ, ឆន សុវណ្ណរាជ និងអ្នកនាង សុខ ស្រីនាង។
ទោះជា នីកា បកស្រាយបទចម្រៀងបានយ៉ាងល្អ រហូតបាន Yes ទាំង ២ ពី Judge ប៉ុន្តែមុននឹងទទួលបាន Yes ពី គណៈកម្មការ ដែលជាតារាចម្រៀង ឆន សុវណ្ណរាជ លោកបានលលេង រហូតនាងស្រក់ទឹកភ្នែក។ មិនត្រឹមផ្ដល់ Yes ប៉ុណ្ណោះទេ Judge ទាំង ៣ ក៏សរសើរសំឡេងដ៏ល្អរបស់ នីកា ដែរ។ ចូលមកដល់វគ្គបន្តបន្ទាប់ទៀតអ្នកខេត្តកំពង់ធំរូបនេះក៏នៅតែធ្វើបានល្អ តែគួរឲ្យសោកស្ដាយនាងធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

នីកា ធ្លាប់យំរៀបរាប់ ក្រោយពីធ្លាក់កម្មវិធីប្រឡង Cambodian idol junior ថាឪពុកមិនឲ្យមកប្រកួតទេ រហូតលួចមកដាក់ពាក្យប្រកួតម្នាក់ឯង។ សម្រាប់ហេតុផលដែលឪពុក នីកា មិនឲ្យចូលរួមប្រកួត ព្រោះខ្លាចប្រឡងមិនជាប់ធ្លាក់ខ្មាសគេ ម្យ៉ាងទៀតលោកមិនធ្លាប់ឮកូនស្រីច្រៀងឡើយ តែម្ដាយជំរុញទឹកចិត្ត ព្រោះធ្លាប់ស្ដាប់កូនច្រៀង។ រឿងដ៏ហួសចិត្តមួយទៀត គឺ យុវតីរូបនោះ មកប្រកួត ចម្រៀង តែចេះច្រៀងតែមួយបទ “ហត់ទេ ស្រលាញ់គេម្នាក់ឯង” គត់។
មិនបោះបង់ក្ដីស្រមៃ ពេលកម្មវិធី The Voice Cambodia រដូវកាលទី៣ ចាប់ផ្ដើមប្រកាសរើសបេក្ខភាពប្រកួត លឹម សេរីហាន់នីកា បានត្រឡប់មកចូលប្រកួតម្ដងទៀត។ បើទោះជាទទួលបានតែ ១ កៅអីពី coach ពេជ្រ សោភា តែនាងធ្វើបានល្អ រហូតចូលដល់វគ្គ Live Show សេរីហាន់នីកា ធ្វើឲ្យទស្សនិកជន និង Coach ដទៃទៀតភ្ញាក់ផ្អើលជាមួយសមត្ថភាពថ្មីក្នុងការបកស្រាយចម្រៀង “ក្ដាមស្រែ” មួយបទ ច្រើនរសជាតិផ្សេងគ្នា។ មិនចប់ត្រឹមនេះឡើយបទ “ក្ដាមស្រែ” ដែលច្រៀងក្នុងវគ្គ Live Show របស់ សេរីហាន់នីកា នោះក៏បានជាប់ “Best of The Week ” ក្នុងឆានែលអន្តរជាតិ «Best Of The Voice» ដែលមានអ្នក Subscribers 3,96 M។



ឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ យុវតីវ័យ ១៦ ឆ្នាំរូបនោះ ត្រូវមកប្រកួតទាំងមានជំងឺគ្រុនពោះវៀន តែមិនមែនជាឧបសគ្គសម្រាប់នាងឡើយ ដោយនាងនៅតែអាចទទួលជ័យជម្នះឆ្លងទៅវគ្គផ្ដាច់ព្រ័ត្រ។ នៅថ្ងៃផ្ដាច់ព្រ័ត្រទោះជាត្រូវច្រៀងចម្រៀងច្រើនបទ ក៏ នីកា បន្តធ្វើល្អ រហូតបានឈ្នះបេក្ខភាព ៣ រូបផ្សេងទៀត ក្លាយជាម្ចាស់ពាន The Voice Cambodia រដូវកាលទី៣៕





























































Account
Security
Favourite Content