Influencer ហេង វិសាល មានគោលការណ៍មិនទទួលផ្សព្វផ្សាយ ល្បែងស៊ីសង និងគ្រឿងស្រវឹង

ព្រឹកមិញនេះ Influencer ល្បីឈ្មោះ ហេង វិសាល ដែលគ្រប់គ្នាស្គាល់ថាជាគូដណ្តឹងរបស់ កញ្ញា ជា ស្រីនា បានរៀបរាប់រឿងហួសចិត្តមួយលើទំព័រហ្វេសប៊ុកផ្លូវការ ពេលឃើញរូបថតរបស់ខ្លួនឯងនៅលើផ្ទាំងផ្សព្វផ្សាយល្បែង ស៊ីសង Online មួយ ដែលវាពិតជាធ្វើឱ្យលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែក្រុមហ៊ុនទាំងនោះហ៊ានយករូបភាពលោកទៅប្រើប្រាស់ផ្សព្វផ្សាយល្បែងស៊ីសងយ៉ាងដូច្នេះ។

ក្នុងសំណេរខាងលើ content creator កំពុងល្បីឈ្មោះរូបនេះ បានប្រកាសឱ្យដឹងថា ការពិតគឺលោកមានគោលការណ៍មិនទទួលផ្សព្វផ្សាយ ល្បែងស៊ីសង និងគ្រឿងស្រវឹង នោះទេ ដូច្នេះប្រសិនបើក្រុមហ៊ុននោះបានឃើញ សូមមេត្តាលុបចេញជាបន្ទាន់។

ហេង វិសាល រៀបរាប់ថា «ព្រឹកមិញនេះមិត្តភក្តិរបស់ខ្ញុំបានផ្ញើររូបមួយមកខ្ញុំ ដែលមានរូបខ្ញុំនៅលើផ្ទាំងផ្សព្វផ្សាយល្បែង សុីសង Online ខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែក្រុមហ៊ុនទាំងនោះបានហ៊ានយករូបភាពរបស់ខ្ញុំទៅប្រើប្រាស់ផ្សព្វផ្សាយល្បែងសុីសងយ៉ាងនេះ បើឃើញសូមមេត្តាលុបចេញជាបន្ទាន់។ សម្រាប់ខ្ញុំផ្ទាល់ គោលការណ៍របស់ខ្ញុំគឺខ្ញុំមិនទទួលផ្សព្វផ្សាយ ល្បែងសុីសង ក៏ដូចជាគ្រឿងស្រវឹងនោះទេ។ អរគុណ»

ស្របគ្នាជាមួយការរៀបរាប់ខាងលើនេះ វិសាល ក៏បាន Comment ឱ្យដឹងថា កាលពី ៤-៥ឆ្នាំ មុន លោកធ្លាប់បានចូលរួមជាមួយកម្មវិធីមួយដែលមានការឧបត្ថម្ភពីគ្រឿងស្រវឹង ក្នុងន័យផ្សព្វផ្សាយកន្លែងទេសចរណ៍ស្រុកយើង តែចាប់ពីពេលនោះមកលោកមានវិប្បដិសារី និងមានអារម្មណ៍ថាខុស ទើបបង្កើតគោលការណ៍ផ្ទាល់ខ្លួនតែម្តងទៅ៕