2PM ជាក្រុមចម្រៀងបុរសខេប៉ុបដ៏ល្បីមួយ ទោះជាកន្លងផុតទៅច្រើនឆ្នាំបទចម្រៀងពីរោះៗ ដូចជា Again & Again, I Hate You, Hand Up, Going Crazy និងផ្សេងៗទៀតនៅតែដកចិត្តអ្នកគាំទ្រខេប៉ុនជាច្រើន។ មែនទែនទៅ សកម្មភាពជាក្រុមចុងក្រោយបំផុតនៅឆ្នាំដើមឆ្នាំ ២០២១ ក្រោយចេញអាល់ប៊ុម “MUST” ខណៈសមាជិក Chansung និង Taecyeon ប្រកាសចេញពីផលិតកម្ម JYP ក្នុងឆ្នាំដដែល។

ការខកខានចេញចម្រៀងជុំគ្នាពិតជាធ្វើឱ្យអ្នកគាំទ្រជាច្រើនហាក់មានការនឹកនាស្របពេលដែលសមាជិកគ្រប់រូបរវល់រៀងៗ ខ្លួនជាមួយសកម្មភាពទោលរបស់ខ្លួនដូចជាធ្វើជាតារាសម្ដែង និងតារាចម្រៀងទោល។ ស្របពេលជាមួយគ្នាដែរ នៅថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២៣ ប្រភពព័ត៌មានកូរ៉េ Star News បានឱ្យដឹងថា ក្រុមចម្រៀង 2PM នឹងត្រៀមត្រឡប់មកជួបជុំគ្នាម្ដងទៀតដើម្បីធ្វើការប្រគំតន្ដ្រីធំមួយនៅខែ សីហា ឬ ខែ កញ្ញា ឆ្នាំ ២០២៣ ខាងមុខ។

តាមការបញ្ជាក់ពីខាងផលិតកម្ម JYP បានឱ្យដឹងដែរថា៖ ក្រុមហ៊ុនពិតជាមានគម្រោងធ្វើការប្រគំតន្ដ្រីធំមួយសម្រាប់ការជួបជុំរបស់ក្រុមចម្រៀងបុរស 2PM ប៉ុន្ដែមិនទាន់អាចប្រាប់បាននោះទេថា ការប្រគំតន្ដ្រីនឹងធ្វើឡើងនៅពេលណាព្រោះស្ថិតក្នុងដំណាក់ការរៀបចំនៅឡើយ។ នៅពេលដែលមានព័ត៌មានច្បាស់លាស់នឹងប្រកាសប្រាប់អ្នកគាំទ្រ និងមហាជនជាមិនខាន។ លើសពីនេះ អាចនឹងមានដំណឹងល្អទាក់ទិននឹងការចេញចម្រៀងថ្មីដែរ ប៉ុន្ដែមិនទាន់អាចបញ្ជាក់ជាផ្លូវការទេ។ ដូច្នេះកុំភ្លេចរង់ចាំទាំងអស់គ្នា៕
























Account
Security
Favourite Content