ថ្មីៗនេះនៅក្នុងកម្មវិធី JOSHINHAGAE ដែលមានអ្នកសម្រមសម្រួល Jo Kwon សមាជិកក្រុម 2AM និងតារាកិត្តិយស Yoo Ji Ae និង Jeong Ye In សមាជិកក្រុមចម្រៀងនារី Lovelyz បានធ្វើឱ្យអ្នកគាំទ្រជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំងក្រោយពួកគេចែករំលែកពីបទពិសោធន៍សិល្បៈរៀងៗខ្លួន។
ក្នុងកម្មវិធីក៏មានហ្គេមឱ្យតារាកិត្តិយសចួលរួមលេងផងដែរដោយពេលនោះតម្រូវឱ្យ Yoo Ji Ae ជ្រើសរើសរវាងប្រើពេល “២៤ ម៉ោងសម្រាប់យំ” ឬ “២៤ ម៉ោងសម្រាប់ខឹង”។ ជាលទ្ធផលនាងជ្រើសរើសយក “២៤ ម៉ោងសម្រាប់ខឹង” ដោយសារវាពិតជាពិបាកសម្រាប់នាងក្នុងការយំគ្រប់ពេលបែបនេះ សូម្បីតែមើលរឿងកម្សត់ខ្លាំងក៏នាងមិនបានយំដែរ។ ប៉ុន្តែពេលដែលក្រុម Lovelyz ឈ្នះពានរង្វាន់លើកដំបូង នាងពិតជាទប់ទឹកភ្នែកមិនបានឡើយក្រោយឃើញក្រុមអ្នកគាំទ្ររបស់ខ្លួនរំភើបដល់ថ្នាក់យំបែបនេះ។


ស្របពេលនោះ Jo Kwon ក៏បាននឹកទៅដល់ពេលដែលលោក និងសមាជិកក្រុម 2AM បានឈ្នះពានរង្វាន់លើកដំបូងបង្អស់ជាមួយនឹងបទចម្រៀង “Can’t Let You Go even If I Die” ដោយលោកបានយំខ្លាំងមែនទែនរហូតដល់វិះនឹងសន្លប់ទៅហើយ។ ហេតុផលដែលធ្វើឱ្យលោកយំខ្លាំងនៅពេលនោះ គឺដោយសារតែបទចម្រៀងរបស់ 2AM ត្រូវបានដាក់ប្រកួតប្រជែងជាមួយនឹងបទ “Oh” របស់ក្រុម Girl’s Generation ដែលជាក្រុមឈានមុខក្នុងវិស័យខេប៉ុប ដូច្នេះហើយពួកលោកមិនមានសង្ឃឹមសូម្បីតែបន្ដិចថាអាចនឹងយកឈ្នះឡើយ។

មិនត្រឹមប៉ុណ្ណេះ លោកយល់ថាការឈ្នះពានរង្វាន់ជាលើកដំបូងរបស់ 2AM ហាក់ដូចជាមកយឺតបន្ដិច ហើយជារឿយៗពួកលោកត្រូវបានគេយកទៅប្រៀបធៀបជាមួយនឹងក្រុមចម្រៀង 2PM ដែលពេលនោះលោកមានអារម្មណ៍ថាពិបាក និងមានសម្ពាធមែនទែន។ មួយវិញទៀតដោយសារតែក្រុម 2PM មិនមែនត្រឹមតែក្រុមខេប៉ុបតែមួយមុខឡើយ ពោលគឺសមាជិកខ្លះគឺតារាសម្ដែង ដូច្នេះទើបធ្វើឱ្យពួកគេទទួលបានការចាប់អារម្មណ៍ច្រើនជាងក្រុម 2AM។
គួររំឭកផងដែរថា ក្រុម 2AM បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០០៨ ហើយបានឈ្នះពានរង្វាន់កម្មវិធីតន្ត្រីលើកដំបូងនៅក្នុងកម្មវិធី Inkigayo របស់ SBS ក្នុងខែកុម្ភៈ ឆ្នាំ ២០១០ ជាមួយនឹងបទ “Can’t Let You Go even if I Die”។ ពួកគេបានដើរផ្លូវផ្សេងគ្នាបន្ទាប់ពីផុតកុងត្រាក្នុងឆ្នាំ ២០១៥ ប៉ុន្តែបានជួបគ្នាវិញនៅឆ្នាំ ២០២២ និងបន្តសកម្មភាពជាក្រុមពេញលេញ៕






















































Account
Security
Favourite Content