YouTuber ល្បីឈ្មោះ Mr. Beast បង្ហើបពីកំណត់ត្រាពិភពលោកដែលខ្លួនបានបំបែកចំនួន ៤០នៅក្នុងកម្មវិធីប្រកួតប្រជែង Beast Game ដែលនឹងចាប់ផ្កើមចាក់ផ្សាយចាប់ពីថ្ងៃទី១៩ ខែធ្នូនេះតទៅ។

ក្រោយពីទទួលបានជោគជ័យខ្លាំងក្នុងនាមជាម្ចាស់គណនីដែលមានអ្នកតាមដានច្រើនបំផុតនៅលើយូធូបចំនួន ៣៣៧លាននាក់ ពេលនេះ Mr. Beast បានចាប់ផ្ដើមប្រឡូកនៅក្នុងវិស័យទូរទស្សន៍តាមរយៈការផលិតកម្មវិធីកម្សន្ត Beast Game ដែលនឹងចាក់ផ្សាយផ្ដាច់មុខនៅលើ Amazon Prime។
ជាថ្មីម្ដងទៀត កាលពីថ្ងៃទី១៧ ខែធ្នូ នេះ YouTuber ដែលឈ្មោះដើមថា Jimmy Donaldson បានបង្ហោះបង្អួតពីកំណត់ត្រាពិភពលោករបស់ខ្លួន ដើម្បីរាប់ថយក្រោយមុនថ្ងៃដែលកម្មវិធីនឹងចាក់ផ្ដើមចាក់ផ្សាយ។ ត្បិតមិនទាន់បញ្ជាក់ពីព័ត៌មានលម្អិតពីកំណត់ត្រានីមួយៗក៏ពិតមែន កន្លងមកលោកធ្លាប់បានបង្ហើបខ្លះៗទៅហើយថា នៅក្នុងកម្មវិធីទាំង ១០ភាគនេះ លោកបានបំណែកកំណត់ត្រាពិភពលោកថ្មីសរុបចំនួន ៤០ផ្សេងគ្នា។

បើយោងតាមការបង្ហោះរបស់លោកនៅលើគណនី X កាលពីចុងខែវិច្ឆិកានេះ ៥ ក្នុងចំណោមកំណត់ត្រាទាំងអស់ រួមមានកំណត់ត្រាជាកម្មវិធីមានប្រាក់រង្វាន់ច្រើនបំផុតនៅលើពិភពលោកចំនួន ៥លានដុល្លារ, បេក្ខភាពចូលរួមប្រកួតច្រើនបំផុតចំនួន ១០០០នាក់, ប្រើប្រាស់កាំមេរ៉ាថតច្រើនបំផុត, ការផ្ដល់កាដូជាទឹកប្រាក់នៅក្នុងភាគដំបូងច្រើនបំផុត និងការផ្ដល់កាដូជាកោះដ៏ធំបំផុតមួយផងដែរ។
គួររំឭកផងដែរថា Amazon បានប្រកាសពីការផលិតកម្មវិធីប្រកួតនេះតាំងតែពីខែមីនា ដើមឆ្នាំនេះ ដោយប្រើប្រាស់ពាក្យថា “កម្មវិធីកម្សាន្តដ៏ធំបំផុតនៅលើពិភពលោក”។ Beast Game ចាប់ផ្ដើមចាក់ផ្សាយពីថ្ងៃទី១៩ ខែធ្នូនេះ រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយកម្មវិធីទាំង ១០ភាគនឹងប្រើប្រាស់ល្បែងកម្សាន្តចំនួន ៤១ ដើម្បីចម្រាញ់យកអ្នកឈ្នះតែម្នាក់ប៉ុណ្ណោះដើម្បីទទួលបានប្រាក់រង្វាន់ដ៏មហាសាល៕























































Account
Security
Favourite Content