សម្រាប់អ្នកដែលចូលចិត្តទស្សនាវីដេអូបង្ហាញក្បាច់រាំច្បាស់ជាស្គាល់ Lia Kim ស្ថាបនិក 1Million Dance Studio និងជាអ្នកបង្កើតក្បាច់រាំដ៏ល្បីល្បាញម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង។ ជាមួយនឹងការបង្ហាញខ្លួននៅក្នុង Street Woman Fighter 2 របស់ Mnet កាន់តែធ្វើឱ្យនាងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងបន្ថែមទៀត។


កាលពីថ្ងៃទី១ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ Lia Kim បានបង្ហាញខ្លួនក្នុងកម្មវិធីវិទ្យុដ៏ពេញនិយម Cultwo Show របស់ SBS Radio រួមជាមួយនឹង Bada Lee អ្នកដឹកនាំក្រុម BEBE និង Mannequin អ្នកដឹកនាំ Funky Y ដោយអ្នកទាំងបីបានផ្ដល់បទសម្ភាសទាក់ទងនឹងការចូលរួមប្រកួតក្នុងកម្មវិធី Street Woman Fighter 2។



ក្នុងពេលនោះ នាងត្រូវបានអ្នកគាំទ្រម្នាក់សួរថាតើវាជាការពិតដែរទេដែល Lia Kim មានរបបអាហារដ៏តឹងរ៉ឹងត្រឹមញ៉ាំអាហារតែមួយពេលប៉ុណ្ណោះក្នុងមួយថ្ងៃដោយសំណួរមួយនេះបានធ្វើឱ្យអ្នកនៅក្នុងស្ទូឌីយ៉ូទាំងអស់ភ្ញាក់ផ្អែលមែនទែន។
បន្ទាប់នាងក៏បានបញ្ជាក់ដែរថាវាគឺជាការពិត ហើយនាងចាប់ផ្ដើមធ្វើវានៅពេលដែលនាងបានសៀវភៅចំកន្លែងនិយាយថាការញ៉ាំអាហារតែម្ដងក្នុងមួយថ្ងៃមានប្រយោជន៍ណាស់សម្រាប់រាងកាយ។ ដូច្នេះការញ៉ាំអាហារច្រើនដងនឹងធ្វើឱ្យនាងមានអារម្មណ៍ថាធ្ងន់ខ្លួនជាងមុន។

Lia Kim ក៏បានបន្តថាជារឿយៗមានមនុស្សជាច្រើនព្រមទាំងមិត្តភក្ដិព្រួយបារម្ភអំពីទម្លាប់នៃការញ៉ាំរបស់នាង និងឆ្ងល់ថាតើនាងមានថាមពលគ្រប់គ្រងដែរទេ នៅពេលដែលនាងញ៉ាំតិចបែបនេះ តែត្រូវបញ្ចេញថាមពលខ្លាំងក្នុងការរាំ។ ហើយនាងក៏បានឆ្លើយតបថាប្រសិនបើនាងញ៉ាំអាហារច្រើនដងនឹងធ្វើឱ្យនាងពិបាករាំទៅវិញទេ។


អ្នករាំវ័យ ៣៩ ឆ្នាំរូបនេះបានបញ្ជាក់បន្ថែមដែរថាអាហារចម្បងដែលនាងញ៉ាំម្ដងក្នុងមួយថ្ងៃនោះគឺផ្ដោតទៅសាច់ បន្លែ ផ្លែឈើមានប្រូតេអ៊ីនខ្ពស់ ហើយនាងមិនសូវញ៉ាំកាបូអ៊ីដ្រាតច្រើននោះទេ។ ក្នុងន័យនេះមិនមែនមានន័យថានាងបង្អត់ខ្លួនឯងពេញមួយថ្ងៃទុកឱ្យឃ្លានខ្លាំងនោះទេដោយក្រៅពីអាហារសំខាន់ហើយ នាងក៏បានញ៉ាំអាហារសម្រន់ដូចជាផ្លែឈើផងដែរ។

អ្វីដែលធ្វើឱ្យអ្នកនៅក្នុងស្ទូឌីយ៉ូទាំងអស់កាន់តែភ្ញាក់ផ្អើលខ្លាំងជាងនេះទៅទៀតនោះគឺ Lia Kim បានប្រាប់ថាខ្លួនបានអនុវត្តរបបអាហារបែបនេះអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ ប៉ុន្តែមិនមែនគ្មានករណីលើកលែងនោះទេ នៅពេលដែលចាំបាច់ ឬជួបជុំគ្នា នាងនៅតែញ៉ាំជាមួយគេដដែល។ ខណៈពេលដែលរបបអាហារមួយនេះតឹងរ៉ឹងខ្លាំងសម្រាប់អ្នកដទៃ តែសម្រាប់ Lia Kim ពិតជាមានអត្ថប្រយោជន៍ខ្លាំងទាំងសុខភាព និងសម្រស់៕






















































Account
Security
Favourite Content